មន្ត្រីកងយោធពលខេមរភូមិន្ទនៃកងពលអន្តរាគមន៍លេខ១២ ដែលកំពុងគ្រប់គ្រងកងទាហានខ្មែរនៅតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ត្រី យីវ វណ្ណថន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ថា ក្នុងចំណោមទាហានខ្មែរដែលបានដាក់ពង្រាយការពារជិតប្រាសាទព្រះវិហារគឺ៥០%បានកើតជំងឺផ្ដាសាយ គ្រុនក្ដៅ បន្ទាប់ពីធ្លាក់ខ្យល់រងា ហើយលោកសូមអំពាវនាវឲ្យមានការជួយផ្ដល់ថ្នាំព្យាបាលជំងឺផ្ដាសាយគ្រុនក្ដៅ និងផ្ដល់ភួយដល់កងទាហានសម្រាប់ទប់ទល់នឹងធាតុអាកាសត្រជាក់នៅទីនោះ។
លោកឧត្ដមសេនីយ៍ត្រី យីវ វណ្ណថន បានឲ្យដឹងថា ៖ «ឥឡូវហ្នឹងចាប់ផ្ដាសាយច្រើនណាស់ចូល៥០%ហើយ ធ្លាក់ខ្យល់រងាហ្នឹង។ ជួយផ្សាយរកថ្នាំបំបាត់ផ្ដាសាយ គ្រុនក្ដៅ គ្រុនអីហ្នឹង បានអាវរងា ភួយអី ជួយមួយចំនួនមើល៍»។
មេបញ្ជាការវរ៤៣១ចំណុះកងពលថ្មើរជើងលេខ៤៣ ដែលកំពុងគ្រប់គ្រងទាហាននៅវាលឥន្ទ្រីជើងភ្នំទ្រព្យ លោក នូ សារ៉ាត់ បានមានប្រសាសន៍ថា ទាហានរបស់លោកមួយចំនួនបានកើតជំងឺគ្រុនចាញ់ផងនិងផ្ដាសាយផង ដោយសារតែកំពុងបោះជំរំនៅក្នុងព្រៃនៃតំបន់ភ្នំ។
លោក នូ សារ៉ាត់ បានបញ្ជាក់ថា ៖ «តំបន់ភ្នំនេះតែខែរងាក៏វាគ្រុនចាញ់ខ្លះ ផ្ដាសាយខ្លះ វារួមផ្សំគ្នាអ៊ីចឹង ទើបតែមានថ្មីៗហ្នឹងដែរ»។
ចំណែកមេបញ្ជាការកងប៉ូលិសព្រំដែនលេខ៤០៥ ប្រចាំការនៅតំបន់បីមុំ ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសថៃ លាវ កម្ពុជា គឺលោកវរសេនីយ៍ត្រី សេង គឹមទៀង បានមានប្រសាសន៍ថា កងប៉ូលិសរបស់លោកខ្លះមានជំងឺគ្រុនចាញ់និងផ្ដាសាយ។ ចំណែកឯការព្យាបាលមានតែថ្នាំផ្ដល់ឲ្យតែប៉ុណ្ណោះ ប៉ុន្តែពុំមានជំនាញសម្រាប់ព្យាបាលទេ ពីព្រោះតែតំបន់នោះនៅឆ្ងាយដាច់ស្រយាលនិងគ្មានផ្លូវងាយស្រួលសម្រាប់ការធ្វើដំណើរ។
លោកវរសេនីយ៍ត្រី សេង គឹមទៀង បានមានប្រសាសន៍ថា ៖ «គ្រុនចាញ់ហើយគ្រុនផ្ដាសាយ កម្លាំងខ្ញុំនៅឈឺប៉ុន្មាននាក់ទៀត។ ខាងអ្នកផ្ទះលោកគ្រាន់តែជំនួយជាថ្នាំ ប៉ុន្តែពេទ្យខ្លួនឯងហ្នឹង គ្មានពេទ្យណាទៅដល់ផង ស្រុកខ្ញុំនោះវាមិនងាយអ្នកណាទៅមកទេ។ ឥឡូវទៅបានតិចៗហើយ ឥឡូវទឹកស្រកហើយ»។
កាលពីរសៀលថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា លោក ទៀ បាញ់ មិនបានអធិប្បាយឲ្យដឹងអំពីការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់កងទាហានខ្មែរដែលកំពុងការពារនៅតាមបណ្ដោយព្រំដែនខ្មែរថៃឬយ៉ាងណានៅឡើយទេ ដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់ ៖ «សុំទោសផងអាស៊ីសេរី ខ្ញុំកំពុងតែជាប់រវល់»។
ក៏ប៉ុន្តែមន្ត្រីយោធាបានឲ្យដឹងថា កាលពីជាងពីរខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អាវយឺតដែលមានតម្លៃថ្លៃសម្រាប់ការពារធាតុអាកាសរងារាប់ពាន់អាវម្ដងរួចមកហើយទៅឲ្យកងទាហានខ្មែរដែលកំពុងប្រឈមមុខដាក់គ្នាជាមួយទាហានថៃនៅជិតតំបន់ប្រាសាទព្រះវិហារ វាលឥន្ទ្រី និងតំបន់ភ្នំទ្រព្យ៕
