តុលាការ​នឹង​ពន្លឿន​ការ​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ករណី​លោក ម៉ម សូណង់ដូ

សំណុំ​រឿង​លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ​នេះ។ ការ​ប្រញាប់​បើក​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​អង្គការ សង្គម​ស៊ីវិល សាទរ​។

0:00 / 0:00

លោក សុខ សំអឿន មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ នេះ​ថា លោក​មិន​នឹក​ស្មាន​ថា រឿង​ក្ដី​របស់​លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ផ្ដល់​ដំណឹង​បើក​សវនាការ​យ៉ាង​ប្រញាប់​បែប​នេះ​សោះ ព្រោះ​កន្លង​មក លោក​កត់​សម្គាល់​ឃើញ​ថា រឿង​ក្ដី​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ​នីមួយៗ តុលាការ​មិន​ងាយ​លើក​មក​ជំនុំ​ជម្រះ​នោះ​ឡើយ ដោយ​ហេតុ​ថា តុលាការ​ត្រូវ​ការ​ប្រើ​ពេល​ច្រើន​ក្នុង​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង។ ម្យ៉ាង​ទៀត តាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​បាន​រយៈពេល​១៨ខែ។

ទោះ​យ៉ាង​ណា លោក​មេធាវី​អះអាង​បន្ត​ថា ការ​ប្រញាប់​បើក​សវនាការ​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ជា​រឿង​ល្អ​សម្រាប់​សំណុំ​រឿង​នេះ៖ «មើល​ទៅ​វា​ដូច​ជា​រាង​លឿន​ដែរ យើង​ស្មាន​អត់​ដល់ ស្មាន​ថា​វា​យូរ ព្រោះ​កន្លង​មក វា​ជា​រឿង​ឧក្រិដ្ឋ​អ៊ីចឹង ភាគ​ច្រើន ច្រើន​យូរ​ថ្ងៃ បាន​បញ្ជូន​ស៊ើប​អង្កេត​ចប់​អ៊ីចឹង»

ទាក់​ទង​នឹង​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នេះ លោក​មេធាវី សុខ សំអឿន បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា រឿង​ក្ដី​នេះ​នឹង​ឈ្នះ​មួយ​រយ​ភាគ​រយ ប្រសិន​បើ​រឿងរ៉ាវ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​នយោបាយ​ទេ​នោះ។

ប្រហាក់​ប្រហែល​គ្នា​នេះ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា តាម​ពិត​ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ បណ្ដោះ​អាសន្ន​នោះ ជា​រឿង​មិន​សម​ហេតុផល​ស្រេច​ទៅ​ហើយ ព្រោះ​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ គេ​ធ្វើ​ចំពោះ​តែ​ជន​សង្ស័យ​ណា​ដែល​គេ​គិត​ថា​គាត់​អាច​នឹង​គេច​ខ្លួន ប៉ុន្តែ​ករណី​លោក ម៉ម សូណង់ដូ តុលាការ​មិន​គួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដោយ​មិន​អនុញ្ញាត​មេធាវី​ឲ្យ​ធានា​ខ្លួន​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ។

ដូច្នេះ ការ​ប្រញាប់​បើក​សវនាការ​ជា​រឿង​ត្រឹមត្រូវ៖ «ជា​ទូទៅ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ពេល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ហ្នឹង បុគ្គល​ជាប់​ចោទ​គាត់​មិន​ទាន់​មាន​កំហុស​ទេ។ អ៊ីចឹង​ពេល​ណា​គាត់​នៅ​ពន្ធនាគារ​កាន់​តែ​យូរ បាន​ន័យ​ថា សិទ្ធិ​របស់​គាត់​ត្រូវ​បាន​បំពាន​ហើយ។ ហេតុ​ហ្នឹង​ហើយ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​សម្រាប់​តែ​មនុស្ស​ណា​គេ​ខ្លាច​រត់​គេច​ចោល​ស្រុក រត់​ចោល​អី អត់​ចូល​សវនាការ​អ៊ីចឹង​ទៅ។ អ៊ីចឹង​យើង​ឃើញ​ថា ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន យើង​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នេះ យើង​មើល​ទៅ​វា​អត់​ត្រឹមត្រូវ​ទេ ជាពិសេស រឿង​នេះ យើង​ចង់​ទាមទារ​បើក​សវនាការ​រហ័ស​វា​ល្អ​ជាង ជា​ជាង​ការ​ឃុំ​ខ្លួន​បុគ្គល​ម្នាក់ ដែល​តុលាការ​រក​មិន​ទាន់​ឃើញ​ទោស គ្រាន់​តែ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​នៅ​យូរ»

ទាក់​ទង​នឹង​រឿង​ក្ដី​លោក ម៉ម សូណង់ដូ នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ រិះគន់​រដ្ឋាភិបាល​ថា ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ដើម្បី​រក​អ្នក​ទទួល​ទោស​ជំនួស​ឲ្យ​សកម្មភាព​ចុះ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ពលរដ្ឋ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​បាន​បី​ថ្ងៃ។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​សាធារណៈ ធ្វើ​កុប្បកម្ម ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន នៃ​ព្រហ្មទណ្ឌ​ទាក់​ទង​រឿង​ជម្លោះ​ដី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។