កាសែតភ្នំពេញប៉ុស្តិ៍បានផ្សាយឲ្យដឹងថា ក្នុងបទសម្ភាសន៍ជាមួយកាសែតរស្មីកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់មានបន្ទូលថា មិនថាតែព្រះអង្គគង់នៅក្រៅប្រទេសទេ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូរស័ព្ទមកលោកនៅពេលវេលាណាក៏ដោយ ព្រះអង្គនឹងវិលមកកម្ពុជាវិញភ្លាម ពីព្រោះថា ព្រះអង្គអាចមានលទ្ធភាព សមត្ថភាពដើម្បីអាចធ្វើការបម្រើក្នុងជួររដ្ឋាភិបាលបាន រាប់ទាំងផ្នែកការទូតនៅក្រៅប្រទេសផងដែរ។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព្រះអង្គម្ចាស់ រណឫទិ្ធ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ជាគូប្រឆាំងនឹងគ្នាពីមុន បច្ចុប្បន្ននេះកំពុងតែពេញចិត្តនូវទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយគ្នា ហើយលោក កាញារីទ្ធ បានព្រមានថា តួនាទីរាល់ថ្ងៃរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាទីប្រឹក្សាជាន់ខ្ពស់នៃព្រះមហាក្សត្រខ្មែរ សម្តេច ព្រះនរោត្តម សីហមុនី នោះ ពុំអនុញ្ញាតឲ្យព្រះអង្គចូលរួមក្នុងឆាកនយោបាយបាននោះឡើយ។
សូមរំឭកជូនថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្រោយពីបានយាងត្រឡប់មកពីប្រទេសម៉ាឡេស៊ីក្នុងខែកញ្ញា ឆ្នាំ២០០៨ បន្ទាប់ពីបានទទួលការលើកលែងទោសពីព្រះមហាក្សត្រមក មួយខែក្រោយមកព្រះអង្គទ្រង់ប្រកាសថា ព្រះអង្គនឹងឈប់រវីរវល់ក្នុងឆាកនយោបាយទៀតឡើយ៕
