ការ​វិនិយោគ​លើ​ភោជនីយដ្ឋាន​កើន​ឡើង

កម្រិត​ជីវភាព​​ប្រជាជន​​មាន​ការ​រីក​ចម្រើន​ ជា​ពិសេស​អ្នក​រស់​នៅ​ទីក្រុង។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ភោជនីយដ្ឋាន ឬ​ការ​វិនិយោគ​លើ​កន្លែង​ជជែក​​របស់​អ្នក​ជំនួញ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​រយៈ​ពេល​ចុងក្រោយ​នេះ។

0:00 / 0:00

តាម​ការ​ប៉ាន់​ស្មាន​មាន​ចំនួន​ភោជនីយដ្ឋាន​ប្រមាណ​ជាង​មួយ​ពាន់​ ទាំង​ចុះ​បញ្ជី​ផ្លូវការ និង​មិន​ផ្លូវ​មក​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​ផ្នែក​នេះ បាន​អះអាង​ថា បើ​ទោះ​ជា​ផ្នែក​នេះ​ មាន​ការ​រីក​ចម្រើន ប៉ុន្តែ​ភាព​ជោគជ័យ​នោះ​​គឺ​អាស្រ័យ​លើ​​សេវាកម្ម​ល្អ។

របាយការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) បាន​បង្ហាញ​ថា នៅ​ត្រឹម​ខែ​មេសា ឆ្នាំ​២០១២ ចំនួន​ភ្ញៀវ​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ កើន​ឡើង​ ២០% ដែល​មាន​ចំនួន​​ជាង ១​ម៉ឺន​​៥​ពាន់​នាក់ ហើយ​ចំនួន​ភ្ញៀវ​ដែល​មក​កម្ពុជា ក្នុង​គោល​បំណង​ផ្សេង​មាន​ចំនួន​ជាង​ ១​ម៉ឺន​២​ពាន់​នាក់ កើន​ឡើង​ប្រមាណ ១០%។

ក្រៅ​ពី​កំណើន​ភ្ញៀវ​ទេសចរ ក៏​មាន​កំណើន​ប្រជាជន ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ដែល​មាន​ចំណូល​មធ្យម ជាពិសេស​នៅ​រាជធានី​ភ្នំពេញ បាន​ទាក់​ទាញ​អ្នក​វិនិយោគ​ផ្នែក​ភោជនីយដ្ឋាន រួម​ទាំង​ការ​វិនិយោគ​ទីកន្លែង​សម្រាប់​អ្នក​ធុរកិច្ច បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពិភាក្សា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់។

សហ​ស្ថាបនិក​នៃ​​សណ្ឋាគារ ហ្វ្រង់ជីផានី វីឡាស (Frangipani Villas) លោក ឌិន សុមេធារិទ្ធិ មាន​ប្រសាសន៍​ថា កំណើន​ភ្ញៀវ​ទេសចរ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​​បាន​កើន​​ឡើង ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ចំនួន​ជាង ៣​លាន​នាក់។ កត្តា​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​នៃ​ការ​រីក​ដុះ​ដាល​នៃ​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជា​ដើម៖ «ទាក់​ទង​នឹង​ភោជនីយដ្ឋាន ជា​ទូទៅ​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ដោយ​សារ​តែ​មនុស្ស​ច្រើន ទេសចរ​ច្រើន តម្រូវ​ការ​ហូប​ចុក​ជា​ធម្មតា​វា​កើន​ហើយ»

យ៉ាង​ណា​ក៏​ដោយ​លោក ឌិន សុមេធារិទ្ធិ មាន​ប្រសាសន៍​បន្ថែម​ថា ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន រួម​ទាំង​ចំណូល​របស់​គាត់​មាន​ការ​រីក​ចម្រើន ក៏​ជំរុញ​ការ​វិនិយោគ​ផ្នែក​ភោជនីយដ្ឋាន​កើន​ឡើង​ដែរ ប៉ុន្តែ​លោក​អង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​វិនិយោគ​ចាប់​ចំណែក​ទីផ្សារ​ខុសៗ​ មាន​​​មួយ​ចំនួន​ចាប់​​ចំណែក​ទីផ្សារ​សម្រាប់​អ្នក​ដែល​មាន​ចំណូល​មធ្យម ឬ​​​សម្រាប់​ភ្ញៀវ​បរទេស​ជា​ដើម។

អ្នក​ធុរកិច្ច​មួយ​ចំនួន​បាន​អះអាង​​ថា ការ​ចាប់​យក​ទីផ្សារ​ក្នុង​ស្រុក​ជា​កត្តា​សំខាន់​ ហើយ​មាន​សក្ដានុពល​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទីប្រជុំជន។

នាយក​គ្រប់​គ្រង​នៃ​ភោជនីយដ្ឋាន​ និង​កាហ្វេ (TNC) លោក គួច សុខលី បាន​ឲ្យ​ដឹង​ថា ឥរិយាបថ​របស់​ប្រជាជន​បាន​ផ្លាស់​ប្ដូរ​នៅ​រយៈ​ពេល​ចុង​ក្រោយ​ ជា​ពិសេស​ក្រុម​យុវជន​ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ​ជាង ៣៥​ឆ្នាំ ដែល​ការ​វិនិយោគ​​មាន​សក្ដានុពល​​ខ្លាំង​នៅ​ទីប្រជុំជន ឬ​នៅ​បណ្ដា​ខេត្ត​ដែល​មាន​​សក្ដានុពល​វិស័យ​ទេសចរណ៍។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា កត្តា​សំខាន់​មួយ​ទៀត គឺ​​​ការ​កើន​ឡើង​នៃ​អ្នក​វិនិយោគ​មក​ប្រទេស​កម្ពុជា ដែល​ក្រុម​​​អតិថិជន​ទាំង​​នោះ​ត្រូវ​ការ​​ទី​កន្លែង​សម្រាប់​ពិភាក្សា​ប្រកប​ដោយ​ស្តង់ដារ និង​មាន​ផាសុកភាព៖ «អ្នក​ដែល​ជា​ពាណិជ្ចករ គាត់​ត្រូវ​ការ​ការ​កម្សាន្ត​ច្រើន ដោយ​សារ​តែ​នៅ​ស្រុក​ខ្មែរ​ជា​តំបន់​មួយ​ដែល​អ្នក​វិនិយោគ​ចូល​មក​ច្រើន។ អ៊ីចឹង​ផ្នែក​កម្សាន្ត​ទាំង​នោះ​ ជា​ផ្នែក​មួយ​ដែល​ការ​បើក​ភោជនីយដ្ឋាន​អាច​ដំណើរ​ការ​ទៅ​បាន​ច្រើន​ដែរ»

លោក​មាន​ប្រសាសន៍​បន្ត​ថា តាម​ការ​ប៉ាន់​ស្មាន​ចំនួន​អ្នក​ដែល​មាន​តម្រូវ​ការ​ផ្នែក​នេះ​មាន​ប្រមាណ ២០% ទៅ ៣០% នៃ​ចំនួន​ប្រជាជន​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​តាម​ការ​អង្កេត​របស់​លោក ការ​ផ្គត់​ផ្គង់​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នេះ​នៅ​ឡើយ​ទេ។

បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​ភោជនីយដ្ឋាន Park Cafe លោក គុយ វ៉ាត បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ផ្នែក​នេះ​ មាន​សក្ដានុពល​ខ្លាំង​បន្ថែម​ទៀត​​ ដោយ​សារ​តែ​​និន្នាការ​របស់​​អតិថិជន​ភាគ​ច្រើន​ត្រូវ​ការ​ ដែល​បង្ក​ឲ្យ​​អ្នក​ធុរកិច្ច ឬ​អតិថិជន​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពិភាក្សា​អំពី​ជំនួញ​របស់​ពួក​កាត់។

លោក​បញ្ជាក់​ទៀត​ថា ការ​រៀប​ចំ​ និង​សេវាកម្ម​ជា​កត្តា​សម្រាប់​ទាក់​ទាញ​អតិថិជន ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា ខ្វះ​ខាត​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​នៅ​ឡើយ៖ «សំខាន់​យើង​ឃើញ​ថា ប្រឈម​ខ្លាំង គឺ​ពាក់​ព័ន្ធ​នឹង​ធនធាន​មនុស្ស ដូច​នៅ​ស្ថានភាព​យើង​អត់​មាន​សាលា​បណ្ដុះបណ្ដាល ការ​ធ្វើ​ម្ហូប ឬ​ក៏​ផ្នែក​បម្រើ​អតិថិជន​ឲ្យ​ខ្លាំង​ទៅ​លើ​ភោជនីយដ្ឋាន​​តែម្ដង យើង​អត់​ទាន់​មាន មាន​តែ​តាម​រយៈ​អង្គការ ឬ​ក៏​មាន​ក្នុង​កម្រិត​តិច​តួច​បំផុត។ អ៊ីចឹង​នៅ​ពេល​ដែល​យើង​ចង់​រក​អ្នក​គ្រប់​គ្រង​ម្នាក់​ពីរ​នាក់​អី ខ្ងុំ​គិត​ថា ពិបាក​ទៅ​រក ព្រោះ​អត់​មាន​ជំនាញ​អី​ច្បាស់​លាស់»

ទី​ប្រឹក្សា​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​វិទ្យាស្ថាន វី ឃែភីថល (V CAPITAL Institute) លោក ឌិន វីរៈ មាន​ប្រសាសន៍​ថា ការ​បង្កើត​ភោជនីយដ្ឋាន​ដែល​មាន​​អាហារ ឬ​កាហ្វេ និង​សេវា​បច្ចេកវិទ្យា​ផ្សេង​ទៀត​នោះ ជា​​ប្រភេទ​អាជីវកម្ម​មួយ​ថ្មី​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សេវាកម្ម​គ្រប់​គ្រាន់​​អាច​ឲ្យ​អតិថិជន​ ឬ​អ្នក​ធ្វើ​អាជីវកម្ម​ជួប​គ្នា ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ដើម។

លោក ឌិន វីរៈ៖ «វា​ជា​ម៉ូដែល​មួយ​ថ្មី។ ឧទាហរណ៍​ដូច​ជា ផាក កាហ្វេ ឬ ធីអិនស៊ី គេ​មិន​មែន​លក់​តែ​គុយទាវ​ទេ គេ​លក់​គុយទាវ តាម​ពិត​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ល្មម​ហូប​បាន កន្លែង​ខ្លះ​ក៏​ទ្រលាន់ ហាង​ខ្លះ​ តែ​វា​មិន​មែន​លក់​តែ​គុយទាវ មាន​លក់​សេវា​គួប​ផ្សំ ដូច​ជា​សេវា internet Networking។ កន្លែង​ហ្នឹង​អាច​ឲ្យ​គេ​ជួប​គ្នា ជួប​អ្នក​រក​ស៊ី ដៃគូ​អាជីវកម្ម ដៃ​គូរ​អ្នក​រក​ស៊ី ដៃគូ​ផ្ទាល់​ខ្លួន​អ្វី​ក៏ដោយ»

​លោក ឌិន វីរៈ បញ្ជាក់​ទៀត​ថា សក្ដានុពល​ផ្នែក​នេះ​មាន​តម្រូវ​ការ​ខ្ពស់ និង​​មាន​ប្រសិទ្ធភាព​សម្រាប់​អតិថិជន​​ដែល​មាន​កិច្ចការ​រវល់​ច្រើន។

តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ចំណោម​អតិថិជន​ដែល​មាន​តម្រូវ​ទីកន្លែង​សម្រាប់​ពិភាក្សា រួម​ទាំង​មាន​សេវា​ភោជនីយដ្ឋាន​ផង​នោះ​ បាន​ចំណាយ​លុយ​ប្រមាណ ៥​ដុល្លារ ទៅ ៦​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​​អតិថិជន​ភាគ​ច្រើន​បាន​ចំណាយ​ពេល​វេលា​ប្រមាណ​កន្លះ​ម៉ោង​ទៅ ​១​ម៉ោង​ជា​មធ្យម។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ធ្លាប់​បាន​ប៉ាន់​ស្មាន​ថា ចំនួន​ភោជនីយដ្ឋាន​មាន​ប្រមាណ ៣២០ រួម​ទាំង​​ចុះ​បញ្ចី​ផ្លូវ​ការ និង​មិន​ផ្លូវ​ការ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​​អ្នក​ជំនាញ​ផ្នែក​ភោជនីយដ្ឋាន​​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំនួន​ភោជនីយដ្ឋាន​នៅ​​ភ្នំពេញ មាន​ចំនួន​ប្រមាណ​​ជាង ១​ពាន់​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។