ជីវភាព​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ស្វាយ​ជ្រុំ​ខេត្ត​ស្វាយរៀង

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជិនសារ ឃុំ​ពោធិ៍​រាជ្យ ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង បាន​សម្ដែង​ភាព​ខ្វាយ​ខ្វល់​ថា ពួក​គាត់​កំពុង​ដាច់​ស្បៀង​មិន​មាន​អាហារ​ទទួល​ទាន​គ្រប់​គ្រាន់​ដោយសារ​ពួក​គាត់​អត់​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។

0:00 / 0:00

ស្រ្តី​វ័យ​៥៦​ឆ្នាំ ឈ្មោះ ស៊ឺន ដែល​កំពុង​អង្គុយ​កំដរ​ម្តាយ​ឈឺ​បាន​ត្អូញ​ត្អែរ​ថា ពួក​គាត់​អត់​មាន​ដី​សម្រាប់​ធ្វើ​ស្រែ ហើយ​ធ្លាក់​ខ្លួន​ឈឺ​ទាំង​ពីរ​នាក់​ទៀត មិន​ត្រឹម​តែ​អត់​មាន​លុយ​ព្យាបាល​ជំងឺ​ទេ អង្ករ​ក៏​គ្មាន​សម្រាប់​ដាំ​បាយ​ហូប​ដែរ ប៉ុន្តែ​បាន​អ្នក​ជិត​ខាង​បាន​ឲ្យ​អង្ករ​បាន​ប្រមាណ ២​គីឡូក្រាម​ដែរ។

ស្ត្រី​ឈ្មោះ ស៊ឺន រៀបរាប់​ដូច្នេះ​ថា ៖ «ខ្វល់​ណាស់ ព្រួយ​ណាស់ ប៉ុន្តែ​មិន​ដឹង​ស្ទុះ​ទៅ​ណា​នឹង​រួច បើ​ដំណើរការ​យើង​ប៉ុណ្ណឹង​ហើយ។ វា​ភ័យ​ហួស​ពី​ភ័យ​ហើយ​រាល់​ថ្ងៃ នឹក​ឃើញ​ថា ម៉ែ​ក៏​ចាស់ ខ្លួន​ខ្ញុំ​ក៏​ឈឺ មិន​ដឹង​បាន​ស្អី​ទេ ដេក​ដួល​ទាំង​អស់​គ្នា​មិន​ដឹង​បាន​ស្អី​មើល​ខ្លួន។ ទម្រាំ​តែ​គេ​ដឹង គេ​មក​ដឹង ឈឺ​ទាំង​អស់​គ្នា​អ៊ីចឹង​ហើយ ទៅ​ណា​មិន​រួច​អ៊ីចឹង​ទៅ បាន​គេ​ប្រាប់ៗ​គ្នា​ទៅ​បាន​គេ​ផ្ដល់​មក បី​បួន​កំប៉ុង បួន​ប្រាំ​កំប៉ុង​ម្នាក់​គ្រប់​គ្នា​ទៅ បាន​ៗ​ហូប។ ខ្ញុំ​ក៏​មិន​មែន​អ្នក​ជា​អ្នក​ចំណាប់​ដែរ សរសៃ​ដៃ សរសៃ​ជើង​ខ្ញុំ​នៅ​ទាញ​នៅ​ឡើយ​ទេ ហើម​ក្នុង​ពោះ ចេះ​តែ​កើត​រោគ​ខ្យល់ ខ្ញុំ​ពិបាក​ណាស់​រាល់​ថ្ងៃ វា​កម្សត់​ហួស​និយាយ។ ចៅ​មួយ​គ​ថ្លង់ ហើយ​ពិការ​ជើង​ទៀត ហើយ​ក៏​មិន​ដែល​នៅ​ផ្ទះ​ដែរ»

ភាព​ក្រីក្រ305b
ផ្ទះ​របស់​ពលរដ្ឋ​នៅ​ភូមិ​ជិនសារ​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។ (RFA/Sophorn)

ស្ត្រី​មេ​ផ្ទះ​ម្នាក់​ទៀត​រស់​នៅ​ក្នុង​ភូមិ​ជិនសារ ឈ្មោះ សុផល បាន​រៀបរាប់​ថា គាត់​មាន​កូន​៦​នាក់​ក្នុង​បន្ទុក ធ្លាប់​មាន​ដី​ស្រែ ៣០​ម៉ែត្រ​ការ៉េ​ដែរ ប៉ុន្តែ​ដោយសារ​តែ​គាត់​ឈឺ​ក៏​បាន​លក់​ដើម្បី​យក​លុយ​មើល​ជំងឺ។ ស្ត្រី​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​គាត់​បាន​ប្រកប​មុខ​របរ​ចាក់​ទ្រនាប់​ឆ្នាំង​លក់ ប៉ុន្តែ​មិន​អាច​រក​លុយ​ទិញ​អង្ករ​បាន​ហូប​គ្រប់​គ្រាន់​ទេ ៖ «រឿង​អង្ករ​ខ្វះ​រាល់​ថ្ងៃ ជួន​កាល​ដាច់ បបរ​ដែរ គ្មាន​អង្ករ​ដើរ​ខ្ចី​បង​ប្អូន​ខ្លះ​ដែរ ត្រូវ​អត់​ដាច់​មួយ​ពេល​ពីរ​ពេល​ដែរ​ហ្នឹង»

ប្រធាន​ភូមិ​ជិនសារ លោក នង ហម ទទួល​ស្គាល់​ថា ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​ខាង​លើ រស់​នៅ​ក្នុង​សភាព​លំបាក​លំបិន​ពិត​មែន ពី​មុន​មក​លោក​ក៏​ធ្លាប់​ជួយ​អង្ករ​ខ្លះៗ​ដែរ ប៉ុន្តែ​រយៈពេល​ជាង​១​ខែ​មក​ហើយ​លោក​មិន​ដែល​បាន​ទទួល​ព័ត៌មាន​ពី​គ្រួសារ​នេះ​ទេ។

ប្រធាន​ភូមិ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​ទាំង​អស់​មាន​ចំនួន ១១៩​គ្រួសារ ហើយ​ជាង​២០​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត។

លោក នង ហម ថ្លែង​ដូច្នេះ​ថា ៖ «យើង​ចង់​ជួយ​ពួក​គាត់​ដែរ​រាល់​ថ្ងៃ ជួយ​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឲ្យ​គាត់​មាន​ផ្ដល់​ជា​ទុន​អី ពង្រីក​ជា​សិប្បកម្ម​រក​ស៊ី​សម្រាប់​គ្រួសារ​គាត់ ដូច​ជា​ចិញ្ចឹម​មាន់ ធ្វើ​សិប្បកម្ម​ផ្សេងៗ ពួក​គាត់​ច្រើន​ព្រងើយ​កន្តើយ​ដែរ អាង​សំណង់​ភ្នំពេញ ហើយ​ដល់​នៅ​ភ្នំពេញ​អស់​ការងារ​ទៅ នៅ​បញ្ឈរ​ជើង»

មន្ត្រី​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ស្វាយរៀង អ្នកស្រី កើត ផល្លី បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជិនសារ​នេះ​មាន​ជីវភាព​ក្រីក្រ​ណាស់ ដោយ​ពួក​គាត់​ភាគ​ច្រើន​អត់​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ចំណែក​ឯ​អ្នក​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ​មាន​ទំហំ​ដី​តិច​ពេក។

ប្រធាន​ភូមិ​ជិនសារ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ទាំង​មូល​របស់​ភូមិ​មាន​ចំនួន ១០៩​ហិតារ​ចំណែក​ដី​សម្រាប់​កសិកម្ម​មាន​ចំនួន ៧២​ហិកតារ រីឯ​ប្រជា​ពលរដ្ឋ​មាន​ចំនួន ១១៩​គ្រួសារ ដែល​មាន​មនុស្ស​សរុប​ចំនួន ៦១១​នាក់។ លោក​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ចិញ្ចឹម​ជីវិត។

លោក នង ហម មាន​ប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ ៖ «មួយ​គ្រួសារ​ចែក​កន្លង​មក កាល​ហ្នុង​ចែក​បាន​ពីរ​ថ្នាក់ កាល​ហ្នុង​មនុស្ស​វា​តិច ចែក​បាន​ម្នាក់ ២៧​អារ កម្លាំង​ពេញ ចាប់​ពី​អាយុ ១៨​ឡើង។ ដល់​ពេល​ចាប់​ពី​អាយុ ១៨​ចុះ បាន ១៥​អារ​ក្នុង​ម្នាក់ ហើយ​មួយ​គ្រួសារ​មាន​គ្នា ២​នាក់ ៣​នាក់ ហើយ​គ្រួសារ​វា​តិច​មាន​ត្រឹម ៧០​គ្រួសារ​កាល​នៅ​ចែក​ដី ដល់​ឥឡូវ​វា​កើន​ឡើង»

ភាព​ក្រីក្រ305c
ផ្ទះ​អ្នក​ក្រ​នៅ​ស្រុក​ស្វាយជ្រុំ​ខេត្ត​ស្វាយ​រៀង។

ពាក់ព័ន្ធ​នឹង​ការ​ខ្វះខាត​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ជិនសារ​នេះ អភិបាល​ស្រុក​ស្វាយជ្រុំ លោក អ៊ុយ ថន មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ភូមិ​ឃុំ​ខាង​លើ​នេះ រួច​ទើប​លោក​ថា ត្រូវ​មាន​វិធានការ​យ៉ាង​ណា ៖ «ស្អែក​ខ្ញុំ​ទៅ​ហើយ ចាំ​មើល​ស្អែក​មើល៍ ទៅ​ឃុំ​ហ្នុង​ហើយ»

អភិបាល​ខេត្ត​ស្វាយរៀង លោក ជាង អំ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ពិបាក​ក្នុង​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ព្រោះ​មនុស្ស​ក្នុង​គ្រួសារ​នីមួយៗ​ចេះ​តែ​កើន​ឡើង ប៉ុន្តែ​ដី​ស្រែ​តែ​ថយ​ចុះ​ដោយ​ពួក​គាត់​ខ្លះ​យក​ដី​ស្រែ​ទៅ​លក់​អស់។

លោក​បន្ត​ថា រដ្ឋ​មាន​ដី​សម្បទាន​សម្រាប់​ឲ្យ​ពួក​គាត់​ដែរ ប៉ុន្តែ​ដី​ទាំង​នោះ​នៅ​ឆ្ងាយ ប្រសិន​បើ​ពួក​គាត់​ដែល​ខ្វះ​ខាត​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ហើយ​ចង់​បាន​ដើម្បី​ធ្វើ​ស្រែ​នោះ​គាត់​អាច​ទាក់​ទង​ទៅ​ភូមិ​ឃុំ​បាន ៖ «មធ្យោបាយ​យើង​ធ្វើ​ម៉េច​ដី​តិច ប៉ុន្តែ​ឲ្យ​បាន​ទិន្នផល​ខ្ពស់»

ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ខាត​និង​អ្នក​ជំងឺ​អត់​មាន​លុយ​ព្យាបាល​នៅ​ក្នុង​ភូមិ​ជិនសារ នាយិកា​របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​អាច​ជួយ​ផ្តល់​ថវិកា​បាន​ខ្លះ និង​ផ្តល់​ការ​ព្យាបាល​ដល់​ប្រជា​ពលរដ្ឋ​រូប​នោះ ៖ «ទី​១ ធ្វើ​ម៉េច​ឲ្យ​គាត់​មក​ដល់​កន្លែង​យើង​ទៅ យើង​នឹង​ជូន​សោហ៊ុយ​គាត់ ហើយ​ឲ្យ​គ្រូ​ពេទ្យ​លីកាដូ មើល​ជំងឺ​ហ្នឹង ហើយ​សម្រេច​ទៅ​ថា​តើ​លោកគ្រូ​ពេទ្យ​អាច​មើល​ជំងឺ​ខាង​ក្រៅ​បាន​ទេ ឬ​ក៏​គ្រូ​ពេទ្យ​ត្រូវ​យក​​អ្នក​ជំងឺ​ហ្នឹង​យក​ទៅ​ដាក់​ពេទ្យ​រដ្ឋ​អី​អ៊ីចឹង​ទៅ ហើយ​យើង​អ្នក​ទទួល​ខាង​សោហ៊ុយ»

បើ​តាម​តំណាងរាស្ត្រ​និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ធ្លាប់​មាន​ប្រសាសន៍​ថា ដោយសារ​តែ​​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា រដ្ឋាភិបាល​ក៏​មាន​វិធានការ​ទប់​ស្កាត់ ដោយ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ប្រជា​កសិករ​ដោយ​គិត​ការ​ប្រាក់​ទាប​បំផុត ក្នុង​គោល​បំណង​ឲ្យ​កម្មករ និង​ប្រជា​កសិករ​មាន​ដើម​ទុន​ដើម្បី​ប្រកប​មុខ​របប​ក្នុង​ការ​ដោះស្រាយ​ជីវភាព​គ្រួសារ។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​កសិករ​វិញ បញ្ជាក់​ថា ពួក​គេ​គ្មាន​សូម្បី​តែ​ព័ត៌មាន​អំពី​រឿង​នេះ ហើយ​បើ​មាន​មែន អ្នក​ដែល​អាច​ខ្ចី​ប្រាក់​របស់​រដ្ឋាភិបាល​បាន​យក​មក​ប្រើ​ដើម្បី​ដោះ​ទាល់​នោះ ទាល់​តែ​អ្នក​នោះ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​មន្ត្រី ឬ​មាន​ខ្សែ​បណ្តោយ៕