តុលាការ​គ្រោង​កាត់​ក្ដី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​អធិការកិច្ច និង​ឈ្មួញ​ជួញ​ដូរ​ដី​ធ្លី​ម្នាក់ ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទា​ទោស​ក្រោម​​បទ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​សូកប៉ាន់។
ដោយ សុខ សេរី
2010-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ
១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ
RFA/Sok Serey

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​បើក​សវនាការ​នៅ​ថ្ងៃ​២២ កក្កដា​ខាង​មុខ​នេះ ដើម្បី​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អធិការកិច្ច​មួយ​រូប និង​ឈ្មួញ​ដី​ធ្លី​ម្នាក់​ទៀត ពី​បទ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​ជា​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ធ្វើ​របាយការណ៍​ភូត​កុហក​ក្រសួង​អធិការកិច្ច និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កន្លងមក។

ជន​ជាប់​ចោទ​ចំនួន ២​នាក់​នោះ​មាន​ឈ្មោះ សេង យៀន មាន​តួនាទី​ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​របស់​ក្រសួង​អធិការកិច្ច និង​ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា ព្រម​ទាំង​ឈ្មួញ​កណ្ដាល​ម្នាក់​​គឺ​លោក​ស្រី ឌី ព្រឹម បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍​ភូត​កុហក​ថ្នាក់​លើ ដើម្បី​រឹប​យក​ដី​ធ្លី​ចំនួន​ជាង ៥​ហិកតារ​ពី​កសិករ​ឈ្មោះ ហួត សារុំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​សង្ស័យ ២​នាក់​នេះ តាម​មាត្រា​ទី​៣៨ និង​មាត្រា​ទី​៥៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល សម័យ​អ៊ុនតាក់ (UNTAC)។

ជន​រងគ្រោះ​ដោយសារ​ការ​រឹប​យក​ដី​ធ្លី អ្នក​ស្រី ហួត សារុំ (ឆ្វេង) នៅ​ទីស្នាក់ការ​វិទ្យុ​អាស៊ី​សេរី។ (RFA/Sok Serey)
ជន​រងគ្រោះ​ដោយសារ​ការ​រឹប​យក​ដី​ធ្លី អ្នក​ស្រី ហួត សារុំ (ឆ្វេង) នៅ​ទីស្នាក់ការ​វិទ្យុ​អាស៊ី​សេរី។ RFA/Sok Serey

មន្ត្រី​តុលាការ​បាន​អះអាង​ថា សំណុំរឿង​នេះ​មិន​ទាក់ទង​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ ព្រោះ​រឿង​ហេតុ​នេះ​បាន​កើត​ឡើង​មុន​ពេល​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អនុម័ត។

ប្រភព​បាន​អះអាង​ថា ដើម​បណ្ដឹង​នៃ​សំណុំរឿង​ពុក​រលួយ​នេះ គឺ​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា។

មេធាវី​ការពារ​ក្ដី​ឲ្យ​គ្រួសារ​រងគ្រោះ​ជា​កសិករ អ្នក​ស្រី ហួត សារុំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​នេះ ថា ៖ «សុំ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស ជន​ជាប់​ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ កុំ​ឲ្យ​មាន​ជា​គំរូ»

កសិករ​រង​គ្រោះ គឺ​អ្នក​ស្រី ហួត សារុំ អាយុ ៦៥​ឆ្នាំ នៅ​ក្នុង​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ៖ «គឺ​ត្រូវ​ដាក់​គុក ដាក់​គុក! អត់​មាន​ឲ្យ​សល់​នរណា​ម្នាក់​ទេ ពីព្រោះ​អ្នក​ឯង​ធ្វើ​បាប​ខ្ញុំ​ឆ្អែត​ហើយ»

មូលហេតុ​ដែល​នាំ​ឲ្យ​លោក សេង យៀន និង​ឈ្មួញ​កណ្ដាល​ឈ្មោះ ឌី ព្រឹម បាន​រង​ការ​ចោទ​ប្រកាន់​នោះ គឺ​ដោយសារ​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា ព្រម​ទាំង​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា បាន​ស្រាវជ្រាវ​រក​ឃើញ​ថា លោក សេង យៀន បាន​ទទួល​ប្រាក់​សំណូក​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ចំណោម​ប្រាក់​សំណូក​សរុប ២០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់ និង​ឈ្មួញ​កណ្ដាល​ឈ្មោះ ឌី ព្រឹម កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​កន្លង​ទៅ ដើម្បី​ធ្វើ​របាយការណ៍​ភូត​កុហក​ក្នុង​ការ​រឹប​យក​ដី​ស្រែ​ជាង ៥​ហិកតារ​ពី​កសិករ​ឈ្មោះ ហួត សារុំ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​របាយការណ៍​ភូត​កុហក​ដូច្នេះ គឺ​ក្នុង​បំណង​ដើម្បី​ឲ្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ចេញ​លិខិត​ស.ជ.ណ.​មួយ ដើម្បី ​រឹប​យក​ដី​ធ្លី​ជាង ៥​ហិកតារ​នោះ ដើម្បី​ជា​ឱកាស​លក់​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុង​តម្លៃ​ជាង ៧​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​រោងចក្រ។

រហូត​មក​ដល់​ពេល​នេះ កសិករ​ឈ្មោះ ហួត សារុំ កំពុង​តែ​កាន់កាប់​ដី​ស្រែ​នោះ​នៅ​ឡើយ​ទេ ដោយសារ​ដី​ធ្លី​នោះ​មិន​ត្រូវ​បាន​លក់​នៅ​ឡើយ នៅ​គ្រា​ដែល​បែក​ការណ៍ ឬ​ធ្លាយ​រឿង​អាស្រូវ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង យៀន គឺ​លោក ណាច គ្រី បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​នៅ​ឡើយ​ទេ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នា​ពេល​ឆាប់​ៗ​នេះ ៖ «អត់​បាន​ទទួល​ដីកា​ផង ក្រែងលោ​គាត់​ឈប់​ពឹង​ពាក់​ខ្ញុំ!»

មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ស្រី ឌី ព្រឹម គឺ​លោក ចាន់ វិចិត្រ បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​រួច​ហើយ ៖ «ដឹង​ការងារ ដែល​ត្រូវ​ការពារ​អី​ម៉េច​ៗ​ហើយ គាត់​អត់​មាន​កំហុស​ណា៎!»

ឯកសារ និង​ប្រភព​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​តំណែង​របស់​លោក សេង យៀន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ គឺ​នៅ​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក និង​លោក​ស្រី ឌី ព្រឹម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១០។

ប្រភព​អ្នក​ច្បាប់​បាន​ឲ្យ​ដឹង​ថា បើ​សិន​តុលាការ​រក​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​ទោស​កំហុស​មែន​នោះ តុលាការ​នឹង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​ពី ៣​ឆ្នាំ ទៅ ៧​ឆ្នាំ តាម​មាត្រា​ទី​៣៨ ក្រោម​បទ​ស៊ី​សំណូក និង​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូកប៉ាន់​នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល