អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិនរ៉ៃវាច់ បានអំពាវនាវមួយនៅថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី ឲ្យបញ្ឈប់ការខិតខំហាមប្រាមមេធាវីផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ។
អង្គការយូមិនរ៉ៃវាច់ បានហៅសេចក្តីណែនាំរបស់គណៈមេធាវី ចំពោះមេធាវីមិនឲ្យផ្ដល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយដោយមិនមានការអនុញ្ញាតពីប្រធានមុន ថាជាការប្រឆាំងសេរីភាពក្នុងការបញ្ចេញមតិ និងមានបំណងរារាំងការរិះគន់នានាចំពោះរដ្ឋាភិបាល។ ក្រៅពីនេះ ការប្រឹងប្រែងនោះ ជាការខិតខំមួយរបស់រដ្ឋាភិបាលក្នុងគោលដៅត្រួតត្រាទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកមានវិជ្ជាជីវៈច្បាប់។
លោក ប្រែដ អាដាម (Brad Adams) នាយកអង្គការយូមិនរ៉ៃវ៉ាច់ ខាងអាស៊ី បានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយធ្វើការគាបសង្កត់ឲ្យបានលឿន និងជាសាធារណៈទៅលើរដ្ឋាភិបាលកម្ពុជា ចំពោះការហាមប្រាមនេះ ដើម្បីបញ្ឈប់សកម្មភាពប្រឆាំងសេរីភាពក្នុងការបញ្ចេញមតិនេះ។
លោក ប្រែដ អាដាម៖ «រដ្ឋាភិបាលចាត់ទុកអ្នករិះគន់ ដូចជាសត្រូវរបស់រដ្ឋ។ ប៉ុន្តែ ដើម្បីបង្ហាញរឿងទាំងឡាយឲ្យបានច្បាស់លាស់ អ្នកច្បាប់តែងតែត្រូវការនិយាយប្រឆាំងជាមួយគោលការណ៍របស់រដ្ឋាភិបាល និងការអនុវត្តដែលរំលោភសិទ្ធិមនុស្ស។ របៀបរបបត្រួតពិនិត្យថ្មីរបស់រដ្ឋាភិបាល និងគណៈមេធាវី គឺជាការប៉ុនប៉ងចុកមាត់អ្នកមានវិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការរិះគន់រដ្ឋាភិបាល»។
សេចក្ដីថ្លែងការណ៍នោះ បានសុំឲ្យប្រទេសផ្ដល់ជំនួយទាំងអស់ដែលបានចំណាយពេល ចំណាយប្រាក់យ៉ាងច្រើន ជួយអភិវឌ្ឍប្រទេសកម្ពុជា កន្លងមក ឆ្ពោះទៅកាន់ប្រទេសមួយឯករាជ្យ និងនីតិរដ្ឋ ត្រូវបញ្ចេញប្រតិកម្មខ្លាំងៗ និងច្បាស់ៗ តបតរដ្ឋាភិបាលដែលគំនាបលើមេធាវីដូច្នេះ ដែលរបាយការណ៍នោះបញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាលនេះ មិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា លោក ប៊ុន ហុន ជាប្រធានគណៈមេធាវីកន្លងមក បានទទួលការតែងតាំងដោយគណបក្សប្រជាជនកម្ពុជា ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ប្រតិកម្មតបចំពោះសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិនរ៉ៃវាច់ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍នោះមានគោលដៅវាយប្រហារទៅលើរដ្ឋាភិបាល និងគ្មានវិជ្ជាជីវៈទេ។
លោក ផៃ ស៊ីផាន៖ «ការលើកឡើងរបស់អង្គការនេះ គឺការយល់ដឹងអំពីអ្វីហៅថា គណៈមេធាវីកម្ពុជា គេមានក្រមសីលធម៌ គឺមានបទបញ្ជាផ្ទៃក្នុងរបស់គេ ហើយគ្មានអ្វីទាក់ទងជាមួយរាជរដ្ឋាភិបាលទាល់តែសោះ ព្រោះជាអង្គការមួយឯករាជ្យ និងវិជ្ជាជីវៈ។ សេចក្តីថ្លែងការណ៍នោះគ្រាន់តែជាការវាយប្រហារ មើលមិនគ្រប់ជ្រុងជ្រោយ»។
ចំណែកលោកមេធាវី យឹម សារី អ្នកនាំពាក្យគណៈមេធាវីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី១១ កុម្ភៈ ថា គោលដៅរបស់គណៈមេធាវីក្នុងការណែនាំឲ្យមេធាវីសុំការអនុញ្ញាតមុនពេលជួប ឬទទួលធ្វើជាវាគ្មិនបកស្រាយខ្លឹមសារច្បាប់តាមប្រព័ន្ធផ្សព្វផ្សាយនោះ គឺចង់ឲ្យការបកស្រាយច្បាប់ទាំងឡាយឲ្យបានត្រឹមត្រូវ មានខ្លឹមសារច្បាស់លាស់។
លោកមេធាវី យឹម សារី៖ «គណៈមេធាវីយល់ឃើញថា បើវិទ្យុ ទូរទស្សន៍ ចង់អញ្ជើញមេធាវីឲ្យទៅផ្តល់យោបល់ផ្នែកណាមួយ ត្រូវតែសុំការអនុញ្ញាតពីគណៈមេធាវី។ ហើយគណៈមេធាវីមិនបដិសេធ ហើយមិនចាត់តាំងទេ គឺឲ្យតែមានជូនដំណឹងមក ហើយស្នើសុំចាត់តាំងមេធាវីមកគណៈមេធាវី និងផ្តល់មេធាវីតាមសំណូមពរ»។
កាលពីថ្ងៃទី៨ កុម្ភៈ កន្លងទៅ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ មានប្រសាសន៍ណែនាំទៅបណ្ដាអ្នកដឹកនាំស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត ក្នុងស្រុកថា រាល់ការអញ្ជើញមេធាវីមកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់របស់ស្ថានីយខ្លួន ត្រូវឆ្លងកាត់ការអនុញ្ញាតពីគណៈមេធាវី ដើម្បីឲ្យត្រឹមត្រូវទៅតាមមាត្រា១៥ នៃក្រមសីលធម៌របស់គណៈមេធាវីកម្ពុជា។
មាត្រា១៥នៃក្រមសីលធម៌គណៈមេធាវី ចែងអំពីអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី។ គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់មេធាវី ក្នុងឋានៈខ្លួនជាមេធាវី និងអាចអនុញ្ញាតឲ្យធ្វើបានតែក្នុងក្របខណ្ឌនៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍បែបនេះ ទាមទារឲ្យមានការប្រុងប្រយ័ត្នជាទីបំផុត។ ប្រធានគណៈមេធាវី ត្រូវតែបានទទួលដំណឹងពិគ្រោះយោបល់ជាមុនក្នុងរឿងនេះ លើកលែងតែពុំមានលទ្ធភាព។
កាលពីថ្ងៃទី៣១ មករា កន្លងទៅ គណៈមេធាវីបានចេញផ្សាយលិខិតព្រមានមួយច្បាប់ទៅលើលោកមេធាវី គួយ ធុនណា ចំពោះសកម្មភាពផ្តល់បទសម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗនៅតាមទំព័រសារព័ត៌មាន ដែលបានរំលោភលើមាត្រា១៥ នៃក្រមសីលធម៌មេធាវី។ លិខិតដែលចុះហត្ថលេខាដោយលោក ប៊ុន ហុន ប្រធានគណៈមេធាវី បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ លោកមេធាវីមិនត្រូវផ្តល់បទសម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី នៅតាមបណ្ដាញសារព័ត៌មាននានា ដោយគ្មានការអនុញ្ញាតពីគណៈមេធាវីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។