អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​រំលឹក​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ទល់​សព្វ​ថ្ងៃ ពិសេស​គឺ​ការ​ដក​ហូត​យក​ដីធ្លី និង​ការ​បណ្ដេញ​​ពលរដ្ឋ​ចេញ​ពី​លំនៅ​ទាំង​បង្ខំ ដែល​គេ​គិត​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

0:00 / 0:00

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចេញ​នៅ​ខែ​មករា ឆ្នាំ​២០១២ មាន​ចំណង​ជើង​ថា របាយការណ៍​សង្ខេប​ប្រចាំ​ប្រទេស បាន​ឲ្យ​ដឹង​ថា ការ​ដក​ហូត​ដី​ខុស​ច្បាប់ និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​មន្ត្រី​រដ្ឋាភិបាល ហើយ​សមត្ថកិច្ច​បាន​តាំង​ខ្លួន​ធ្វើ​ជា​តំណាង​របស់​ក្រុមហ៊ុន ឬ​បុគ្គល​មាន​អំណាច​នោះ វា​ជា​បញ្ហា​គាប​សង្កត់​ដ៏​ធ្ងន់ធ្ងរ ដូចជា​ករណី​បណ្ដេញ​អ្នក​ភូមិ​បុរី​កីឡា កាល​ពី​ដើម​ខែ​មករា ជាដើម។

នៅ​ក្នុង​របាយការណ៍​នេះ គេ​បាន​លើក​ឡើង​ចំនួន ៧​ចំណុច ក្នុង​នោះ​គេ​ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ជា​បញ្ហា​សំខាន់។

របាយការណ៍​បាន​លើក​ឡើង​ពី​សហគមន៍​បឹង​កក់ គិត​ពី​ឆ្នាំ​២០០៧ មក អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ឲ្យ​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ និង​មន្ត្រី​នគរបាល​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ ៤.២០០​គ្រួសារ រស់​នៅ​តំបន់​បឹង​កក់ ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​តំបន់​បឹង​កក់ មាន​រយៈ​ពេល ៩៩​ឆ្នាំ ឲ្យ​ទៅ​ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ជា​ក្រុមហ៊ុន​របស់​លោក ឡៅ ម៉េងឃីម ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រជាពលរដ្ឋ​ដែល​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​រីករាយ សហគមន៍​ដី​ក្រហម ក្រុម​៧៨ សហគមន៍​បឹង​កក់ និង​សហគមន៍​បុរី​កីឡា​ជាដើម ដែល​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាត់​បង់​លំនៅឋាន​ដែល​ធ្លាប់​រស់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ មាន​មុខ​របរ​ធ្វើ និង​កូន​បាន​ទៅ​សាលា​រៀន​ដូច​កូន​អ្នក​ដទៃ​ទៀត​នោះ ប៉ុន្តែ​បច្ចុប្បន្ន​អ្វី​ដែល​ធ្លាប់​មាន​បែរ​ជា​បាត់​បង់​ទៅ​វិញ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​នោះ។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) មាន​ប្រសាសន៍​ថា ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​កម្ពុជា ក្រោម​រូបភាព​អភិវឌ្ឍន៍ គឺ​ដើម្បី​តែ​ផលប្រយោជន៍​របស់​ក្រុម​អ្នក​មាន​អំណាច​មួយ​ចំនួន​តូច​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​រង​គ្រោះ។

ដោយ​ឡែក​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ដែល​ឃ្លាំ​មើល​អំពី​ការ​បណ្ដេញ​ចេញ​នោះ បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា ជា​ការ​អភិវឌ្ឍ​ផុយ​ស្រួយ ដែល​វា​មិន​មាន​និរន្តរភាព​យូរ​អង្វែង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ឡើយ។ ពួកគេ​បាន​អះអាង​ទៀត​ថា របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ វា​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ពិត​នៅ​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល​កំពុង​តែ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន និង​រំលោភ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក សៀ ភារម្យ ពន្យល់​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​នោះ គឺ​ជា​ក្រុមហ៊ុន​ដែល​ជិតស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ឬ​ជា​ក្រុមហ៊ុន​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក សៀ ភារម្យ៖ «យើង​មាន​ការ​បារម្ភ​​ទៅ​ថ្ងៃ​មុខ​ថា វា​នឹង​អាច​មាន​ព្រឹត្តិការណ៍​អី​កើត​មាន។ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​គាត់​អាច​ទ្រាំ​បាន ក៏​ប៉ុន្តែ​បើ​សិន​ជា​ការ​ឈឺ​ចាប់​របស់​គាត់​កាន់​តែ​ច្រើន​ឡើងៗ ចំនួន​នៃ​អ្នក​ដែល​រង​គ្រោះ​ដោយសារ​ការ​អភិវឌ្ឍន៍​មិន​មាន​តម្លាភាព វា​នឹង​ធ្វើ​អោយ​មាន​ចលនា​មហាជន​អី​ហ្នឹង​អាច​កើត​មាន​ឡើង ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល»

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ពឹង​លើ​ស្ថានការណ៍​ជាក់​ស្ដែង។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ ប្រទេស​ណា​ក៏​មាន​ករណី​នេះ​ដែរ។

លោក ទិត សុធា៖ «ការ​អភិវឌ្ឍ​របស់​កម្ពុជា គឺ​ផ្អែក​ទៅ​លើ​តម្រូវការ​ចាំបាច់​ជាក់​ស្តែង ហើយ​ជុំវិញ​ការ​បន្លាស់​ទី​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នេះ គឺ​ទាក់ទង​ទៅ​នឹង​ឯកសារ​ជាក់​លាក់​នៃ​ការ​តាំង​លំនៅ​របស់​ពួក​គាត់»

នៅ​ខែ​មករា ឆ្នាំ​២០១២ នេះ បញ្ហា​ជម្លោះ​ដីធ្លី​បាន​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ក្នុង​ការ​បណ្ដេញ​ចេញ ដូចជា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ទាហាន​ការពារ​ក្រុមហ៊ុន ធីធីវ៉ាយ (TTY) របស់​លោក​ឧកញ៉ា ណា ម៉ារ៉ាឌី បាន​បាញ់​ប្រជាពលរដ្ឋ​​​ រស់​នៅ​​ឃុំ​ពីរ​ធ្នូ ស្រុក​ស្នួល ខែត្រ​ក្រចេះ ឲ្យ​របួស​ធ្ងន់​ចំនួន ៤​នាក់ នៅ​គ្រា​ដែល​ពួក​គាត់​តវ៉ា​មិន​ឲ្យ​គ្រឿងចក្រ​ក្រុមហ៊ុន ​ឈូស​រំលោភ​យក​ដី​ចំការ​ដំឡូង​​មី​របស់​ពួកគាត់ និង​ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកី​ឡា និង​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ដើម។

លោក ហ្វីល រ៉ូប៊ើតសុន បាន​លើក​ជា​ឧទាហរណ៍​ជម្លោះ​ដី​នៅ​តំបន់​សហគមន៍​បុរី​កីឡា​ថា ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) មិន​បាន​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ដែល​ថា ក្រុមហ៊ុន​នឹង​សាងសង់​អគារ​ចំនួន​១០។ ផ្ទុយ​ទៅ​វិញ​គេ​បាន​សង់​អគារ​តែ​ចំនួន ៨ ហើយ​ថែម​ទាំង​បណ្ដេញ​ចេញ​ទៀត ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ដាក់​ទោស​ទៅ​លើ​ភាគី​ក្រុមហ៊ុន​ទៅ​វិញ។

លោក ហ្វីល រ៉ូប៊ើតសុន៖ «កិច្ចសន្យា​គឺ​ជា​កិច្ចសន្យា។ យើង​បារម្ភ​រឿង​នេះ​ណាស់។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​តម្រូវ​អោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច គោរព​ធ្វើ​តាម​កិច្ច​សន្យា​របស់​ខ្លួន ជា​ជាង​បណ្ដោយ​អោយ​មាន​ការ​ប្រើ​កម្លាំង​បណ្ដេញ​ពលរដ្ឋ​ទាំង​នោះ​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ ហើយ​បង្ខំ​អោយ​ទៅ​រស់​នៅ​ទី​តាំង​ថ្មី​ដាច់​ស្រយាល គ្មាន​ប្រភព​ទឹក គ្មាន​ប្រព័ន្ធ​អនាម័យ គ្មាន​សាលារៀន​សំរាប់​កូនៗ និង​គ្មាន​ឱកាស​បាន​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត គឺ​ជា​ទី​ដែល​គ្មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​នោះ​ឡើយ។ វា​ជាក់ស្ដែង​ណាស់​ក្នុង​រឿង​នេះ គឺ​ភាគី​ក្រុមហ៊ុន​ដែល​ត្រូវ​សាងសង់​អគារ​តាម​កិច្ចសន្យា​ជា​អ្នក​បំពាន​លើ​កិច្ច​សន្យា»

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​លើក​ហេតុផល​ថា ការ​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល​វា​មិន​ស្រប​ទៅ​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ទេ ពិសេស​គឺ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​មាន​លំនៅឋាន ពីព្រោះ​ថា ជា​គោលការណ៍​អភិវឌ្ឍន៍​គេ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​ត្រូវ​មាន​កិច្ច​ពិភាក្សា​អំពី​ផល​ប៉ះពាល់​អំពី​ការ​អភិវឌ្ឍ​ទាំង​នោះ។

ប្រធាន​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក យ៉េង វីរៈ បាន​សង្កត់​ធ្ងន់​ថា ប្រទេស​ជា​ម្ចាស់​ជំនួយ​បាន​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​ប្រទេស​ទាំង​នោះ​បាន​ផ្ដល់​ជំនួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ច្រើន​រយ​លាន​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​អភិវឌ្ឍ​ប្រទេស។ ផ្ទុយ​ទៅ​វិញ​ការ​អភិវឌ្ឍ​នោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លំនៅឋាន និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ទៅ​វិញ។

លោក យ៉េង វីរៈ៖ «ការ​ជួយ​ឧបត្ថម្ភ​របស់​ប្រទេស​ផ្ដល់​ជំនួយ ដៃគូ​អភិវឌ្ឍន៍​ទាំង​ឡាយ​ដែល​គេ​ជួយ​យើង​ជា​ថវិកា​ប្រចាំ​ឆ្នាំ គេ​ចង់​ជួយ​ធ្វើ​ម៉េច​អោយ​ប្រទេស​ខ្មែរ​មាន​ការ​អភិវឌ្ឍ ដល់​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​នឹង​បាន​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ហ្នឹង»

របាយការណ៍​របស់ Human Rights Watch ដដែល បាន​សរសេរ​ទៀត​ថា កម្ពុជា​បាន​ទទួល​ជំនួយ​ពី​បរទេស​សម្រាប់​យក​អភិវឌ្ឍន៍​ប្រទេស​គិត​ពី​ឆ្នាំ​២០០៩ ដល់ ២០១២ មាន ២.៨០០​លាន​ដុល្លារ​អាមេរិក។ ថវិកា​ជំនួយ​នោះ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ ៦០០​លាន​ដុល្លារ ហើយ​ជំនួយ​អន្តរជាតិ​នេះ មាន​ចំនួន​លើស​ពី ៥០% នៃ​ថវិកា​ជាតិ​សរុប។

ធនាគារ​ពិភពលោក​បាន​ពន្យារ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទៀត បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​លើ​ការ​ដោះស្រាយ​បញ្ហា​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក។ ធនាគារ​នេះ​ក៏​បាន​សំដែង​ពី​ក្ដី​កង្វល់​អំពី​បញ្ហា​ពុករលួយ​នៅ​កម្ពុជា ក្នុង​កម្រិត​ខ្ពស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​ធនាគារ​នេះ​ចាត់​វិធានការ​លើ​ករណី​នេះ​នៅ​ឡើយ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ទៅ​តាម​គោលនយោបាយ​របស់​ខ្លួន ដែល​បាន​ប្រកាស​កន្លង​មក​ថា រដ្ឋាភិបាល​ចង់​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​យក​ច្បាប់​ជា​ធំ។ ប៉ុន្តែ​ពួកគេ​បាន​ពន្យល់​ថា ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង និង​ករណី​ជម្លោះ​ដីធ្លី​នៅ​តំបន់​ផ្សេងៗ​ទៀត ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ​នោះ រដ្ឋាភិបាល​កម្ពុជា នឹង​មិន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​មក​នៅ​ត្រឹម ៧% បាន​ទេ នៅ​ឆ្នាំ​២០១៥ ខាង​មុខ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។