សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដក​ព្រះកាយ​ពី​សង្វៀន​នយោបាយ

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស «នរោត្តម រណឫទ្ធិ» បាន​មាន​បន្ទូល​ថា ព្រះអង្គ​គ្រោង​នឹង​ផ្ទេរ​តំណែង​ប្រធាន​គណបក្ស​ទៅ​ឲ្យ​លោក ឈឹម សៀកឡេង ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ។

0:00 / 0:00

សម្តេច​ក្រុមព្រះ​បាន​មាន​បន្ទូល​ថា ទោះ​បី​ជា​ព្រះអង្គ​បាន​ដក​ខ្លួន​ចេញ​ពី​សង្វៀន​នយោបាយ​នោះ​ក្តី ប៉ុន្តែ​ព្រះអង្គ​នៅ​សុំ​រក្សា​សិទ្ធិ​ក្នុង​ការបញ្ចេញ​យោបល់​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ដែរ ៖ «ខ្ញុំ​បាន​ទូល​ព្រះករុណា​ព្រះអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ពី​ព្រឹក​មិញ​រួច​ហើយ​ថា ខ្ញុំ​សន្យា​នឹង​ព្រះអង្គ​ថា ឈប់​ធ្វើ​នយោបាយ​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​គាំទ្រ​គោល​នយោបាយ​ឬ​ក៏​នយោបាយ​នៃ​រាជ​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ក្នុង​ការ​ដោះស្រាយ​ភាព​ក្រីក្រ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​នៃ​ប្រទេស​ជាតិ​យើង មិន​មែន​មាន​ន័យ​ថា ធ្វើ​នយោបាយ​ទេ»

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​មាន​បន្ទូល​បញ្ជាក់​បន្ថែម​ទៀត​ថា ព្រះអង្គ​នឹង​ត្រៀម​ព្រះកាយ​ផង​ដែរ បើ​សិន​ណា​ជា​មាន​ព្រះរាជ​បន្ទូល​ពី​ព្រះមហាក្សត្រ​ត្រូវការ​ព្រះអង្គ​ក្នុង​ករណី​ជួយ​បម្រើ​ជាតិ។

បច្ចុប្បន្ន គណបក្ស នរោត្តម រណឫទ្ធិ មាន​សំឡេង​២ ក្នុង​រដ្ឋសភា ប៉ុន្តែ​មិន​មាន​ការអនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការ​ធ្វើ​រដ្ឋាភិបាល​នោះ​ទេ។

សម្តេច​ក្រុមព្រះ បាន​មាន​បន្ទូល​បញ្ជាក់​ថា គណបក្ស នរោត្តម រណឫទ្ធិ លែង​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ទៀត​ហើយ ហើយ​មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ ក៏​មាន​បំណង​ចង់​ធ្វើ​កិច្ចការ​នានា​ដើម្បី​ប្រយោជន៍​ជាតិ​នោះ​ផង​ដែរ។

សម្ដេច​ក្រុមព្រះ មាន​បន្ទូល​ដូច្នេះ​ថា ៖ «ខ្ញុំ​មិន​សុំ​អី​ទេ ក៏​ប៉ុន្តែ​សូម​ជម្រាប​សម្ដេច​ផង​ដែរ​ថា គណបក្ស នរោត្ដម រណឫទ្ធិ មិន​មែន​ជា​បក្ស​ប្រឆាំង​នោះ​ទេ។ គណបក្ស​នរោត្តម រណឫទ្ធិ សមាជិក​សមាជិកា ដែល​ធ្លាប់​បម្រើ​ជាតិ នៅ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស ហ៊្វុនស៊ិនប៉ិច ឬ​ក៏​ក្រៅ​ក្របខ័ណ្ឌ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​គោល​បំណង​ផង​ដែរ ចូលរួម​ចំណែក​ក្នុង​ការបម្រើ​ប្រទេស​ជាតិ។ ប៉ុន្តែ​ក្នុង​ករណី​អ្វី កាលៈទេសៈ​ណា វា​ស្រេច​តែ​សម្ដេច​នាយក​រដ្ឋមន្រ្តី ដែល​លោក​ជា​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល លោក​ជ្រើសរើស ឬ​ក៏​មិន​ជ្រើសរើស ក៏​ប៉ុន្តែ​ខ្ញុំ នរោត្ដម រណឫទ្ធិ យល់​ថា មាន​តួនាទី​មួយ គឺ​ជម្រាប​សម្ដេច​ឲ្យ​ជ្រាប​ថា គណបក្ស​នរោត្ដម រណឫទ្ធិ មិន​មែន​ជា​បក្ស​ប្រឆាំង​ទេ ក៏​ប៉ុន្តែ​មាន​តួនាទី​មួយ​ផង​ដែរ ក្នុង​ឋានៈ​ខ្លួន​ជា​គណបក្ស​នយោបាយ តួនាទី​គឺ​ចូលរួម​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ មាតុភូមិ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សមាជិក​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​អនុញ្ញាត​ឲ្យ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែ​មួយ​ប៉ុណ្ណោះ ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕