ភាព​រីក​ចម្រើន​នៃ​វិស័យ​ពុទ្ធិក​សិក្សា​នៅ​កម្ពុជា

បើ​ទោះ​បី​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា បាន​ចាប់​បដិសន្ធិ​ជា​ច្រើន​សត​វត្សរ៍​មក​ហើយ នៅ​មុន​រជ្ជកាល​នៃ​ការ​គ្រប់គ្រង​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ក៏​ដោយ ក៏​គេ​ជឿ​ថា វិស័យ​អប់រំ​ផ្នែក​នេះ មាន​ការ​រីក​ចម្រើន​ខ្លាំង នៅ​សម័យ​សង្គម​រាស្ត្រនិយម ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់​ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។

0:00 / 0:00

នៅ​សម័យ​នោះ វិស័យ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា ត្រូវ​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​លើ​ពិភព​លោក​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​សិក្សា​ប្រវត្តិ​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា វិស័យ​អប់រំ​ផ្នែក ពុទ្ធិក​សិក្សា​បាន​កកើត​ដំបូង​នៅ​ឆ្នាំ ១៩០៩ ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ ស៊ីសុវត្ថិ។ ផ្អែក​តាម​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា ប្រវត្តិ​ពុទ្ធិក​សិក្សា ដែល​ចងក្រង​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ ២០០៦ សរសេរ​ថា សាលា​ពុទ្ធិក​សិក្សា ដែល​ចាប់​បដិសន្ធិ​ដំបូង​មាន​ឈ្មោះ​ថា "បរម​ពុទ្ធ​វចន​បរិយត្តិបសាទ" ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​សៀមរាប ហើយ​ជា​បន្ត​បន្ទាប់ វិស័យ​នេះ​បាន​រីក​ចម្រើន​បន្តិចម្ដងៗ។

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ផ្នែក​ព្រះពុទ្ធសាសនា​សង្កេត​ឃើញ​ថា វិស័យ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា ដែល​រីកចម្រើនបំផុតនោះគឺនៅអំឡុងទសវត្សរ៍ទី៥០និង៦០ ក្រោម​ការ​គ្រប់គ្រង​ប្រទេស នៃ​អតីត​ព្រះ​មហា​វីរក្សត្រ គឺ​ព្រះ​បាទ នរោត្តម សីហនុ។

អគ្គាធិការ​រង​ពុទ្ធិក​សិក្សា​ជាតិ និង​ជា​សមាជិក​ថេរសភា ព្រះ​តេជគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​ថា ដំបូង​ឡើយ​ក្នុង​ការ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា គេ​សិក្សា​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ភាសា​បាលី និង​ធម៌អាថ៌​ទេ។ តែ​ក្រោយ​មក សម័យ​សង្គម​រាស្ត្រ​និយម ទើប​គេ​ឃើញ​មាន​បញ្ចូល​វិជ្ជា​ផ្នែក​ខាង​អាណាចក្រ ដើម្បី​ឲ្យ​អ្នក​សិក្សា បាន​យល់​ដឹង​ទាំង​ផ្នែក គឺ​ផ្លូវ​លោក និង​ផ្លូវ​ធម៌។

ព្រះ​តេជគុណ ឈឹង ប៊ុនឈា៖ «ពេល​មក​ជំនាន់​សង្គម​រាស្ត្រ​និយម​ហ្នឹង គឺ​មាន​ការ​ឲ្យ​រៀន​សូត្រ​ហ្នឹង ទាំង​គេ​ហៅ​ថា ធម្ម​វិជ្ជា លោក​វិជ្ជា។ មាន​ន័យ​ថា ផ្នែក​ខាង​វិជ្ជា​ផ្លូវ​លោក​ក៏​មាន វិជ្ជា​ផ្លូវ​ធម៌ ក៏​មាន​ភាសា​បាលី​សំស្ក្រឹត​ក៏​មាន ខាង​ផ្នែក​មុខ​វិជ្ជា ដែល​ចំណេះ​ដឹង​ទូទៅ ដែល​មាន​ទាំង​ប៉ុន្មាន​ហ្នឹង យើង​យក​មក​រៀន​ទាំង​អស់។ ហេតុ​ដូច​ម្ដេច​បាន​ជា​ក្នុង​សម័យ​នោះ បាន​តម្រូវ​ឲ្យ​រៀន​បែប​ហ្នឹង? ថា​ទី​១ ចង់​ឲ្យ​ព្រះ​សង្ឃ​ហ្នឹង​បាន​ចេះ​វិជ្ជា​ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ ភាសា​ផ្នែក​បាលី​សំស្ក្រឹត​ផង ផ្នែក​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ផង ហើយ​ឲ្យ​ចេះ​វិជ្ជា​ផ្លូវ​លោក​ផង ប្រៀប​បី​ដូច​ជា​ភ្នែក​មាន​ពីរ​អញ្ចឹង ត្រូវ​ឲ្យ​ភ្លឺ​ទាំង​ពីរ។ មិន​ត្រូវ​ឲ្យ​ភ្លឺ​តែ​មួយ​ទេ»។

បន្ថែម​លើ​នេះ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​បញ្ជាក់​ថា នៅ​មុន​ទសវត្ស​ទី ៥០ គេ​សំគាល់​ឃើញ​ថា សាលា​បាលី​តែ​ពីរ​កម្រិត​ទេ គឺ​ថ្នាក់​បឋម​សាលា​ពុទ្ធិក​បឋម​សិក្សា និង​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ ឬ​ហៅ​ថា ឌីប្លូម​សាលា​បាលី ឬ​ហៅ​ម្យ៉ាង​ទៀត​ថា សាលា​បាលី​ជាន់​ខ្ពស់។ តែ​ក្រោយ​មក ចាប់​ពី​ឆ្នាំ ១៩៥៤ ពុទ្ធិក​សិក្សា បាន​បង្កើន​ថែម​ពីរ​កម្រិត​ទៀត គឺ​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​ពុទ្ធិក​មហា​វិទ្យាល័យ។

ព្រះ​តេជគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា ជា​បន្តបន្ទាប់ ក្រោម​ការ​ឧបត្ថម្ភ​របស់​ព្រះបាទ នរោត្តម សីហនុ ក្រៅ​ពី​ការ​បង្កើត​ពុទ្ធិក​មហា​វិទ្យាល័យ​ព្រះ សីហនុ​រាជ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​សាល​ចតុមុខ រាជ​ធានី​ភ្នំពេញ​នោះ​ហើយ ពុទ្ធិក​អនុវិទ្យាល័យ​ចំនួន​ពីរ​ត្រូវ​បាន​សាងសង់ គឺ​ពុទ្ធិក​អនុវិទ្យាល័យ​ព្រះ​សុរាម្រឹត បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៥៥ និង​ពុទ្ធិក​អនុវិទ្យាល័យ អ៊ឹង ធួង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត ក៏​ត្រូវ​បង្កើត​ឡើង​ដែរ។

ក្រៅ​ពី​ការ​បង្កើត​ឲ្យ​មាន​គ្រឹះស្ថាន​បន្ថែម ចាប់​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ហើយ​នោះ ព្រះ​តេជគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​ថា ក្រសួង​ធម្មការ និង​សាសនា​នា​សម័យ​នោះ ក៏​បាន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​លើ​វិស័យ​អប់រំ​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ប្រទេស​កាន់​ពុទ្ធសាសនា​លើ​ពិភព​លោក ទទួល​ស្គាល់​គុណភាព​នៃ​ការ​អប់រំ។

ព្រះ​តេជគុណ ឈឹង ប៊ុនឈា៖ «វិស័យ​ពុទ្ធិក​សិក្សា​នៅ​ជំនាន់​ហ្នឹង​មាន​ការ​រីក​ចម្រើន​ណាស់ មែន​ទែន​ទៅ​រហូត​ដល់​ថា ល្បីល្បាញ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ដែល​តាម​ឯកសារ​អាត្មា​បាន​ស្រាវជ្រាវ​ទៅ​ឃើញ​ថា មាន​ការ​ទទួល​ស្គាល់​នៅ​អាស៊ី​ហ្នឹង គឺ​ទទួល​ស្គាល់​ប្រព័ន្ធ​ពុទ្ធិក​សិក្សា​ស្រុក​ខ្មែរ​យើង​ហ្នឹង រហូត​ដល់​ប្រទេស​សិរីលង្កា ក៏​ទទួល​ស្គាល់​ប្រព័ន្ធ​ពុទ្ធិក​សិក្សា​យើង​ថា មាន​គុណភាព​ខ្ពស់ ហើយ​ខាង​ថៃ ខាង​ភូមិ ហើយ​ខាង​លាវ ប្រទេស​ឡាវ​ហ្នឹង រហូត​ដល់​យក​ប្រព័ន្ធ​សិក្សា​របស់​យើង​ទៅ​រៀបចំ​ស្រុក​គេ»។

ទាក់ទង​នឹង​ប្រវត្តិ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា​នេះ​ដែរ អនុ​ប្រធាន​ផ្នែក​ពុទ្ធិក​ឧត្ដម​សិក្សា និង​ក្រោយ​ឧត្ដម​សិក្សា​នៃ​អគ្គាធិការ​ពុទ្ធិក​សិក្សា​ជាតិ ព្រះ​តេជគុណ សុខ ប៊ុនធឿន មាន​ថេរ​ដីកា​ហៅ​ការ​រីក​ចម្រើន​នា​សម័យ​សង្គម​រាស្ត្រ​និយម​ថា យុគ​មាស។ នេះ​មាន​ន័យ​ថា ជា​សម័យ​ដែល​ចក្រ​ទាំង​ពីរ គឺ​ពុទ្ធចក្រ និង​អាណាចក្រ​បាន​រីក​ចម្រើន​ទន្ទឹម​គ្នា។

ព្រះ​តេជគុណ សុខ ប៊ុនធឿន៖ «ការ​រីក​ចម្រើន​វិស័យ​ពុទ្ធិក​សិក្សា​នៅ​សម័យ​នោះ យើង​ថា​ឈាន​ដល់​កំពូល​ក៏​ថា​បាន ពីព្រោះ​នៅ​សម័យ​នោះ ដែល​អ្នក​ប្រាជ្ញ​មួយ​ចំនួន រហូត​ដល់​អ្នក​ប្រាជ្ញ​បរទេស គេ​ស្ងើច​សរសើរ​នៅ​សម័យ​នោះ​ថា ជា​សម័យ​មាស ដោយសារ​ការ​កើត​ឡើង​របស់​អ្នក​ប្រាជ្ញ​ព្រះ​ពុទ្ធ​សាសនា អ្នក​ប្រាជ្ញ​ខាង​សង្គម​ក្ដី គឺ​កើត​ឡើង​ព្រម​គ្នា»។

លើស​ពី​នេះ ព្រះ​តេជគុណ មាន​ថេរ​ដីកា​ចាប់​អារម្មណ៍​ថា ដោយសារ​តែ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា​រីក​ចម្រើន និង​លូតលាស់​ខ្លាំង​ប្រកប​ដោយ​គុណភាព​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​ធនធាន​មនុស្ស ប្រកប​ដោយ​សមត្ថភាព។ ព្រះ​តេជគុណ​មាន​ថេរ​ដីកា​សង្កត់​ធ្ងន់​ថា ធនធាន​ព្រះ​សង្ឃ និង​គ្រហស្ថ ដែល​សម័យ​សង្គម​រាស្ត្រ​និយម​បាន​ផលិត​នោះ​ហើយ បាន​បន្សល់​ទុក​កេរ​មត៌ក​ជា​ច្រើន ដែល​មនុស្ស​ជំនាន់​ថ្មី ពុំ​ទាន់​អាច​ធ្វើ​បាន។ ជាក់​ស្ដែង ការ​បក​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ការ​រៀបរៀង និង​បង្កើត​វចនានុក្រម​ខ្មែរ របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត និង​ក្បួន​ច្បាប់​សម្រាប់​សិក្សា​ជា​ច្រើន​បន្ថែម​ទៀត។

ភ្ជាប់​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​ផ្នែក​ភាសា​បាលី លោក ជិត ជន ដែល​ជា​សិស្ស និង​ជា​គ្រូ​បង្រៀន​នា​សម័យ​នោះ ក៏​បញ្ជាក់​ដែរ​ថា ការ​អប់រំ​ផ្នែក​ពុទ្ធិក​សិក្សា មាន​ការ​រីក​ចម្រើន​ជា​ទី​មោទនៈ ដោយ​លោក​អះអាង​ថា ក្រៅ​ពី​ការ​ពង្រឹង​វិន័យ និង​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ​នោះ រដ្ឋាភិបាល​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទៅ​លើ​ជីវភាព​គ្រូ​បង្រៀន គឺ​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ខែ​យ៉ាង​សមរម្យ​ដល់​គ្រូ​បង្រៀន។

លោក ជិត ជន៖ «ប្រូហ្វែស្សឺ (Professor) បាន ៧.០០០ (រៀល) ឯណោះ ហើយ​តំណាង​រាស្ត្រ​បាន ១ ម៉ឺន ប្រហែល​តែ​តំណាង​រាស្ត្រ​ដែរ​ហ្នឹង​ណា៎។ សាស្ត្រាចារ្យ ខ្ញុំ​បាន​ឋាន​អាំងស្ពិចទ័រ (inspecteur) ហ្នឹង បាន ៣.៥០០ (រៀល) ១ ខែ ស្មើរ ១ តម្លឹង​ដែរ​ហ្នឹង ហើយ​ចាយ​វាយ ១ គ្រួសារ​ហ្នឹង វា​គ្រប់គ្រាន់ អត់​មាន​ខ្វះខាត​អី​ទេ»។

នៅ​មុខ​សម័យ​សង្គម​រាស្ត្រ​និយម សាលា​ពុទ្ធិក​សិក្សា មាន​ចំនួន​ជិត ៤០០ សាលា។ ក៏​ ប៉ុន្តែ ក្រោយ​សម័យ​នោះ​បន្តិច គឺ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម សាលា​ពុទ្ធិក​សិក្សា បាន​កើន​ឡើង​ដល់​ជិត ៧០០ សាលា ដែល​មាន​សមណ​សិស្ស​សិក្សា ជិត ១ ម៉ឺន ១ ពាន់​នាក់។

បន្ថែម​លើ​នេះ​ទៀត ស្ថាប័ន និង​គណៈកម្មការ​មួយ​ចំនួន ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជា​ជំនួយ​វិស័យ​ពុទ្ធិក​សិក្សា។ តួ​យ៉ាង វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ គិលានដ្ឋាន​សម្រាប់​ព្យាបាល​សមណ​និស្សិត ដែល​ត្រូវ​រដ្ឋាភិបាល​ស្ថាបនា​ឡើង នៅ​បរិវេណ​នៃ​ពុទ្ធិក​អនុវិទ្យាល័យ​ព្រះ សុរាម្រឹត មន្ទីរ​សង្គ្រោះ​សមណ​និស្សិត ដែល​ត្រូវ​រដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជំនួយ​ទំនុក​បម្រុង​និស្សិត​ចេញ​ទៅ​រៀន និង​ស្វែង​យល់​ពី​បទ​ពិសោធន៍​នៅ​បរទេស និង​គណៈកម្មការ​មួយ​ចំនួន ដូច​ជា ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក គណៈកម្មការ​ត្រួត​ពិនិត្យ​សៀវភៅ​គ្រប់​ប្រភេទ មុន​នឹង​អនុញ្ញាត​ឲ្យ​បោះពុម្ព​ផ្សាយ ព្រមទាំង​គណៈកម្មការ​ទ្រទ្រង់​អក្សរ​សាស្ត្រ​ជាតិ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។