បាតុករ​ថៃ​ដែល​ប៉ុនប៉ង​ចូល​មក​ប្រាសាទ​ព្រះវិហារ​ដក​ថយ​វិញ​ហើយ

ក្រុម​បាតុករ​អាវ​លឿង​របស់​ថៃ​ដែល​ធ្វើ​បាតុកម្ម​ប៉ុនប៉ង​ជំរុល​ចូល​មក​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​បាន​ដក​ខ្លួន​ថយ​ទៅ​វិញ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​​២០ កញ្ញា បន្ទាប់​ពី​លើក​គ្នា​មក​ដល់​ភូមិ​ស្រល់​នៃ​ស្រុក​កាន់ថារ៉ាឡាក់​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​និង​បាន​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​តាម​ជាយដែន​និង​កង​តម្រួត​បណ្តាល​ឲ្យ​រង​របួស​មួយចំនួន​មក។

0:00 / 0:00

វិទ្យុ FM របស់​ថៃ​ប្រចាំ​ខេត្ត​ស៊ីសាកេត បាន​សម្ភាសន៍​ផ្សាយ​ជាមួយ​តំណាង​ក្រុម​បាតុករ​មួយ​រូប​កាល​ពី​ម៉ោង​ជាង​មួយ​រសៀល​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​ចំនួន​៣០​នាក់​បាន​ចូល​មក​ចរចា​ជាមួយ​កង​ទាហាន​ថៃ​នៅ​បន្ទាយ​ក្រហម​ទល់​មុខ​ប្រាសាទ​ព្រះវិហារ​ដើម្បី​សុំ​ចូល​មក​មុខ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ប៉ុន្តែ​មិន​មាន​ការ​យល់ព្រម​ហើយ​ពួក​គេ​បាន​ដក​ថយ​ទៅ​វិញ។

តំណាង​ក្រុម​បាតុករ​ថៃ​បាន​ចោទ​ប្រកាន់​ក្រុម​តម្រួត​ថៃ​ថា មិន​បាន​ធ្វើ​តាម​តួនាទី​ត្រឹម​ត្រូវ​ក្នុង​ការ​ការពារ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​រវាង​បាតុករ​និង​ក្រុម​ផ្សេង​ទៀត​បាន​ចប់​ហើយ ៖ "គ្រប់​យ៉ាង​គឺ​បាន​ចប់​ហើយ ចំណែក​ឯ​ការ​ប៉ះ​ទង្គិច​គ្នា​បណ្ដាល​ឲ្យ​រង​របួស​និង​ខូច​ខាត​នោះ ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្ដឹង"។

កង​យោធា​ខ្មែរ​ដែល​ការពារ​ប្រាសាទ​ព្រះវិហារ​បាន​ទាក់ទង​គ្នា​តាម​វិទ្យុ​ទាក់ទង​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​ថៃ​ដែល​ព្យាយាម​ចូល​មក​ប្រាសាទ​ព្រះវិហារ​បាន​ដក​ថយ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​អាទិត្យ។

មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ដែល​គ្រប់គ្រង​យោធា​ខ្មែរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​នៅ​ថ្ងៃ​អាទិត្យ​នេះ​កង​យោធា​ខ្មែរ​នៅតែ​បញ្ជា​ឲ្យ​ប្រុង​ប្រយ័ត្ន​ដដែល។

លោក ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា លោក​ដឹង​ព័ត៌មាន​អំពី​ការ​ដក​ថយ​របស់​ក្រុម​បាតុករ​ថៃ​នោះ​មិន​ច្បាស់​ទេ ប៉ុន្តែ​តាម​ប្រជាពលរដ្ឋ​ថៃ​បាន​ប្រាប់​ថា ក្រុម​បាតុករ​បាន​ដក​ថយ​នៅ​ត្រឹម​ស្រុក​កាន់ថារ៉ាឡាក់​នៃ​ខេត្ត​ស៊ីសាកេត​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ។

លោក ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ប្រុងប្រៀប​របស់​យើង​នៅ​ដដែល​ទេ ព្រោះ​បញ្ហា​ទឹក​ចិត្ត​គេ​យ៉ាង​ម៉េច​គឺ​យើង​ប៉ាន់ស្មាន​មិន​បាន​ដែរ គ្រាន់តែ​ឮ​ប្រជាជន​ថៃ​ប្រាប់។ ឥឡូវ​នៅ​ជួប​ជុំ​នៅ​កាន់ថារ៉ាឡាក់​នៅ​ឡើយ»

លោក​ឧត្តមសេនីយ៍​ឯក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​បាន​វិល​ទៅ​ប្រសើរ​វិញ​ហើយ ហើយ​លោក​មាន​មោទនភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​មាន​បទបញ្ជា​ម៉ឺងមាត់​ក្នុង​ការ​ការពារ​ទឹក​ដី។

លោក​ឧត្តមសេនីយ៍​ឯក ឈុំ សុជាតិ បាន​បញ្ជាក់​ថា ៖ «សភាពការណ៍​នេះ​វា​ល្អ​ប្រសើរ ហើយ​យើង​មាន​មោនទភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​មហា​សេនាបតី​តេជោ ហ៊ុន សែន លោក​មាន​បទបញ្ជា​ម៉ឺងមាត់​ហើយ​ត្រឹមត្រូវ»

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​សុក្រ ក្រុម​បាតុករ​អាវ​លឿង​ថៃ​រាប់​ពាន់​នាក់​បាន​មក​ដល់​ភូមិ​ស្រល់​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុនប៉ង​ចូល​មក​មុខ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ប៉ុន្តែ​មិន​អាច​ចូល​មក​បាន​ដោយសារ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​តាម​ជាយ​ដែន​និង​ក្រុម​តម្រួត​បណ្តាល​ឲ្យ​រង​របួស​មួយចំនួន៕