ប្រវត្តិ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល

ខ្មែរ​មាន​បុណ្យ​ប្រពៃណី​កំណត់​ព្រឹត្តិការណ៍ ទាំង​ខាង​ទំនៀម​ទម្លាប់​ប្រចាំ​ជាតិ ទាំង​ខាង​ជំនឿ​សាសនា រួម​មាន​បុណ្យ​ចូល​ឆ្នាំ បុណ្យ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ មាឃបូជា វិសាខបូជា ។ល។ ក្នុង​ចំណោម​ពិធី​ទ្វាទសមាស​ទាំង​នេះ មាន​បុណ្យ​មួយ​ដែល​សំខាន់​សម្រាប់​ខ្មែរ​ជាតិ​អ្នក​កសិករ គឺ​បុណ្យ​ច្រត់​ព្រះនង្គ័ល ។
ដោយ សាន សុវិទ្យ
2008-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០០៨ ។
ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០០៨ ។
RFA Photo/Chea Makara

ថ្ងៃ​៤​រោច ខែ​ពិសាខ រៀងរាល់​ឆ្នាំ​នៅ​កម្ពុជា​ដែល​ឆ្នាំ​នេះ​ធ្លាក់​ចំ​ថ្ងៃ​សុក្រ ទី​២៣ ឧសភា មាន​បុណ្យ​ប្រពៃណី​មួយ​ពី​បរម​បុរាណ​មក ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ព្រះមហាក្សត្រ​ជា​ការ​ប្រកាស​ឲ្យ​ប្រជា​កសិករ​ដឹង​ថា ចប់​ខែ​ក្តៅ​ចូល​ខែ​វស្សា​ដល់​ពេល​ចាប់ផ្តើម​ដាំ​ស្រូវ​ធ្វើ​ស្រែ​សម្រាប់​ឆ្នាំ​ថ្មី​ទៀត​ហើយ ។

បុណ្យ​នេះ​មាន​ឈ្មោះ​ថា ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​​ដែល​ជា​ពិធី​មួយ​របស់​ព្រាហ្មណ៍​នៅ​ជម្ពូទ្វីព ឬ​ប្រទេស​ឥណ្ឌា ហើយ​សព្វថ្ងៃ​នេះ​នៅ​ឥណ្ឌា​នៅ​រដ្ឋ​ខ្លះ ដូច​ជា​រដ្ឋ​អូរិស្សា ឬ​មហា​រ៉ាស្រ្តា​ក៏​នៅ​មាន​ប្រារព្ធ​ធ្វើ​នៅ​ឡើយ គេ​ហៅ​ថា​បុណ្យ​ព្រះធរណី ។

លោក ព្រាប ចាន់ម៉ារ៉ា នៃ​វិទ្យាស្ថាន​សិល្បៈ​និង​វប្បធម៌​រៃយំ មាន​ប្រសាសន៍​ថា​ច្រត់​នង្គ័ល​ជា​ទំនៀម​ដែល​មាន​ចែង​ជា​ហូរហែ​ក្នុង​ព្រហ្មញ្ញ​សាសនា​ផង ពុទ្ធសាសនា​ផង ៖ «ច្រត់​ព្រះ​នង្គ័ល​ហ្នឹង ដូច​ជា​ទំនៀម​ខាង​ព្រាហ្មណ៍ ព្រោះ​យើង​មើល​នៅ​ក្នុង​រឿងរ៉ាវ​ច្រើន​ណាស់​ទាក់​ទង​នឹង​ច្រត់​ព្រះ​នង្គ័ល​ហ្នឹង ច្រើន​តែ​នៅ​ក្នុង​ទំនៀម​ព្រាហ្មណ៍ ។ ឧទាហរណ៍​ដូច​ជា រាមកេរ​ត្រង់​វគ្គ​មួយ ស្ទើរ​តែ​ដើម​រឿង​ដែរ គឺ​គេ​ទៅ​ច្រត់​ព្រះនង្គ័ល​រក​នាង​សេដា ដែល​គេ​ផ្ញើ​នឹង​ព្រះធរណី​នៅ​ក្នុង​ដី ។ ដល់​ពេល​គេ​ទៅ​រក​វិញ មហា... លោក​ទៅ​ភ្ជួរ ធ្វើ​ពិធី​ច្រត់​ព្រះនង្គ័ល​ហ្នឹង តាម​ទំនៀម​ព្រាហ្មណ៍​ធ្វើ​អ៊ីចឹង ។ ហើយ​មក​ដល់​រឿង​រ៉ាវ​ពុទ្ធ​សាសនា ក៏​មាន​និយាយ​រឿង​ច្រត់​ព្រះនង្គ័ល ឧទាហរណ៍ កន្លែង​មួយ​នោះ ពេល​ដែល​ព្រះពុទ្ធអង្គ​ប្រសូត​មក មាន​ពិធី​ច្រត់​នង្គ័ល​មួយ គេ​យក​ព្រះ​អង្គ​ទៅ​ចូល​រួម​ដែរ ហើយ​ពេល​នោះ ព្រះ​អង្គ​ចេះ​ពិចារណា​រឿង​គោ​អី ដែល​ហត់​នឿយ​ក្នុង​ការ​ភ្ជួរ​ស្រែ​ហ្នឹង ។ ហើយ​សរុប​ទៅ​ទំនៀម​អស់​ហ្នឹង​គឺ​មក​ពី​ឥណ្ឌា»

ដោយ​ការ​កត់ត្រា​របស់​ខ្មែរ​សម័យ​មុន ភាគ​ច្រើន​បន្សល់​ទុក​ក្នុង​សភាព​ជា​រូប​ចម្លាក់​ឆ្លាក់​លើ​ជញ្ជាំង​ថ្ម​នៃ​ប្រាសាទ​បូរាណ យើង​តែង​ចង់​ដឹង​ថា តើ​មាន​ដំណែល​អ្វី​ពី​រឿង​ពិធី​ច្រត់​ព្រះ​នង្គ័ល​លើ​ជញ្ជាំង​រោង​ទង​នៅ​បាយ័ន ឬ​អង្គរវត្ត​ដែរ​ឬ​ទេ ?

លោក ព្រាប ចាន់ម៉ារ៉ា ដែល​សិក្សា​ចប់​ពី​មហា​វិទ្យាល័យ​បូរាណ​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ មាន​ប្រសាសន៍​ប្រាប់​ដូច្នេះ ៖ «ចម្លាក់​នៅ​អង្គរ​ដែល​ច្រត់​ព្រះនង្គ័ល​តែម្ដង​ដូច​មិន​ដែល​បាន​ឃើញ ឬ​ក៏​កំបាំង​ពី​ភ្នែក​ខ្ញុំ​យ៉ាង​ម៉េច​មិន​ដឹង ប៉ុន្តែ​តាម​ដែល​ដឹង គឺ​មិន​ដែល​ឃើញ​រូប​ច្រត់​ព្រះនង្គ័ល​ហ្នឹង​ឲ្យ​ច្បាស់​ក្រឡែត​មិន​ដែល​ឃើញ គ្រាន់​តែ​មាន​ទេព​មួយ​អង្គ​នោះ ដែល​សព្វ​ថ្ងៃ​យើង​យក​ជា​ទេព​សំខាន់​នៅ​ក្នុង​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​ហ្នឹង ឈ្មោះ ពលរាម ហើយ​ពលរាម​ហ្នឹង​កាន់​នង្គ័ល ។ ហើយ​សព្វ​ថ្ងៃ​នៅ​ក្នុង​ព្រះរាជ​ពិធី​ហ្នឹង យើង​ដាក់​តួអង្គ​មួយ​ទេព​មួយ​នោះ​សំខាន់​ជាង​គេ ហៅ​ឈ្មោះ​ថា ព្រះពលទេព ។ ទៅ​ឃើញ​ហើយ​រូប​ហ្នឹង គេ​ធ្វើ​ជា​ព្រះបដិមា​កាន់​នង្គ័ល អានេះ​សេសសល់​តាំង​ពី​មុន​សម័យ​អង្គរ​ទៅ​ទៀត រូប​នោះ​គេ​យក​មក​ពី​ភ្នំ​ដារ នៅ​សតវត្សរ៍​ទី ៧ អី»

នៅ​ក្នុង​កំណត់ហេតុ​របស់​គាត់​មន្ត្រី​ទូត​ចិន ជីវតាក្វាន់ ដែល​បាន​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នា​ចុង​សតវត្សរ៍​ទី​១៣ ពី​ឆ្នាំ ១២៩៦ ដល់ ១២៩៧ ថ្វីបើ​គាត់​បាន​កត់ត្រា​ពី​ពិធីបុណ្យ​នានា​របស់​ខ្មែរ​សម័យ​នោះ​ជា​ច្រើន តាំងពី​បុណ្យ​ចូល​ឆ្នាំ​ដល់​បុណ្យ​ដុត​ភ្នំ​ស្រូវ តែ​ពុំ​បាន​និយាយ​ពី​ពិធី​បុណ្យ​ច្រត់​នង្គ័ល​ផង​ទេ គ្រាន់តែ​បាន​សង្កេត​ថា​ក្នុង​មួយ​ឆ្នាំ ខ្មែរ​អាច​សាប​ព្រោះ​និង​ច្រូត​ស្រូវ​បាន​ពី​៣​ទៅ​៤​លើក ។

ដោយសារ​មាន​ចម្បាំង​រាំង​ជល់​ត្រូវ​ផ្លាស់ប្តូរ​រាជធានី​ច្រើន​លើក​ច្រើនសា សម័យ​ក្រោយ​អង្គរ​ពុំ​មាន​បន្សល់​កំណត់​កត់ត្រា​អ្វី​ពី​ពិធី​ទ្វាទសមាស​មួយ​នេះ​ឲ្យ​បាន​ដឹង​ផង​ទេ ។

កម្ពុជា​សម័យ​សង្គមរាស្ត្រ​និយម​ក៏​តែងតែ​មាន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ​ជា​ប្រចាំ​ដែរ។ វចនានុក្រម​សម័យ​សង្គម​សរសេរ​ថា ច្រត់​នង្គ័ល ឬ​តាម​រាជស័ព្ទ​ហៅ​ថា ច្រត់​ព្រះ​នង្គ័ល ជា​ឈ្មោះ​មង្គល​ពិសេស​មួយ​រាប់​បញ្ចូល​ក្នុង​មង្គល​ទ្វាទសមាស ដើម្បី​ចម្រើន​ការ​សាប​ព្រោះ​​បណ្តុះ​ដាំ​ក្នុង​រដូវ​ភ្លៀង​របស់​ប្រជាជន ហើយ​ក្នុង​គម្ពីរ​បាលី​ហៅ​ថា វប្បមង្គល ។

កាលពី​ឆ្នាំ​១៩៦៨ សម្តេច នរោត្តម សីហនុ ប្រមុខ​រដ្ឋ​ខ្មែរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​១ ទ្រង់​បាន​ច្រត់​ព្រះ​នង្គ័ល​ដោយ​ផ្ទាល់​ព្រះហស្ត​ព្រះអង្គ ក្នុង​ព្រះរាជ​ពិធី​ដែល​ប្រារព្ធ​ធ្វើ​ចុង​ក្រោយ​នៅ​ឯ​ខេត្ត​ស្វាយរៀង ។

ប្រាកដ​ណាស់​មក​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម និង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​ពុំ​មាន​ធ្វើ​ពិធី​នេះ​ទេ ។

ក្រោយ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​ឆ្នាំ​១៩៩៣ ស្ថាបនា​ព្រះរាជាណាចក្រ​ខ្មែរ​ឡើង​វិញ ហើយ​ស្ថាបនា​សម្តេច នរោត្តម សីហនុ ជា​ព្រះ​មហា​ក្សត្រ​ម្តង​ទៀត ព្រះបាទ នរោត្តម សីហនុ ទ្រង់​ក៏​បាន​ស្តារ​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នេះ​ឲ្យ​រស់​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៤ តែ​ព្រះអង្គ​ពុំ​បាន​ដឹកនាំ​ការ​ច្រត់​ព្រះ​នង្គ័ល​ដោយ​ផ្ទាល់​ព្រះហស្ត​ទៀត​ទេ គឺ​ទ្រង់​បាន​តែងតាំង​ស្តេច​មាឃ ឲ្យ​តំណាង​ព្រះអង្គ​វិញ ។

លោក អ៊ឹម បូរិន្ទ មន្ត្រី​ស្រាវជ្រាវ​ខាង​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ បញ្ជាក់​ថា​ស្តេច​មាឃ គឺ​ព្រះមហាក្សត្រ​លោក​តែងតាំង ៖ «នេះ​តាម​ព្រះករុណា​លោក​សព្វព្រះទ័យ ថា​អ្នក​ណា​អាច​ធ្វើ​ជា​ស្ដេច​មាឃ​ហ្នឹង...»

ក្នុង​ពិធី​នេះ​ស្តេច​មាឃ​ដែល​មាន​មេហួ​រែក​អម្រែក​មាស​ប្រាក់​ដាក់​ពូជ​ស្រូវ​ដើរ​ព្រោះ​ស្រូវ​តាម​ពី​ក្រោយ ច្រត់​ព្រះ​នង្គ័ល​៣​ជុំ​ស្រែ​សិប្បនិមិ្មត​នៅ​វាល​ព្រះមេរុ​ខាង​ជើង​ព្រះ​បរម​រាជវាំង ។ រួចហើយ​ទើប​មាន​ពិធី​សំខាន់​ដែល​កសិករ​ខ្មែរ​រង់ចាំ​លទ្ធផល​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត ព្រោះ​ជា​ទំនាយ​អនាគត​នៃ​ភោគ​ផល​កសិកម្ម​ប្រចាំ​ឆ្នាំ គឺ​ការ​យាង​អញ្ជើញ​គោ​ឧសភរាជ ឲ្យ​ទៅ​សោយ​ចំណី​​៧​មុខ​និង​ទាយ​ថា ធ្វើ​ស្រែ​ចម្ការ​នឹង​បាន​ផល​យ៉ាងណា​ខ្លះ ដែល​លោក អ៊ឹម បូរិន្ទ ពី​ព្រះបរម​រាជវាំង​រៀបរាប់​ប្រាប់​ដូច្នេះ ៖ «ទី​១​មាន​ស្មៅ ទី​២ សណ្ដែក ទី​៣ មាន​ពោត ទី​៤ មាន​ទឹក ទី​៥ មាន​ស្រា ទី​៦ មាន​ល្ង ស្រូវ ។ អាហារ​ទាំង​អស់​ហ្នឹង គោ​សោយ​អី​របស់​ដំបូង​លើក​លែង​តែ​ស្រា​មួយ​ទេ ហើយ​និង​ស្មៅ ។ បើ​ផឹក​ស្រា​ស្រុក​ទេស​វា​អត់​ស្រួល ស្មៅ​មាន​ជំងឺ​តម្កាត់​សត្វពាហនៈ»

ការ​ទស្សន៍ទាយ​នេះ​ពិត​ឬ​មិន​ពិត ឆុត​ឬ​មិន​ឆុត​យ៉ាងណា​នោះ មិន​ជា​បញ្ហា​ធំ​ដុំ​ទេ ។ អ្វី​ដែល​សំខាន់​គឺ​និមិត្ត​រូប​នៃ​ពិធី​នេះ។

ព្រះតេជព្រះគុណ ទួន សុផល នៃ​វត្ត​ស្វាយពពែ ក្រុង​ភ្នំពេញ មាន​ដីកា​អំពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ដែល​មាន​អាយុកាល​យូរ​អង្វែង​មួយ​នេះ​ដូច្នេះ ៖ «អត្ថន័យ​ដែល​ធ្វើ​នេះ គ្រាន់​តែ​ជា​និមិត្តរូប ព្រះ​រាជា​លោក​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ប្រជារាស្រ្ត​លោក លោក​ធ្វើ​ពិធី​ច្រត់​ព្រះនង្គ័ល​ហ្នឹង គឺ​ការ​បួង​សួង​សុំ​ទឹក​ភ្លៀង សុំ​សុខ​សន្តិភាព សុំ​កុំ​ឲ្យ​មាន​រោគា​ព្យាធិ ជា​ការ​ទឹក​ចិត្ត​ផ្សព្វផ្សាយ​ព្រហ្ម​វិហារ​ធម៌ ទសពិធរាជធម៌ ទៅ​លើ​ប្រជារាស្រ្ត​ព្រះអង្គ ជា​និមិត្តរូប​តែ​ប៉ុណ្ណឹង​ទេ គ្រាន់​ថា​រោគា​ព្យាធិ​វា​ទៅ​តាម​អាកាស​ធាតុ ទៅ​តាម​រោគ​អី​ផ្សេងៗ តំបន់​នីមួយៗ គ្រាន់​តែ​ថា ព្រះទ័យ​ព្រះអង្គ​ចង់​ឲ្យ​សុខ​សន្តិភាព ចង់​ឲ្យ​កូន​ចៅ​ព្រះ​អង្គ​ទូទាំង​ប្រទេស​បាន​ផល​ស្រូវ បាន​បន្លែ​ផ្លែ​ឈើ​គ្រប់​គ្នា​ទាំង​អស់ នេះ​ជា​ទឹក​ចិត្ត​របស់​ព្រះរាជា​ទេ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល