ក្នុងវ័យចំណាស់បន្តិច មានទឹកមុខស្រពាប់ស្រពោន អ្នកគ្រូ បេ បូរី បច្ចុប្បន្នរស់នៅភូមិដក់ពរ៍ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ឲ្យដឹងថា ពីមុនគាត់ជាគ្រូបង្រៀនផ្នែកពលរដ្ឋវិទ្យា នៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ភ្នំជីសូរ ក្នុងខេត្តតាកែវ។ គាត់បានចូលនិវត្តន៍ ៤ឬ៥ឆ្នាំហើយ។ បច្ចុប្បន្នគាត់មានអាយុ៦៦ឆ្នាំ។ គាត់ថាផ្ទះកំពុងរស់នៅនេះ គាត់ត្រូវគេជួលឲ្យចាំទេ។ គាត់គ្មានផ្ទះរស់នៅឡើយ តាំងពីគាត់ផ្លាស់ពីខេត្តកោះកុង មកបង្រៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ភ្នំជីសូរ ក្នុងខេត្តតាកែវ។ ក្រោយចូលនិវត្តន៍ ឬបញ្ចប់ភារកិច្ចជាគ្រូបង្រៀនច្រើនឆ្នាំមក គាត់គ្មានមុខរបរទេ ក្រៅពីចាំផ្ទះឲ្យគេ។
ប្រាក់ខែតិច បើកមិនទៀងទាត់
អ្នកគ្រូ បេ បូរី បន្ថែមថា ប្រាក់ខែចូលនិវត្តន៍ក្នុង ១ខែ ទទួលបាន ១៩ម៉ឺន ១៤០០រៀល។ ប្រាក់នោះ បើសិនមន្ត្រីគណនេយ្យបើកឲ្យទៀងទាត់រាល់ខែ គាត់អាចចាយបានដល់ទៅ ២០ថ្ងៃដែរ។ ប៉ុន្តែបើបើកមិនទៀងទាត់ គាត់ជំពាក់គេវីវក់ ៖ "ក្រោយពីចូលនិវត្តន៍មក ប្រាក់១ឆ្នាំបានបើកបាន។ ប៉ុន្តែឥឡូវនេះ ខ្ញុំចូលនិវត្តន៍៤, ៥ឆ្នាំហើយ អ៊ីចឹងប្រាក់ចូលនិវត្តន៍ហ្នឹង បើកវាអត់ទៀងទាត់ ដូចគ្រូបង្រៀននៅតាមសាលា។ ឧបមាដូចគ្រូបង្រៀននៅតាមសាលា ដាច់ខែបើកហើយ។ បើខ្ញុំឯណេះឧបមាថា ដាច់ខែហ្នឹង ចូលខែមួយទៀត រហូត ដាច់ខែទៀតបានបើកឲ្យ។ ដូចប្រាក់ខែ១ មកបើកបាននៅខែ៣។ ហើយដល់អ៊ីចឹង ដល់ការបើកអត់ទៀតទាត់ហ្នឹង ធ្វើឲ្យយើងមានការលំបាកក្នុងជីវភាព"។

អ្នកគ្រូ បេ បូរី មានប្រសាសន៍ទាំងក្ដុកក្ដួលថា គាត់នៅចាំផ្ទះឲ្យគេនេះគ្មានបានកម្រៃទេ។ ម្ចាស់ផ្ទះបានទិញស្រែមួយឲ្យគាត់ធ្វើ ប៉ុន្តែគាត់មិនមានប្រាក់គ្រប់គ្រាន់អាចធ្វើស្រែបាន គាត់បានប្រវាស់ស្រែជាមួយគេ បានស្រូវដែលកិនជាអង្ករ អាចទទួលទានបាន ៤ទៅ៥ខែដែរ ៖ "កូនស្រែមួយតូច គេឲ្យខ្ញុំធ្វើដែរ តែខ្ញុំគ្មានលទ្ធភាព ព្រោះឈ្នួលដកស្ទូង ច្រូតអីអស់ថ្លៃណាស់។ ដល់អ៊ីចឹង ប្រវាស់នឹងគេទៅ បានស្រូវហូប ៤ ៥ខែដែរ បានជាង ១០តៅស្រូវនឹង តែហូបអត់គ្រាន់ទេ"។
អ្នកគ្រូបន្តថា សព្វថ្ងៃគាត់គ្មានកូនចៅនៅរស់អាចពឹងពាក់បានទេ មិនតែប៉ុណ្ណោះ កូនរបស់គាត់បានស្លាប់ក្នុងពេលចោរប្លន់ឡានកំពុងធ្វើដំណើរ បន្សល់ចៅប្រុសម្នាក់ឲ្យគាត់ចិញ្ចឹមតាំងពីតូចរហូតមក។ បច្ចុប្បន្នចៅប្រុសកំពុងរៀនថ្នាក់ទី១២ វិទ្យាល័យប៊ុនរានីហ៊ុនសែន ភ្នំជីសូរ ៖ "វារៀនខ្សោយទៀត ព្រោះចៅហ្នឹងបែបវាស្លុតកាលគេប្លន់ឡាន គេបាញ់ទៅ ក្រោយមកចៅនោះឲ្យតែឃើញមនុស្សស្រែកបាត់ស្មារតី។ ហើយបើចៅហ្នឹងប្រឡងជាប់ទៅ ខ្ញុំគិតថា ទៅនៅរកស៊ីលក់ផ្លែឈើចិញ្ចឹមចៅ ឲ្យវាបានរៀន"។
អ្នកគ្រូបន្តថា ដោយសារចៅជាប់សិក្សា គាត់មិនទាន់ហ៊ានធ្វើដំណើរទៅរកស៊ីនៅកន្លែងផ្សេងឡើយ តាមការគិតទុក គាត់នឹងទៅរកស៊ីដើរលក់ផ្លែឈើនៅភ្នំពេញ ព្រោះមានលោកគ្រូ អ្នកគ្រូចូលនិវត្តន៍បានរត់ទៅរកស៊ីលក់ផ្លែឈើនៅភ្នំពេញ បានកម្រៃចិញ្ចឹមជីវិតប្រសើរជាងលក់ដូរនៅជនបទ។ អ្នកគ្រូបានឲ្យដឹងថា ក្នុង១ថ្ងៃ គាត់ហ៊ានចំណាយ ២ពាន់រៀល ទិញម្ហូបប៉ុណ្ណោះ ៖ "ដល់ចុង... យើងពាក់កណ្ដាលឆ្នាំទៅ ត្រូវអស់អង្ករដល់អស់អង្ករ យើងត្រូវលៃលកសន្សំប្រាក់ខែបន្តិចៗ ទុកទិញអង្ករអីទៅ ដូចថាក្នុង ១ខែ សន្សំឲ្យសល់ ១ម៉ឺនៗ អីទៅ។ ហើយម្ហូប ដូចថាយើងអត់ ថ្ងៃណានេះពងទា ឆាបន្លែអីទៅ ហើយសល់លុយនោះ ចេះតែទុកៗ ទៅ ដល់ពេលយើងអស់អាស្រូវនឹងទៅ យើងមានលុយទិញអង្ករ បាន ១តៅ អ៊ីចឹងទៅ"។
អាជ្ញាធរឃុំរវៀង លោក កឹម ណិល ឲ្យដឹងថា ក្នុងឃុំរវៀង មានលោកគ្រូ អ្នកគ្រូ ប្រមាណ ១០នាក់ បានចូលនិវត្តន៍។ ការប្រកបរបរនៅក្នុងឃុំនេះ ដូចក្នុងភូមិដក់ពរ៍ មានរបរត្បាញហូល ត្បាញក្រមា អំបោះជាដើម។ ប៉ុន្តែសិប្បកម្មដោយដៃនោះ ត្រូវការប្រាក់ច្រើនសម្រាប់ធ្វើដើមទុន លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ទទួលបានប្រាក់ខែទាប មិនមានលទ្ធភាពក្នុងការប្រកបមុខរបរតម្បាញនោះបានទេ។ របរត្បាញ ទាល់តែមានដើមទុនទិញកីត្បាញ និងមានដើមទុនទិញសូត្រ ឬអំបោះមកត្បាញ។
លោកគ្រូ អ្នកគ្រូ នៅភូមិដក់ពរ៍ ប្រាប់ថាលោកគ្រូម្នាក់ទៀត ទើបចូលនិវត្តន៍ ឆ្នាំ២០១០ គាត់ឈ្មោះ កឹម ថា។ ក្រោយចូលនិវត្តន៍ ប្រាក់ខែមិនងាយបើកបានជាង ១ឆ្នាំ មកនោះ លោកគ្រូ កឹម ថា បាន រកស៊ីលក់បបរនៅក្នុងភូមិ។ គាត់លក់ពេញ១ថ្ងៃ បានប្រាក់ចំណេញប្រមាណ ៥ពាន់រៀល មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានទេ។
លក់បៀវត្សរ៍
លោក គ្រូ កឹម ថា សម្រេចចិត្តលក់ប្រាក់បៀវត្សរ៍ ចូលនិវត្តនោះទៅឲ្យអ្នកផ្សេង។ អ្នកទិញប្រាក់ខែចូលនិវត្តន៍របស់លោកគ្រូ កឹម ថា គេបានឲ្យប្រាក់គាត់ តែពាក់កណ្ដាលនៃប្រាក់គាត់នឹងទទួលបានសរុបជាង ១លាន ៦០ម៉ឺនរៀល។ ក្រោយជីវភាពកាន់តែត្រដាបត្រដួស លោកគ្រូបាននាំភរិយាទៅរកស៊ីទូលផ្លែឈើលក់នៅតាមផ្សារ ក្នុងក្រុងភ្នំពេញ។
លោកគ្រូម្នាក់ទៀតទើបចូលនិវត្តន៍ឆ្នាំ២០១០ ដែរ ឈ្មោះ គិន ស៊ូ អះអាងថា តាំងពីគាត់ចូលនិវត្តន៍ មកដល់សព្វថ្ងៃជាង ១ឆ្នាំ ហើយ គាត់មិនទាន់ទទួលបានប្រាក់ប្រចាំខែចូលនិវត្តន៍ទេ។ ក្រសួងអប់រំបានឧបត្ថម្ភប្រាក់គាត់ ៨ខែ ដែលគាត់អាចយកមកប្រកបរបរប្រវាស់ស្រែ និងមេគោជាមួយអ្នកស្រុក ៖ "ធ្វើស្រែខ្លះបន្តិចបន្តួច និងមានមេគោមួយ និងកូនគោចេះតែថែៗ វាទៅ លក់តាមដោះស្រាយតាមជីវភាពតាមនឹងទៅ។ ចិញ្ចឹមមេគោយកកូនលក់ទៅ បើចិញ្ចឹមច្រើន ក៏រត់មិនរួចដែរ ព្រោះឥឡូវគោអី ក៏យើងមិនទៅកាន់ឯណាកើត ទាល់តែទិញស្មៅគេមួយបាច់ ពីរអីទៅ ដើម្បីដោះស្រាយ គោស៊ីទៅ។ ទើបយើងបានមេគោមួយ កូនគោមួយហ្នឹង ព្រោះគោឥឡូវក៏វាមិនសូវ នេះប៉ុន្មានដែរព្រោះតាមធុនដែរ គោមានល្អក៏ថ្លៃទៅ គោខ្លះក៏វា ១លានជាង ២លានជាងតាមគុណភាពគោ។ ហើយដល់ខ្ញុំ បើចិញ្ចឹមគោហ្នឹង វាមានបានអីឲ្យគោល្អដូចគេ បានគ្រាន់តែឲ្យមានអាចម៍ខ្លះ ហើយនឹងបានលក់អីបន្តិចបន្តួចហ្នឹងកូនហ្នឹង"។
លោក គិន ស៊ូ បានឲ្យដឹងថា កូនគាត់ ៥នាក់ មានគ្រួសារខ្លះ បានចេះជួយចិញ្ចឹមគ្នា។ ចំណែកគាត់មានដីភូមិនៅសល់ បានធ្វើរោងជួលឲ្យគេលក់គុយទាវ បានកម្រៃ ៥ម៉ឺនរៀល ក្នុង១ខែដែរ។
លោកគ្រូ អ្នកគ្រូចូលនិវត្តន៍បានអំពាវនាវថា ពួកគាត់កាន់តែចាស់ មិនអាចមានកម្លាំងរកចំណូលបានច្រើនទេ គាត់សុំឲ្យរដ្ឋាភិបាលបង្កើតកន្លែងសម្រាប់ជួយដល់មនុស្សចាស់ ឬមន្ត្រីរាជការចាស់ជរា គ្មានកូនចៅទីពឹង ឲ្យគ្នាបានស្នាក់នៅ មានអាហារហូបរាល់ថ្ងៃ មានគ្រូពេទ្យចាំព្យាបាលមិនគិតថ្លៃជាដើម៕