មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្ត​កែប​រង​ការ​ចោទ​ថា​កាត់​ប្រាក់​បំណាច់​របស់​អតីត​យុទ្ធជន

ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ចូល​និវត្តន៍​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០០៩ ដោយ​ចោទ​ប្រកាន់​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​កែប ថា​បាន​កាត់​ប្រាក់​បំណាច់​របស់​ពួក​គាត់​ដោយ​មិន​សម​ហេតុផល​ក្នុង​គ្រា​ដែល​ពួក​គាត់​បាន​ទៅ​បើក​ប្រាក់​បំណាច​បៀវត្សរ៍​នោះ។

អ្នកស្រី គឹម លក្ខិណា អាយុ​៣៥​ឆ្នាំ ជា​ភរិយា​យុទ្ធជន​ពលី​រស់​នៅ​ក្រុង​កែប បាន​មាន​ប្រសាសន៍​ថា តាម​ចំនួន​ទឹក​ប្រាក់​រយៈពេល​២០​ខែ​ដែល​រួម​មាន​កូន​៥​នាក់​និង​អ្នកស្រី​ម្នាក់​ផង គឺ​អ្នកស្រី​នឹង​ត្រូវ​ទទួល​បាន​ជាង​៩០​ម៉ឺន​រៀល ប៉ុន្តែ​អ្នកស្រី​បើក​ប្រាក់​នោះ​បាន​តែ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ។

អ្នកស្រី គឹម លក្ខិណា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ទេ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​វា​មិន​ត្រូវ​ដែរ គាត់​ចេះ​តែ​បើក​មក គ្មាន​នរណា​តវ៉ា​បាន ហើយ​បើក​អត់​មាន​ថា​ឲ្យ​គ្នា​មើល អា​នេះ​គេ​គិត គេ​បូក គេ​ដក ខ្លួន​គេ ហើយ​ក្រដាស​ស្អី​ក៏​គេ​មិន​ឲ្យ​យើង​មើល​ទាំង​អស់ ដឹង​តែ​ចេញ​លុយ​មក​ប៉ុន្មាន​អ៊ីចឹង គេ​ឲ្យ​យើង។ វា​មិន​សូវ​ខឹង​ទេ​អា​ឆ្លៀត​ដក​កន្ទុយ ដក​ក្បាល ធ្វើ​ដូច​រាង​រឡេមរឡាម​ដូច​ពិបាក​មើល​ណាស់ ខ្ញុំ​ដល់​អ៊ីចឹង​ដូច​រាង​ខឹង​ដែរ វា​មិន​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ស៊ី​លើ​មួយ​តង់​ហើយ ក៏​ប៉ុន្តែ​មក​ធ្វើ​អ៊ីចឹង​ទៀត»

អ្នកស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា ក្រុម​អ្នក​ទៅ​បើក​ប្រាក់​បំណាច់​ទាំង​នោះ អ្នក​ខ្លះ​បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ការ​កាត់​លុយ​ពី​ក្រុម​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធជន​នោះ។ អ្នកស្រី​បាន​បន្ត​ថា ពេល​បើក​ប្រាក់​នោះ​គឺ​មិន​មាន​បញ្ជី​ស្នាម​សម្រាប់​ផ្ទៀងផ្ទាត់​គ្នា​ឡើយ។

ចំណែក​បុរស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទៅ​បើក​ប្រាក់​បំណាច់​របស់​ឪពុក​ជា​យុទ្ធជន​ពិការ​ចូល​និវត្តន៍​នោះ បាន​ថ្លែង​ដែរ​ថា ក្នុង​ចំនួន​ប្រាក់​ខែ​ចូល​និវត្តន៍​ដែល​ត្រូវ​ទទួល​បាន​នោះ​ចំនួន​៣​លាន​៦​សែន​រៀល ប៉ុន្តែ​បា្រក់​ដែល​បើក​បាន​នោះ​មាន​តែ​២​លាន​៥​សែន​រៀល ៖ «អត់​ដឹង​មូលហេតុ​អី​ហើយ​ប្រាក់​ខែ​មិន​ដឹង​មួយ​ខែ​ប៉ុន្មាន? អត់​ដឹង អា​នេះ​ស្រេច​តែ​គេ​ថា ហើយ​ចេញ​មក​ដូច​គ្រប់​គ្នា​ទាំងអស់ អា​ខ្លះ​ណា​បើក​បាន​២២​ម៉ឺន​-​២៥​ម៉ឺន​អ៊ីចឹង ឲ្យ​តែ​២០​ម៉ឺន​ទេ ខ្លះ​១២​ម៉ឺន ឲ្យ​១០​ម៉ឺន អ្នក​ខ្លះ​៦៦​ម៉ឺន អ្នក​ដែល​ពលី​នៅ​ក្បែរ​ខ្ញុំ​ដែរ បាន​តែ​៦០​ម៉ឺន កាត់​តែ​ពាស ដល់​អ៊ីចឹង​វា​អត់​មាន​យុត្តិធម៌​អី​បន្តិច​សោះ!»

ក្រុម​គ្រួសារ​យុទ្ធជន​ពលី​និង​ពិការ​ទាំង​នោះ​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​បញ្ហា​ប្រាក់​សម្រាប់​បើក​ឲ្យ​ក្រុម​យុទ្ធជន​ពិការ​និង​គ្រួសារ​យុទ្ធជន​ពលី​ទាំង​នោះ។

មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​និង​អតីត​យុទ្ធជន​ខេត្ត​កែប​មិន​ទាន់​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​លើ​ករណី​ដែល​គ្រួសារ​យុទ្ធជន​ពិការ​និង​ពលី​ចោទ​ប្រកាន់​ថា​មាន​ការ​កិប​កេង​លុយ​និង​ដកហូត​លុយ​របស់​ពួក​គាត់​នោះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច​និង​អតីត​យុទ្ធជន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជា​គោលការណ៍​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដកហូត​ប្រាក់​បៀវត្សរ៍​ពី​គ្រួសារ​យុទ្ធជន​ពលី​និង​ពិការ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​ដដែល​មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ដែល​ទទួល​បន្ទុក​ដើម្បី​ទៅ​ពិនិត្យ​និង​តាមដាន​មើល​ករណី​មិន​ប្រក្រតី​ដែល​កើត​មាន​ឡើង​នេះ៕