ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​មក​តវ៉ា​រក​អន្តរាគមន៍​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​ជាង ២០០​នាក់ តំណាង​ឲ្យ ៣៧០​គ្រួសារ មក​ពី​ភូមិ​ស្រយង់​ខាង​ត្បូង និង​ខាង​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ឡើង​មក​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​វត្ត​បទុមវតី នា​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​របស់​ពួក​គាត់។

0:00 / 0:00

ទស្សនា​រូប​ភាព​ដទៃ​ទៀតOpens in new window ]

ក្នុង​ការ​តវ៉ា​ទាមទារ​ដី​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២ តំណាង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ដាក់​ញត្តិ​ជូន​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍។ ក្រុម​អ្នក​តវ៉ា​បាន​ចោទ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចេញ​ដីកា​ដក​ហូត បន្ទាប់​មក​បាន​ឈូស​ឆាយ​ដី​ស្រែ​ចំការ និង​បាន​រុះរើ​លំនៅឋាន រួម​ទាំង​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​កន្លង​មក​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​ការ​ដោះស្រាយ។ ពួកគាត់​អះអាង​ថា ផល​ដំណាំ​ហូប​ផ្លែ​ដែល​រង​ការ​ឈូស​ឆាយ​ដោយ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​កន្លង​មក​នោះ មាន​ដូច​ជា​ដំឡូង​មី ដើម​ចេក ដំណាំ​ស្រូវ និង​សណ្ដែក​សៀង​ជាដើម។

តំណាង​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ឯកសារ​នានា បញ្ជាក់​ថា ពួកគាត់​ពិត​ជា​បាន​កាន់​កាប់​ជាក់​ស្ដែង​លើ​ដីធ្លី​នោះ​តាំង​ពី​ឆ្នាំ​១៩៩០ មក​ម្ល៉េះ។ ផ្ទៃ​ដី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ កំពុង​តែ​ឈូស​ឆាយ​នោះ គឺ​មាន​ទំហំ​ជិត ៦​ពាន់​ហិកតារ ជា​ដី​សម្បទា​សង្គមកិច្ច​សំរាប់​គ្រួសារ​យោធាពិការ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៧០​គ្រួសារ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះវិហារ មក​តវ៉ា​នៅ​ភ្នំពេញ បន្ត​ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បាន​ហាម​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​វាស់វែង​ក្បាល​ដី​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទេ។

ប្រជាពលរដ្ឋ ឈ្មោះ ឈឹម សាវៀន អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​ស្រយង់​ខាង​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ នៅ​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង ២០០​នាក់ បាន​និយាយ​ថា ដី​ស្រែ​របស់​អ្នកស្រី​សរុប​ចំនួន ២០​ហិកតារ គឺ​មិន​មាន​បញ្ហា​ទំនាស់​កន្លង​មក​ទេ ទើប​តែ​មក​ដល់​ពេល​នេះ​កងពល ៤១ បាន​ឈូស​ឆាយ​រឹប​យក​ដីធ្លី​របស់​អ្នកស្រី និង​បាន​ហាម​ឃាត់​មិន​ឲ្យ​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នេះ​គឺ​ជា​ជន​រង​គ្រោះ៖ «សង្ឃឹម​ថា​ប្រមុខ​រាជរដ្ឋាភិបាល​គាត់​នឹង​គិតគូរ​អំពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​និង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ដីសម្បទាន​សង្គមកិច្ច​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​នេះ គាត់​បាន​ទទួល​ដី​ស្រែ ដី​ចំការ​សំរាប់​បង្កបង្កើន​ផល ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​គាត់​ជា​បន្ត​ទៅ​ទៀត»

ទាក់ទង​នឹង​ការ​មក​តវ៉ា​នេះ គេ​សង្កេត​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​រូប​ចេញ​មក​សន្យា​ដោះស្រាយ​ភ្លាមៗ​ដែរ គឺ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ផ្អាក​ការ​ឈូស​ឆាយ​ជា​បន្ទាន់ រង់ចាំ​ក្រុម​ការងារ​ចុះ​ទៅ​វាស់វែង​ដី​ទំនាស់​នោះ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

នាយក​រង​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក លឹម លាងសែ បាន​មក​ពន្យល់​អ្នក​តវ៉ា​ថា លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​ផ្ទះ​សំបែង​វិញ រង់ចាំ​ក្រុម​ការងារ​ចុះ​ដោះស្រាយ៖ «ដី​ដែល​បង​ប្អូន​ប្រជាជន​យើង​ទៅ​គ្រប់គ្រង​ជាន់​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អា​ហ្នឹង​កាត់​យក​មក​ឲ្យ​បង​ប្អូន​យើង​វិញ យល់​ទេ? រដ្ឋ​កាត់​ឲ្យ។ ទី​២ ដី​ដែល​បង​ប្អូន​ទៅ​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ អា​ហ្នឹង​កាត់​ឲ្យ​ដែរ យល់​ទេ? គេ​នឹង​សុំ​មក​ថ្នាក់​លើ ដើម្បី​កាត់​ចេញ​ប៉ុន្មាន​ពាន់​ហិកតារ​ទៀត ពី ៥.០០០​ហិកតារ​នោះ ឲ្យ​បង​ប្អូន​យើង។ តែ​សុំ​បញ្ជាក់​ឡើង​វិញ​ថា កុំ​ទៅ​ទន្ទ្រាន​ដី​ថ្មី»

អនុ​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សួស យ៉ារ៉ា តំណាង​ឲ្យ​អភិបាល​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជូន​ប្រជាពលរដ្ឋ៖ «អ៊ីចឹង​ដូច្នេះ​មីង ពូ ដែល​មាន​រឿង​ទាំង​ប៉ុន្មាន​ទាំង​អស់ សូម​ឲ្យ​កត់​បញ្ជី​ដែល​លោក​មាន​ហើយ​នេះ យើង​ខ្ញុំ​នឹង​យក​ទៅ​ពិភាក្សា។ ឈរ​និយាយ​ដល់​ឥឡូវ​ហ្នឹង ឈរ​និយាយ​ម៉េច​ក៏​អត់​បាន​ដែរ ដោះស្រាយ​អត់​បាន​ដែរ អ៊ីចឹង​យើង​យក​មក​វិភាគ​ឯកសារ​ហ្នឹង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ជូន ពុក ម៉ែ ពូ មីង ទាំង​អស់​គ្នា»

ជាមួយ​គ្នា​នេះ​ដែរ មេបញ្ជាការ​យោធា​កងពលធំ​អន្តរាគមន៍​លេខ ៣ នៅ​តំបន់​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មាន​ប្រសាសន៍​ថា លោក​យក​ជីវិត​មក​ធានា​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន៖ «ដី​យើង​នៅ​ឯ​ណោះ ផ្ទះ​យើង​នៅ​ឯ​នោះ មក​ដោះ​ឯ​ណេះ ម៉េច​ចេញ? មិន​ចេញ​ទេ»

តំណាង​ប្រជាពលរដ្ឋ​បាន​ព្រមាន​ថា ពួក​គាត់​នឹង​មក​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត នៅ​ទីក្រុង​ភ្នំពេញ បើ​សិន​ណា​ពុំ​មាន​ការ​ដោះស្រាយ​ដូច​ការ​សន្យា មុន​នឹង​ពួក​គាត់​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ផ្ទះសំបែង​វិញ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។