សន្និសីទ​កាសែត​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក ម៉ម សូណង់ដូ

អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ច្រាន​ចោល​ព័ត៌មាន​ដែល​អះអាង​ថា លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ពី​ក្រោយ​ភាព​ចម្រូងចម្រាស​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​រក​ឃើញ​ថា មាន​ចេតនា​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល។

0:00 / 0:00

ការ​បង្ហាញ​ជំហរ និង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជាង ១សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ទៅ​លើ​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ តែ​លោក​មិន​បញ្ចេញ​ឈ្មោះ។ ប៉ុន្តែ​គេ​ដឹង​ថា ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នោះ គឺ​លោក ម៉ម សូណង់ដូ។

លោក ជា បំរុង អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា អ្វី​ដែល​លោក ប៊ុន រដ្ឋា និង​ខ្សែ​បណ្ដាញ​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ក្រចេះ នោះ គឺ​ពុំ​ជាប់​ទាក់​ទិន​ជាមួយ​លោក ម៉ម សូណង់ដូ និង​គោលការណ៍​របស់​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទេ។

លោក​បញ្ជាក់​ថា លក្ខន្តិក​របស់​សមាគមន៍ គឺ​ផ្អែក​ទៅ​តាម​សេចក្ដី​សម្រេច​ដែល​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ខាង​ប្រធាន​សមាគមន៍​ខេត្ត​ក្រចេះ ហ្នឹង ក៏​គាត់​អត់​បាន​ដឹង។ ហើយ​ខេត្ត​ក្រចេះ នេះ មិន​ដែល​លោក​ប្រធាន ម៉ម សូណង់ដូ ឬ​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​លើក​ស្លាក​ទេ។ ហើយ​ក៏​មិន​ទាន់​មាន​សមាជិក​ច្រើន​ដែរ ព្រោះ​ឆ្ងាយ​ណាស់។ ហើយ​តាម​ការ​ពិត​ទៅ លោក ប៊ុន រដ្ឋា នេះ គាត់​ជា​សមាជិក​សមាគមន៍​មែន ប៉ុន្តែ​គាត់​នៅ​ឯ​ខាង​ខេត្ត​កំពង់ចាម ឯណេះ​ទេ។ អញ្ចឹង ខ្ញុំ​មិន​អាច​ដឹង​ហ្មង​រឿង​ហ្នឹង ហើយ​ក៏​គ្មាន​ទាក់​ទង​នឹង​សមាគមន៍​ទាល់​តែ​សោះ»

តំណាង​សមាគមន៍​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ប្រមាណ​៤០០​នាក់ ដែល​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កាសែត នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កក្កដា នៅ​ទីស្នាក់ការ​របស់​វិទ្យុ​សំបុក​ឃ្មុំ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ពួក​គាត់​បាន​បញ្ជាក់​ជំហរ​ថា ទិសដៅ​របស់​សមាគមន៍​ពុំ​មាន​ចេតនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។ ពួក​គេ​ចាត់​ទុក​ថា អ្វី​ដែល​កើត​ឡើង​នោះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ឯកច្ឆន្ទ​របស់​លោក ប៊ុន រដ្ឋា ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។ ការ​បញ្ជាក់​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​មិន​បង្ហាញ​ឈ្មោះ​ដោយ​ត្រង់ តែ​គេ​ដឹង​ថា​គឺ​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​នោះ លោក ហ៊ុន សែន រក​ឃើញ​ថា លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ចេតនា​បង្កើត​តំបន់​អបគមន៍ ចង់​បំបែក​រដ្ឋ​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ក៏​ប៉ុន្តែ លោក អ៊ំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ លីកាដូ (Licadho) ដែល​ចុះ​ឃ្លាំ​មើល​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា លោក​ហៅ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នេះ​ថា គឺ​កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​គ្រប់​គ្រង​ដីធ្លី​មិន​បាន​ល្អ។ លោក អ៊ំ សំអាត គិត​ថា ពុំ​មាន​ហេតុផល​ណា​មួយ​ដែល​រក​ឃើញ​ថា ជម្លោះ​កើត​ពី​បញ្ហា​ដីធ្លី​នេះ បំណង​ចង់​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

លោក អ៊ំ សំអាត៖ «របស់​ប្រទេស​មួយ ហើយ​នៅ​ក្នុង​រដ្ឋ​មួយ យើង​គិត​ថា តាំង​ពី​កម្លាំង​ប្រដាប់​អាវុធ តាំង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង អា​ហ្នឹង​បាន​កើត​ជា​តំបន់​អបគមន៍។ ប៉ុន្តែ ដោយ​ឡែក​នៅ​ក្នុង​រឿង​នេះ យើង​ឃើញ​ហើយ​ថា​ដំបូង​ទី វា​មាន​បញ្ហា​ដីធ្លី រហូត​ដល់​មិន​ដឹង​មាន​ការ​ចាប់​ខ្លួន ចាប់​អី​ជា​បន្ត​បន្ទាប់​មក»

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក​គិត​ថា ការ​សម្រេច​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន​ទៅ​បាន​ចំពោះ​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ លុះ​ត្រា​តែ​មាន​ដីកា​បង្គាប់​ពី​តុលាការ​ជា​មុន​សិន។ ប៉ុន្តែ នៅ​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ដីកា​ជា​ផ្លូវការ​ណា​មួយ ពី​តុលាការ​នៅ​ឡើយ​ទេ៖ «រហូត​ដល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​ឃើញ​មាន​ករណី​ណា​មួយ ដែល​គេ​ធ្វើ​ការ​ប្រឆាំង​ជាមួយ​អើ...នឹង​បុគ្គល​ម្នាក់​ឈ្មោះ ម៉ម សូណង់ដូ នោះ​ឡើយ។ ជា​ផ្លូវ​ការ ខ្ញុំ​អត់​ឃើញ​បាទ»

ទោះ​យ៉ាង​ណា​ក្តី អនុប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ​អះអាង​ថា លោក ម៉ម សូណង់ដូ នឹង​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។