ប្រជាពលរដ្ឋទាំងនោះមកពីភូមិកំព្រំ ភូមិបន្ទាយស្រីនិងភូមិទួលក្រឡាញ់ ឃុំឃុនរាមនិងឃុំខ្នាសណ្តាយ ខ្លះស្រែកទ្រហោយំនិងមួយចំនួនទៀតបានស្រែកទាមទារឲ្យអាជ្ញាធរបញ្ឈប់ការឈូសឆាយដីសម្បទានសង្គមកិច្ចទីនោះនិងឲ្យអាជ្ញាធរគួរជ្រើសរើសយកដីកន្លែងមួយផ្សេងទៀតដែលមិនប៉ះពាល់ដល់ដីចម្ការរបស់ពួកគេ។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងដូច្នេះ ៖ «ដីខ្ញុំបាទហ្នឹង៣ហិកតា។ ពីរឿងដកដីដកធ្លី ខ្ញុំជាកម្មករហ្នឹងសំណូមពរដល់សម្តេចដើម្បីឲ្យជួយមិនឲ្យយកដីហ្នឹងទេ ខ្ញុំសុំយកវិញអ៊ីចេះ។ ខ្ញុំបាត់បង់ដីជាង២០ហិកតា។ ៥គ្រួសារ ជាកូនជាចៅជាប្អូនជាបងមកជុំគ្នាទាំងអស់តែម្តង។ ខ្ញុំដាំដំឡូង ខ្ញុំដាំឪឡឹក ខ្ញុំដាំចន្ទីតាំងពី២០០៣មកដល់សព្វថ្ងៃនេះ។ ខ្ញុំសុំបញ្ចប់កុំឲ្យមកឈូសឆាយដកហូតដីប្រជាពលរដ្ឋតទៅទៀត»។
ទោះយ៉ាងណាអាជ្ញាធរស្រុកបន្ទាយស្រី បានឆ្លើយតបថា ការពិតគឺប្រជាពលរដ្ឋដែលលើកគ្នាតវ៉ានោះមានការយល់ច្រឡំតែប៉ុណ្ណោះ គឺអាជ្ញាធរមិនបានយកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋណាម្នាក់ទេ។
អភិបាលស្រុកបន្ទាយស្រី លោក ម៉ឹង វុទ្ធី បានមានប្រសាសន៍ថា ដីតំបន់ដែលអ្នកភូមិតវ៉ានោះ គឺរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៣៣ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧ មកម្ល៉េះ ដោយចាត់ទុកទីនោះជាដីព្រៃបម្រុងទុកអចិន្ត្រៃយ៍លើផ្ទដីទំហំជាង២៥០០ហិកតា ហើយផ្ទៃដីទំហំជាង១៣០០ហិកតាក្នុងចំណោមនោះ គឺរដ្ឋាភិបាលបានប្រគល់ឲ្យអាជ្ញាធរខេត្តសៀមរាបធ្វើជាដីសម្បទានសង្គមកិច្ចដើម្បីចែកជូនប្រជាពលរដ្ឋអ្នកខ្វះខាតដី។
លោក ម៉ឹង វុទ្ធី បានមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមឈូសឆាយដីនោះដើម្បីបោះបង្គោលព្រំកំណត់កាលពីថ្ងៃទី១៣ មករា កន្លងមក ដោយបានកោះប្រជុំពន្យល់ប្រជាពលរដ្ឋឲ្យបានដឹងថា អាជ្ញាធរគ្រាន់តែកំណត់ទីតាំងដីនោះជាមុន ហើយបើប្រជាពលរដ្ឋមានដីកម្មសិទ្ធិនៅក្នុងតំបន់នោះ គឺត្រូវយកឯកសារមកជួបគណៈកម្មការ។
លោក ម៉ឹង វុទ្ធី មានប្រសាសន៍ដូច្នេះ ៖ «ដីដែលប្រគល់ជូនខេត្តសម្រាប់ធ្វើដីសម្បទានសង្គមកិច្ច១.៣១៧ហិកតា។ រដ្ឋទៅបោះឯណាដូចពាក្យចចាមអារ៉ាមថា យើងទៅយកដីគាត់គឺអត់មានទេ គឺដីនេះរដ្ឋធ្វើដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ។ អ៊ីចឹងបានថា សំខាន់ដំបូងយើងត្រូវដឹងព្រមកន្លែងណាសិន ហើយលិខិតពាក់ព័ន្ធឲ្យគាត់កាន់នឹងដៃទៅ ដើម្បីយកមកដាក់ក្នុងគណៈកម្មការ»។
លោក សួស ណារិន អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តសៀមរាប ដែលបានចុះស្រាវជ្រាវបញ្ហានេះ បានមានប្រសាសន៍ថា នេះជាការដោះស្រាយបញ្ហាទំនាស់ដីធ្លី ក៏ដូចជាគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ប៉ុន្តែលោកបានរកឃើញថា ក្នុងចំណោមដីសម្បទានសង្គមកិច្ចនោះ គឺមានដីខ្លះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋពីមុនមក ដូច្នេះលោកសំណូមពរឲ្យធ្វើយ៉ាងណាកុំឲ្យសម្បទានដីសង្គមកិច្ចនោះធ្វើឲ្យប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ដីពីមុនមកប្រែក្លាយទៅជាអ្នករងគ្រោះដោយការបាត់បង់ដីទៅវិញនោះ៕
