ទាហាន​ថៃ​បាញ់​បែក​ថែវ​ប្រាសាទ​ព្រះវិហារ

ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ជា​លើក​ទី​៣ កាល​ពី​ល្ងាច ថ្ងៃ​អាទិត្យ​ទី​៦ ខែ​កុម្ភៈ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ កាល​ពី​វេលា​ម៉ោង​ប្រមាណ ១០​យប់ ថ្ងៃ​ដដែល។

ការ​ប្រយុទ្ធ​គ្នា​លើក​នេះ ទាហាន​ទាំង​សង​ខាង បាន​ប្រើ​អាវុធ​ស្វ័យ​ប្រវត្តិ និង​អាវុធ​ធុន​ធ្ងន់​មាន​កាំភ្លើងផ្លោង​ទំនើប​ៗ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រយៈ​ពេល​ប្រមាណ​ជិត ៣​ម៉ោង។

ទោះ​យ៉ាង​ណា ពុំ​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ណា​មួយ​ដែល​បញ្ជាក់​ថា ទាហាន​ទាំង​សងខាង​មាន​អ្នក​ស្លាប់ និង​របួស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ភ្លាម​ៗ អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​មក​ចំ​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​បាក់​ថែវ​ប្រាសាទ​ព្រះវិហារ​មួយ​កន្លែង​យ៉ាង​ធ្ងន់ធ្ងរ។

សេចក្ដី​រាយ​ការណ៍​ពី​កង​ទាហាន​ខ្មែរ​ដែល​ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​រវាង​ទាហាន​ខ្មែរ-ថៃ បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​ជិត​៦​កន្លះ​ល្ងាច នៅ​តំបន់​មួយ​ចំនួន​ជុំវិញ​ប្រាសាទ​ព្រះវិហារ មាន​តំបន់​តាសឹម វាល​ឥន្ទ្រី, ភ្នំ​ទ្រព្យ និង​តំបន់​ជាំតែ។

កង​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​បាញ់​គ្រាប់​កាំភ្លើង​បំភ្លឺ​នៅ​លើ​មេឃ គ្រប់​ដណ្ដប់​នៅ​លើ​តំបន់​សមរភូមិ​ពេល​យប់ ដើម្បី​បំភ្លឺ​ដល់​ទាហាន​របស់​គេ ដែល​កំពុង​តែ​ប្រយុទ្ធ​គ្នា​នោះ​ផង។

នៅ​ក្នុង​ពេល​ដែល​ទាហាន​ខ្មែរ-ថៃ កំពុង​តែ​ប្រយុទ្ធ​គ្នា​នោះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​លោក​ស្រី ម៉ារៀ ល្វីហ្សា​រីបប៊ីរ៉ូវ៉ូទី (Maria Luiza ribeiro viotti) ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទីក្រុង​ញីវយ៉ក (New york) ដោយ​ថា កម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​បើក​ការ​ឈ្លាន​ពាន​យ៉ាង​ពេញ​ទំហឹង​ប្រឆាំង​និង​កម្ពុជា ដោយ​ថៃ​បាន​ប្រើ​អាវុធ​ទំនើប​ៗ រួម​ទាំង​កាំភ្លើង​ធំ​ធុន​១០៥​មីលី​ម៉ែត្រ ធុន​១២០ ធុន១៣០ និង​១៥៥​មីលី​ម៉ែត្រ ចូល​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​បេតិកភណ្ឌ​ពិភព​លោក។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​នេះ​ជា​ការ​ឈ្លាន​ពាន​របស់​ថៃ​យ៉ាង​ជាក់ស្ដែង ប្រឆាំង​និង​កម្ពុជា ដែល​រំលោភ​ទៅ​លើ​សាលក្រម​យុត្តិធម៌​របស់​តុលាការ​អន្តរ​ជាតិ​ក្រុង​ឡាអេ ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ មាត្រា​២.៣ ២.៤ និង​៩៤.១។

ម្យ៉ាង​ទៀត​បាន​រំលោភ​ទៅ​លើ​សន្ធិសញ្ញា​មិត្តភាព និង​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ មាត្រា​២ ដែល​ភាគី​កម្ពុជា-ថៃ បាន​ចែង។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ។

ប្រភព​ព័ត៌មាន​ដែល​មិន​ទាន់​ច្បាស់​ការណ៍ ធ្លោយ​ចេញ​ពី​ទឹកដី​ថៃ​បាន​ឲ្យ​ដឹង​ថា មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ថៃ​បាន​ដាក់​បញ្ជា​ឲ្យ​កង​ទ័ព​របស់​គេ ត្រូវ​តែ​វាយ​ដណ្ដើម​យក​ប្រាសាទ​ព្រះវិហារ​ឲ្យ​បាន បើ​ទោះបី​ជា​ត្រូវ​ប្រើ​កង​ទ័ព​អស់​ប៉ុណ្ណា ឬ​ក៏​ត្រូវ​ចំណាយ​សម្ភារៈ​អ្វី​ក៏​ដោយ។

ប្រភព​ព័ត៌មាន​ដែល​មិន​ទាន់​ច្បាស់​ការណ៍ បាន​និយាយ​ថា ថៃ​បាន​គំរាម​បាញ់​អាវុធ​ដែល​មាន​ជាតិ​គីមី​ពុល​ដាក់​មក​លើ​កង​ទ័ព​កម្ពុជា នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ និង​គំរាម​ប្រើ​យន្ត​ហោះ​ចម្បាំង​វាយ​ប្រហារ​ពី​លើ​អាកាស​ផង។

បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ជិត​៣​ម៉ោង រវាង​ទាហាន​ខ្មែរ-ថៃ ជា​ច្រើន​កន្លែង​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ចំនួន ៤​គ្រាប់ ធ្លាក់​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា ជិត​ទី​ប្រជុំ​ជន​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត៕