លោក ញឹក ប៊ុនឆៃ លក់​ទីស្នាក់ការ​ហ៊្វុនស៊ិនប៉ិច

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បាន​ចោទ​ប្រកាន់​អគ្គ​លេខាធិការ​គណ​បក្ស​នេះ​ថា បាន​លក់​ដី​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ ខុស​នឹង​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​របស់​បក្ស។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ដោយ​ចោទ​ប្រកាន់​លោក ញឹក ប៊ុន​ឆៃ អគ្គ​លេខាធិការ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ថា ​បាន​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណ​បក្ស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន និង​ទីស្នាក់ការ​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​ទៀត មិន​ប្រកាស​ឲ្យ​សមាជិក​បក្ស​ដឹង​ជា​ចំហ​ទេ។

អតីត​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ផន ចន្ថា ដែល​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មការ​នាយក​នៃ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​មាន​ប្រសាសន៍​ថា លោក ញឹក ប៊ុនឆៃ បាន​លក់​ស្នាក់​ការ​កណ្ដាល​គណ​បក្ស​ក្នុង​តម្លៃ​ជាង ៣​លាន ៨​សែន​ដុល្លារ​អាមេរិក ហើយ​ការ​លក់​ដី​ទីស្នាក់ការ និង​ការ​ទិញ​ដី​ដើម្បី​សង់​ស្នាក់​ការ​ថ្មី​វិញ​នោះ លោក ញឹក ប៊ុនឆៃ ពុំ​បាន​រក​អ្នក​សិក្សា​អំពី​តម្លៃ​ច្បាស់​លាស់​ទេ។ លោក ផន ចន្ថា បាន​អះអាង​ថា លោក ញឹក ប៊ុនឆៃ ប្រកាស​ប្រាប់​តម្លៃ​លក់​ដំបូង​ចំនួន​ទឹក​ប្រាក់​ជាង ៤​លាន ២​សែន​ដុល្លារ ប៉ុន្តែ​ពេល​លក់ គឺ​លក់​បាន​តែ​ជាង ៣​លាន​ដុល្លារ​ទៅ​វិញ។

លោក ផន ចន្ថា បាន​បញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​លក់​ស្នាក់​ការ​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​ទៀត ដូច​ជា​ស្នាក់​ការ​នៅ​ខែត្រ​សៀមរាប ស្នាក់​ការ​បក្ស​នៅ​ខែត្រ​កំពង់ចាម នៅ​ខែត្រ​ពោធិ៍សាត់ ដី​ទូល​អំពិល ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល ដី​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ហើយ​ការ​លក់​ទាំង​នេះ មិន​ប្រកាស​ប្រាប់​គណៈកម្មការ​នាយក​នោះ​ទេ។ លោក ផន ចន្ថា បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ​នេះ លោក និង​សមាជិក​គណៈកម្មការ​នាយក​មួយ​ចំនួន​ទៀត មិន​ចង់​ឲ្យ​លក់ ឬ​ការ​ដោះ​ដូរ​ថ្មី​ទេ។

អគ្គ​លេខាធិការ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ញឹក ប៊ុនឆៃ បាន​បំភ្លឺ​ថា ការ​លក់​ដោះ​ដូរ​គណ​បក្ស​នេះ គឺ​មាន​ការ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ចំនួន ១២​រួប និង​បាន​ពិភាក្សា​ជា​មួយ​គណៈកម្មការ​នាយក​របស់​បក្ស​ចំនួន ៨៧​រួប ដែល​មាន​តែ ៣​រួប​ទេ ដែល​មិន​យល់​ព្រម​លក់។ លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ថា ការ​លក់​ស្នាក់​ការ​បក្ស​នៅ​តាម​បណ្ដា​ខែត្រ មាន​តែ​ពីរ​ទេ គឺ​នៅ​ខែត្រ​កំពង់ចាម និង​ខែត្រ​សៀមរាប ដោយ​សារ​តែ​ស្នាក់​ការ​ទាំង​ពីរ មាន​ប្លង់​កម្មសិទ្ធិ​ជា​ឈ្មោះ​របស់​សមាជិក​បក្ស មិន​មែន​ជា​ឈ្មោះ​រួម​របស់​បក្ស ហើយ​រាល់​ការ​លក់​ដោះ​ដូរ​ទាំង​អស់ គឺ​សុទ្ធ​តែ​មាន​គណៈកម្មការ​ឯកភាព។

លោក ផន ចន្ថាថា បាន​បញ្ជាក់​ថា ការ​ឲ្យ​គណៈកម្មការ​នាយក​លើក​ដៃ​ព្រម ឬ​មិន​ព្រម​នៃ​ការ​លក់​ស្នាក់​ការ​កណ្ដាល​គណ​បក្ស​នេះ មិន​មែន​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទេ ព្រោះ​ថា មិន​មែន​បោះ​ឆ្នោត​ជា​សម្ងាត់ ហើយ​សមាជិក​គណៈកម្មការ​នាយក​ជា​ច្រើន​ទៀត​ជំទាស់​មិន​ចង់​លក់ គ្រាន់​តែ​មិន​ហាន​ជំទាស់​បើក​ជំហរ​តែ​ប៉ុណ្ណោះ ហើយ​ថា ការ​ធ្វើ​ដូច្នេះ​ជា​ការ​គាប​សង្កត់។

អនុ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក លឺ ឡាយ​ស្រេង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​អំពី​ការ​លក់​ស្នាក់​គណ​បក្ស​នេះ គឺ​លក់​ឲ្យ​ម្ចាស់​ធនាគារ​កាណាឌីយ៉ា ប៉ុន្តែ​ការ​លក់​យ៉ាង​ណា​នោះ លោក​មិន​ដឹង​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី លោក លឺ ឡាយ​ស្រេង បាន​គាំទ្រ​ចំពោះ​ការ​លក់​ដោះ​ដូរ​ស្នាក់​ការ​គណ​បក្ស​ថ្មី​នេះ។

ឯកសារ​ខ្ចី​ប្រាក់​ពី​ធនាគារ​កាណាឌីយ៉ា​បាន​បង្ហាញ​ថា លោក ញឹក ប៊ុនឆៃ ជំពាក់​ប្រាក់​ចំនួន ២​លាន​ដុល្លារ មាន​រយៈ​ពេល​បី​ខែ ចាប់​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១០ ដោយ​មាន​ឯកសារ​យោង​របស់​លក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​បក្ស និង​របាយ​ការណ៍​ប្រជុំ​របស់​គណៈកម្មការ​អចិន្ត្រៃយ៍ និង​ឯកសារ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។

លោក លឺ ឡាយ​ស្រេង បាន​បញ្ជាក់​ថា ប្រាក់​កម្ចី​ទាំង​នេះ គេ​យក​ទៅ​សង់​ស្នាក់​ការ​ថ្មី​នៅ​សង្កាត់​បាក់​ខែង នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A។

លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា ស្នាក់​ការ​ថ្មី​នេះ​នឹង​សាង​សង់​រួច​នៅ​ចុង​ខែ​កុម្ភៈ​នេះ ដែល​មាន​ផ្ទៃ​ដី​ជាង​១​ម៉ឺន ១​ពាន់​ម៉ែត្រ​ក្រឡា ចំណាយ​ទឹក​ប្រាក់​អស់ ១​លាន ៥​សែន​ដុល្លារ រី​ឯ​ស្នាក់​ការ​ចាស់​មាន​ទំហំ​ជាង ២២០​ម៉ែត្រ​ក្រឡាទេ។

ទោះ​ជា​យ៉ាង​ណា លោក ផន ចន្ថា បាន​បន្ថែម​ថា ថវិកា​ដែល​បាន​សាង​សង់​ស្នាក់​ការ​គណ​បក្ស​នៅ​តាម​បណ្ដា​ខែត្រ និង​នៅ​រាជ​ធានី​នោះ គឺ​ជា​ថវិកា​បង់​របស់​សមាជិក ដែល​បង់​ចូល​បក្ស និង​ថវិកា​របស់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ដែល​បាន​សាង​សង់​ស្ថិត​នៅ​ក្រោម​អតីត​សម្ដេច​ក្រុមព្រះ នរោត្តម​រណឫទ្ធិ ធ្វើ​ជា​ព្រះ​ប្រធាន​គណ​បក្ស៕