ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា បាននាំគ្នាផ្ដិតមេដៃលើលិខិតមួយ ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយដីស្រែពួកគាត់ ដែលរងផលប៉ះពាល់ដោយការបោះបង្គោលកំណត់ព្រំដែនដីព្រៃលិចទឹកនៅពេលកន្លងទៅ។
ប្រជាពលរដ្ឋឈ្មោះ សាំង អាង នៅភូមិត្រាង ឃុំមេទឹក ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាថា ដីប្រមាណ ៥ហិកតានេះ គាត់បានកាប់ឆ្ការ និងបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។ គាត់អះអាងថា ដីតំបន់នេះប្រជាពលរដ្ឋធ្លាប់រស់នៅ និងបង្កបង្កើនផលតាំងពីយូរណាស់មកហើយ។ឯគ្រួសារគាត់សព្វថ្ងៃរស់នៅអាស្រ័យផលលើដីស្រែនេះ ប្រសិនបើអត់ពីដីនេះទៅគ្រួសារគាត់មុខជាជួបការលំបាកក្នុងជីវភាពជាមិនខាន។
លោក សាំង អាង បន្ថែមថា ៖ «តាំងពីខ្មោចឪពុកខ្ញុំមកម្ល៉េះ តំបន់នេះគេធ្វើស្រែដណ្ដើមជាមួយដំរី បាញ់ដំរីយកដីធ្វើស្រែ។ ដល់សម័យឥឡូវកូនចៅក៏ធ្វើបន្ត។ តែឥឡូវគេបោះបង្គោលចំអស់ដីស្រែនេះតែម្ដង»។
ស្ត្រីឈ្មោះ សុខ ខែម អាយុ ៦៩ឆ្នាំ នៅភូមិអូរព្រាល មានប្រសាសន៍ថា គាត់ធ្លាប់បង្កបង្កើនផលលើដីនេះរយៈពេល ២៥ឆ្នាំមកហើយ។ ការបោះបង្គោលកំណត់ព្រំដីព្រៃលិចទឹក បានធ្វើឲ្យគាត់បាត់បង់ដីស្រែគាត់ទាំងស្រុងតែម្ដង ៖ «បង្គោលដាក់ចំដីខ្ញុំអស់រលីងតែម្តង គ្មានសល់មួយចំអាមទេខ្ញុំ។ ដីនេះខ្ញុំធ្វើតាំងពីអាយុ ៤៤ឆ្នាំ ឥឡូវអាយុ ៦៩ឆ្នាំទៅហើយ»។
កាលពីថ្ងៃពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១០ កន្លងទៅ អាជ្ញាធរជាតិបឹងទន្លេសាប បានបោះបង្គោលចំនួន ១៩ដើម កំណត់ព្រំដីព្រៃលិចទឹក នៅស្រុកចំនួន ៣ គឺស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ក្នុងខេត្តពោធិ៍សាត់។
ការបោះបង្គោលកំណត់ព្រំដីព្រៃលិចទឹកនេះជាយថាហេតុ បានធ្វើឲ្យបាត់បង់ដីស្រែមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលបានរុករានដីព្រៃលិចទឹកនេះ ដើម្បីធ្វើស្រែដោះស្រាយជីវភាព។
មេភូមិអូរព្រាល លោក ខេន ខុន ទទួលស្គាល់ថា ការបោះបង្គោលកំណត់ព្រំដីព្រៃលិចទឹក បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ដីស្រែប្រាកដមែន។ តែលោកក៏បានបញ្ជាក់ដែរថា មានប្រជាពលរដ្ឋជាច្រើនបានកាប់ទន្ទ្រានយកដីព្រៃលិចទឹក ដើម្បីធ្វើជាដីស្រែផងដែរនៅតំបន់នេះ។
លោក ខេន ខុន មានប្រសាសន៍ថា ៖ «ដីដែលបោះព្រំនោះ រឿងប៉ះវាប៉ះហើយ គ្រាន់ថាពីមុននោះវាព្រៃដែលប្រជាពលរដ្ឋគាត់កាប់បាន។ ដល់ឥឡូវវាក្លាយជាដីស្រែ តែតាមពិតពីមុននេះវាជាដីព្រៃពិតមែន»។
ទោះជាយ៉ាងនេះក្តី អភិបាលស្រុកបាកាន លោក សៅ ដារឿន មានប្រសាសន៍ថា ការបោះបង្គោលកំណត់ព្រំដីព្រៃលិចទឹក គឺជាការងារថ្នាក់ជាតិ ដើម្បីការពារតំបន់ព្រៃជម្រកត្រីពងកូនក្នុងរដូវវស្សា ឬហៅថា តំបន់៣។ លោកបន្តថា ការបោះបង្គោលមេត្រូវបានបញ្ចប់ តែការបោះបង្គោលរងពុំទាន់បញ្ចប់នៅឡើយ ហេតុនេះហើយគេពុំទាន់អាចកំណត់បានពីផលប៉ះពាល់ប្រាកដបាននោះទេ៕