រដ្ឋមន្ត្រី៖ អ្នក​សារ​ព័ត៌មាន​ខ្មែរ​មាន​សេរី​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​រិះ​គន់​រដ្ឋាភិបាល

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា​ក្នុង​ពិធី​ទិវា​សេរី​ភាព​សារព័ត៌មាន​លើក​ទី​១៨ ថា អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេរី​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល ដូច​ជា​បញ្ហា​ពុក​រលួយ បញ្ហា​ព្រៃ​ឈើ​និង​រឿង​ដី​ធ្លី​ជា​ដើម។

0:00 / 0:00

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ទៀត​ថា ច្បាប់​សារព័ត៌មាន​បាន​ហាម​ដាច់​ខាត​នូវ​ការ​ត្រួត​ពិនិត្យ​អត្ថបទ​មុន​ពេល​ចុះ​ផ្សាយ មិន​ឲ្យ​មាន​អ្នក​បង្ខំ​អ្នក​សារព័ត៌មាន​ប្រាប់​ពី​ប្រភព​របស់​ខ្លួន​ឡើយ ហើយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​គឺ​មិន​ចាប់​អ្នក​សារព័ត៌មាន​ដាក់​គុក​ដោយសារ​ការ​បញ្ចេញ​មតិ​និង​ការ​សរសេរ​ព័ត៌មាន​នោះ​ឡើយ។

ការ​ថ្លែង​ខាង​លើ​នេះ គឺ​ផ្ទុយ​ពី​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​អង្គការ Freedom House ដែល​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​ផ្សាយ​ព័ត៌មាន​តាម​ប្រទេស​ខ្លះ​មាន​ជា​អាទិ៍​ប្រទេស​កម្ពុជា​ជា​ដើម។

អង្គការ Freedom House បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​និង​បញ្ជាក់​ថា កម្ពុជា​បាន​ឈាន​ពី​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ខ្លះ​ទៅ​ជា​ប្រទេស​អត់​មាន​សិទ្ធិ​សេរីភាព​ទៅ​វិញ។ ក្នុង​ចំណោម​ប្រទេស​១៩៥ Freedom House បាន​ដាក់​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៦១។

ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន​កម្ពុជា លោក ឱម ចាន់តារា បាន​មាន​ប្រសាសន៍​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​នេះ ហើយ​លោក​ទាមទារ​ថា ៖ «យើង​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​អ្នក​សារព័ត៌មាន​ដើម្បី​ឲ្យ​គេ​បំពេញ​ភារកិច្ច​បាន​ល្អ ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្ក​លក្ខណៈ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​និង​ទទួល​ព័ត៌មាន»

លោក សំរិត ដួង​ហាក់ អនុប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​បាន​ថ្លែង​ថា ចំនួន​អង្គភាព​និង​អ្នក​កាសែត​មាន​ចំនួន​កើន​ឡើង តែ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ៖ «អត់​មាន​ការ​ជឿន​លឿន​ទេ​នៅ​ក្នុង​ការ​កែ​ទម្រង់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​អេឡិច​ត្រូនិច។ វិទ្យុ​និង​ទូរទស្សន៍​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​នៅ​ឡើយ។ ទី​២ អ្វី​ដែល​យើង​ចង់​បាន​នោះ សុំ​ឲ្យ​តុលាការ​ឈប់​ប្រើ​ច្បាប់​អ៊ុនតាក់​ទៅ ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរកាល​នោះ ព្រោះ​ថា​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​យើង​មាន​ហើយ»

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត ដែល​ចេញ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក បាន​សរសេរ​ថា សម្រាប់​ឆ្នាំ​២០០៨ កន្លង​មក​នេះ តាម​របាយ​ការណ៍​ដែល​ប្រមូល​បាន មាន​អ្នក​កាសែត​កម្ពុជា​បាន​រង​ការ​ចាប់​ខ្លួន ចំនួន ១៤​ករណី មាន​ការ​គំរាម​កំហែង​ផ្សេងៗ ៦​ករណី មាន​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ ២​ករណី ផ្អាក​ការ​ផ្សាយ​ចំនួន ៣​ករណី រង​ការ​ដក​ហូត​សម្ភារៈ ម៉ាស៊ីន​ថត​រូប​និង​ឧបករណ៍​ថត​សំឡេង​ជា​ដើម​នោះ មាន​ចំនួន ៣​ករណី រង​ការ​វាយ​ដំ​និង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​របួស​ចំនួន ៣​នាក់ និង​មាន​ការ​បាញ់​សម្លាប់​ម្នាក់ គឺ​លោក ឃឹម សម្បួរណ៍ អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ៕