អំពើ​រំលោភ​សេព​សន្ថវៈ​និង​និទណ្ឌ​ភាព​នៅ​ខេត្ត​ពោធិ៍សាត់

ជន​ឧក្រិដ្ឋ​ដែល​មិន​ទទួល​បាន​ការ​ផ្តន្ទា​ទោស​ក្នុង​ករណី​ចាប់​រំលោភ​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​ញ៉ាំង​ឲ្យ​មាន​ករណី​រំលោភ​សេព​សន្ថវៈ​មាន​ការ​កើន​ឡើង បាន​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​គគុក​សម្រាប់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន។

0:00 / 0:00

សិក្ខា​សាលា​មួយ​ដែល​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ពោធិ៍សាត់​រយៈពេល ១​ថ្ងៃ​កាល​ពី​ថ្ងៃ​២៤ កក្កដា ២០០៩ ក្រោម​ប្រធាន​បទ «ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​និង​ការ​អនុវត្ត​ច្បាប់» ដោយ​មាន​ក្រុម​ប៉ូលិស តុលាការ និង​ប្រជា​ពលរដ្ឋ​អ្នក​រង​គ្រោះ បាន​ធ្វើ​ឡើង​ប្រយោជន៍​ឲ្យ​ជន​រង​គ្រោះ​មាន​ឱកាស​និយាយ​អំពី​ទុក្ខ​លំបាក​របស់​ខ្លួន​ប្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។

មន្ត្រី​កម្មវិធី​អប់រំ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក គឺ​លោក នី សុខា មាន​ប្រសាសន៍​ថា ៖ «គោល​បំណង​សំខាន់ៗ ទី​១ យើង​ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ម៉េច​ឲ្យ​មាន​ការ​សហការ​គ្នា។ យើង​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​និង​មន្រ្តី​ហ្នឹង​បាន​ជួប​គ្នា​ទាក់ទង​នឹង​បញ្ហា​របស់​គាត់ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ហ្នឹង បាន​បង្ហាញ​អំពី​ទុក្ខ​កង្វល់​របស់​គាត់ ដើម្បី​ឲ្យ​ខាង​មន្រ្តី​ជា​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង​បាន​ដឹង»

ភាព​អសីលធម៌​របស់​ប៉ូលិស?

កុមារី​រង​គ្រោះ​ម្នាក់​អាយុ ១៥​ឆ្នាំ មាន​លំនៅ​នៅ​ភូមិ​ជ្រៃ​ក្រឹម ឃុំ​ផ្ទះ​រ៉ុង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ត្អូញ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ក្រោយ​ពី​បាន​ចាប់​រំលោភ​នាង​រួច ហើយ​ទោះ​បី​ជា​នាង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ តែ​ប៉ូលិស​មិន​ត្រឹម​តែ​មិន​ជួយ​ចាប់​ជន​ល្មើស​ឡើយ ហើយ​ថែម​ទាំង​និយាយ​ចំអក​ឡក​លើយ​ចំពោះ​រូប​នាង​ទៀត។

កុមារី​រង​គ្រោះ​ដដែល ថ្លែង​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​បាន​ទៅ​ប្ដឹង​ដល់​ប៉ូលិស ប៉ូលិស​គេ​មិន​រក​រឿង​ឲ្យ​ខ្ញុំ ថែម​ទាំង​[ចំអក]​ឲ្យ​ខ្ញុំ​ទៀត​ថា ចាប់​រំលោភ​ខ្ញុំ​ហ្នឹង​តើ​ស្រួល​ឬ​អត់? ខ្ញុំ​ឈឺ​ចិត្ត​ណាស់​ពេល​ដែល​ឮ​ប៉ូលិស​ថា​អ៊ីចឹង ហើយ​ក៏​មិន​ទៅ​ចាប់​ជន​ល្មើស​ឲ្យ​ខ្ញុំ​ដែរ»

ជន​រង​គ្រោះ​ក្នុង​ករណី​ចាប់​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន​នាក់​ទៀត ដែល​សុទ្ធ​តែ​ជា​អនីតិជន​មាន​អាយុ​ក្រោម ១៨​ឆ្នាំ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​គឺ​តុលាការ​ជួយ​រក​យុត្តិធ៌ម​ឲ្យ​ពួក​គេ​ផង។

កុមារី​អាយុ​១៤​ឆ្នាំ​នៅ​ឃុំ​មេទឹក ស្រុក​បាកាន​ថ្លែង​ថា ៖ «ខ្ញុំ​ត្រូវ​ឪពុក​ចុង​ចាប់​រំលោភ ៣​ដង ហើយ​ខ្ញុំ​បាន​ទៅ​ប្ដឹង​ប្រធាន​ភូមិ​ដោយ​ខ្លួន​ឯង ហើយ​ប្រធាន​ភូមិ​ក៏​បាន​ចាប់​ដាក់​ខ្នោះ ដល់​ពេល​បាន​ពាក់​កណ្ដាល​ផ្លូវ​ស្រាប់​តែ​រត់​បាត់។ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​ជួយ​ចាប់​ជន​ល្មើស​ដាក់​គុក»

ពុំ​មាន​ការ​ធានា​អះអាង​ពី​អាជ្ញាធរ​ថ្នាក់​លើ​របស់​ប៉ូលិស​ប៉ុស្តិ៍​រូប​នេះ​ទេ​ចំពោះ​ករណី​នេះ។

ស្នងការ​រង​ទទួល​បន្ទុក​យុត្តិធ៌ម​នៃ​ស្នងការ​ដ្ឋាន​ប៉ូលិស​ខេត្ត​ពោធិ៍សាត់ គឺ​លោក​វរសេនីយ៍​ឯក រស់ ប៊ុណ្ណាង មាន​ប្រសាសន៍​ឆ្លើយ​តប​ចំពោះ​ក្តី​កង្វល់​របស់​កុមារី​រង​គ្រោះ​ទាំង​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ការងារ​នេះ យើង​ខ្ញុំ​បន្ត​ស្រាវជ្រាវ​ករណី​ដាក់​ខ្នោះ​ហើយ​រត់​រួច​នេះ ខ្ញុំ​បាន​ឲ្យ​ប៉ុស្តិ៍​សរសេរ​របាយ​ការណ៍​អំពី​សភាព​ការណ៍​ហ្នឹង​រួច​ហើយ ហើយ​បាន​រាយការណ៍​ទៅ​ដល់​ព្រះ​រាជ​អាជ្ញា​ទៀត។ យើង​អាច​មាន​លទ្ធភាព​ថា បើ​សិន​ករណី​នោះ​ធំ យើង​អាច​ដាក់​ពិន័យ​ទៀត នេះ​ខាង​ប៉ូលិស​ខ្ញុំ។ ប៉ុន្តែ​រឿង​ករណី​របស់​កុមារ​ម្នាក់​ទៀត​ដែល​លើក​ឡើង​អំពី​ភាព​អសីលធម៌​របស់​ប៉ូលិស​ប៉ុស្តិ៍​ខ្ញុំ​នេះ ខ្ញុំ​នឹង​បន្ត​ស្រាវជ្រាវ​ករណី​ហ្នឹង​ឡើង​វិញ»

ប្ដឹង​ទៅ​តុលាការ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ផ្ដន្ទា​ទោស

មាន​អំពើ​ចាប់​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន ជន​រង​គ្រោះ​បាន​ដាក់​បណ្តឹង​ដល់​តុលាការ​តែ​ពួក​គេ​បាន​អស់​សង្ឃឹម ព្រោះ​ពុំ​ទាន់​មាន​ករណី​ណា​មួយ​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ល្មើស​នៅ​ឡើយ។

យ៉ាង​ណា​មិញ​អំពើ​ចាប់​រំលោភ​សេព​សន្ថវៈ​មួយ​បាន​កើត​ឡើង​ចំពោះ​កុមារី​ជា​បង​ប្អូន​បង្កើត ៣​រូប មាន​អាយុ​ចាប់​ពី​៤​ឆ្នាំ ដល់​៨​ឆ្នាំ នៅ​ភូមិ​តាំង​គោក ក្នុង​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ តែ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ពុំ​ត្រូវ​បាន​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ឡើយ បើ​ទោះ​បី​ជា​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ដល់​តុលាការ​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ​ក្តី។

អ្នកស្រី សុខ ស្រីពៅ ដែល​ត្រូវ​ជា​ម្តាយ​បង្កើត​របស់​កុមារី​រង​គ្រោះ​ទាំង​៣​រូប បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក ប្រាប់​អង្គ​សិក្ខា​សាលា​ទាំង​សំឡេង​ខ្សឹក​ខ្សួល​ថា ៖ «ជន​ល្មើស​បាន​ដើរ​និយាយ​ដៀមដាម​ថា នាង​ខ្ញុំ​យក​កូន​ទៅ​ជួល​ឲ្យ​ពេទ្យ​វះ ហើយ​ខ្ញុំ​ចង់​សួរ​ថា ទឹក​ចិត្ត​ម្ដាយ​ទាំង​អស់​គ្នា នរណា​ចង់​យក​កូន​យក​មក​ឲ្យ​គេ​វះ ហើយ​ជន​ល្មើស​នៅ​ដើរ​ឌឺ​ដង​នាង​ខ្ញុំ​រាល់​តែ​ថ្ងៃ»

ក៏​ពុំ​មាន​ការ​ធានា​អះអាង​ឲ្យ​គត់មត់​ពី​អ្នក​ដឹកនាំ​ស្ថាប័ន​យុត្តិធម៌​ខេត្ត​នេះ​ឡើយ​ចំពោះ​ករណី​នេះ។

ប្រធាន​តុលាការ​ខេត្ត​ពោធិ៍សាត់ លោក ប៉ុល វន មាន​ប្រសាសន៍​ថា ដោយ​ចៅក្រម​តុលាការ​មាន​ច្រើន​រូប ហើយ​ការងារ​របស់​ចៅក្រម​មាន​ភាព​ឯករាជ។ ហេតុ​នេះ​ហើយ​មាន​រឿង​ខ្លះ គឺ​លោក​ពិត​ជា​មិន​បាន​ដឹង​មែន។

លោក​បាន​បន្ទោស​ថា ប្រជា​ពលរដ្ឋ​ហាក់​មិន​មាន​ការ​ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក​យុត្តិធ៌ម​សម្រាប់​ខ្លួន។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​ថា ទ្វារ​ផ្ទះ​លោក​បើក​ចំហរ​ជា​និច្ច​រង់​ចាំ​ទទួល​របាយការណ៍​ប្តឹង​ផ្តល់​របស់​ប្រជា​ពលរដ្ឋ ៖ «បើ​ខ្ញុំ​អត់​ដឹង មាន​តែ​ខ្លួន​យើង​ជួយ​ខ្លួន​យើង ធ្វើ​ម៉េច​ឲ្យ​ខ្ញុំ​បាន​ដឹង​រឿង»

និទណ្ឌ​ភាព​កើត​ចេញ​ពី​កត្តា​ពីរ​យ៉ាង

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ គឺ​លោក ពេជ្រ ហន ពន្យល់​ចំពោះ​បញ្ហា​និទណ្ឌភាព​ដែល​មាន​ក្នុង​ខេត្ត កើត​ចេញ​ពី​កត្តា ២​យ៉ាង គឺ​ភាព​ខ្វះ​ចន្លោះ​របស់​អ្នក​អនុវត្ត​ច្បាប់​ផង និង​ការ​មិន​ជួយ​ខ្លួន​ឯង​របស់​ប្រជា​ពលរដ្ឋ​ផង ៖ «ច្បាប់​ជា​មេធាវី បើ​យើង​មាន​ច្បាប់ យល់​អំពី​កាតព្វ​កិច្ច​របស់​យើង​ច្បាស់​លាស់ យើង​ដើរ​យើង​ដឹង​ជំហាន​របស់​យើង យើង​ដឹង​ពី​តួនាទី​របស់​យើង យើង​ដឹង​អំពី​សិទ្ធិ​ប្រជា​ពលរដ្ឋ។ ហើយ​ជួន​ណា​បង​ប្អូន​ថា​អត់​យល់ ជួន​កាល​គេ​រំលោភ​លើ​សិទ្ធិ​របស់​ខ្លួន ដល់មាន​បញ្ហាផ្ទាល់ខ្លួន គាត់​មក​រក​តុលាការ ឬ​មួយ​ប៉ូលិស ឬ​មួយ​អាជ្ញាធរ​ដែនដី ដែល​គាត់​ថា​រំលោភ​គាត់ ប៉ុន្តែ​គាត់​មិន​ច្បាស់​ខ្លួន​គាត់ ខ្ញុំ​ជឿ​ថា សមត្ថកិច្ច​រំលោភ​គាត់ រំលោភ​មិន​បាន​ទេ»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​ថា គ្រាន់​តែ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០០៩ ក្នុង​ទូទាំង​ខេត្ត​ពោធិ៍សាត់ ករណី​រំលោភ​សេព​សន្ថវៈ​បាន​កើត​ឡើង ២៧​ករណី ដែល​ក្នុង​នោះ​មាន ១៦​ករណី រំលោភ​សេព​សន្ថវៈ​ជា​អនីតិជន ហើយ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ភាគ​ច្រើន​ស្ថិត​នៅ​ក្រៅ​ឃុំ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក គឺ​លោក ធន់ សារាយ មាន​ប្រសាសន៍​ថា ឆ្លង​កាត់​អង្គ​សិក្ខា​សាលា​នេះ បាន​បង្ហាញ​ថា ការ​សហការ​រវាង​អាជ្ញាធរ​និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ពុំ​ទាន់​ជិត​ស្និទ្ធ​សម​តាម​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​នៅ​ឡើយ ដែល​កត្តា​នេះ​បាន​ក្លាយ​ជា​ចន្លោះ​ប្រហោង​នាំ​ឲ្យ​កើត​មាន​លក្ខខណ្ឌ​និទណ្ឌភាព​ក្នុង​សង្គម ដែល​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ទៀត​ឡើយ​សម្រាប់​សង្គម​ខ្មែរ៕