លោក សម រង្ស៊ី ស្នើ​សុំ​ប្រធានាធិបតី​អាមេរិក​ប្រើ​ឥទ្ធិពល​មក​​លើ​កម្ពុជា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រើប្រាស់​ឥទ្ធិពល​លោក ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

0:00 / 0:00

សំណើ​នេះ ធ្វើ​ឡើង​មុន​ពេល​ដែល​លោក បារ៉ាក់ អូបាម៉ា គ្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ។

លោក សម រង្ស៊ី ក៏​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​សម្រុះសម្រួល​ផ្នែក​នយោបាយ អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដើម្បី​ជា​កាដូ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​វិច្ឆិកា បាន​ប្រកាស​ថា រដ្ឋាភិបាល​គ្មាន​កាដូ​នយោបាយ​ពិសេស​ណា​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ឡើយ។

ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កាដូ​ពិសេស​មួយ​ជូន​លោក បារ៉ាក់ អូបាម៉ា ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ធ្លាប់​ផ្ដល់​កាដូ​ពិសេស​ជូន​សហរដ្ឋ​អាមេរិក​ម្ដង​រួច​ហើយ កាល​ពី​ឆ្នាំ​២០០៥ ដោយ​ការ​ដោះលែង​នាយក​វិទ្យុ​សំបុកឃ្មុំ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក កឹម សុខា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន។ ការ​ដោះ​លែង​នេះ ក្រោយ​ពេល​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី៖ «ខ្ញុំ​ស្វាគមន៍ ប្រជារាស្ត្រ​ខ្មែរ​ស្វាគមន៍ លោក បារ៉ាក់ អូបាម៉ា យើង​ស្វាគមន៍​ទាំង​អស់​គ្នា ប៉ុន្តែ​សុំ​ស្នើ​ឲ្យ​លោក​ទៅ​ប្រទេស​កម្ពុជា ឲ្យ​លោក​ប្រើ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមរិក ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា»

សំណើ​ផ្ដល់​កាដូ​របស់​លោក សម រង្ស៊ី ប្រហែល​ជា​មិន​អាច​សម្រេច​ទេ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ដោយ​ចង់​ឲ្យ​លោក សម រង្ស៊ី ទទួល​ទោស​ជាប់​ពន្ធនាគារ​ក្នុង​ករណី​បរិហារកេរ្តិ៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន។ តុលាការ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ចាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​សៅរ៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​មួយ​ដែល​លោក​ហៅ​ថា ជា​ការ​ពង្រឹង​នីតិរដ្ឋ។

លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ព្យាយាម​ពន្យល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឲ្យ​យល់​ពី​ករណី​របស់​លោក សម រង្ស៊ី ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​ពិចារណា​ការ​ផ្ដល់​កាដូ ណា​មួយ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មិន​ដែល​បាន​គិត​រឿង​ហ្នឹង​ផង។ ខ្ញុំ​មិន​បាន​ដឹង មិន​បាន​ពិចារណា​សាច់​រឿង​ហ្នឹង...»

សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​រដ្ឋាភិបាល​ក្នុង​ករណី​លោក សម រង្ស៊ី នៅ​ឡើយ​ទេ ប៉ុន្តែ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​វិចិ្ឆកា បាន​សំដែង​ក្ដី​បារម្ភ​ចំពោះ​ទង្វើ​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

កាល​ពី​ខែ​តុលា រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​មិន​ទទួល​យក​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី ដើម្បី​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ដោយ​ចោទ​ថា លោក សម រង្ស៊ី កំពុង​ធ្វើ​ពាណិជ្ជកម្ម​នយោបាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​មិន​ទទួល​យក​លិខិត ប៉ុន្តែ​ការ​មិន​បដិសេធ ជា​សញ្ញា​ល្អ។

លោក​បន្ត​ថា ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «ខ្ញុំ​នៅ​តែ​សង្ឃឹម​ជានិច្ច ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ...»

លោក សម រង្ស៊ី បន្ត​ថា លោក​ចង់​ទៅ​កម្ពុជា តែ​រយៈពេល ២៤​ម៉ោង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ លោក​បន្ត​ថា លោក​នឹង​ប្រើ​គ្រប់​វិធី​អហិង្សា ដើម្បី​សម្រេច​សេចក្ដី​ប្រាថ្នា​នេះ។

សហគមន៍​អន្តរជាតិ​ជា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​កម្ពុជា ក៏​ចង់​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត។

សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ​នៅ​លើ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២៦ តុលា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ជឿ​ជាក់។

សមាជិក​សភា​សហភាព​អឺរ៉ុប​មាន​ចំនួន ៧៥៤​នាក់ តំណាង​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្រមាណ​ជិត ៤០០​លាន​នាក់ បាន​ថ្កោល​ទោស​ការ​កាត់​ទោស​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ និង​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់។

មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សំណើ​របស់​សហគមន៍​អន្តរជាតិ​ឡើយ។

លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សំណើ​សភា​សហភាព​ជា​សំណើ​នយោបាយ​មិន​ផ្អែក​តាម​ច្បាប់៖ «ជា​រឿង​របស់​សហគមន៍​អន្តរជាតិ ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ​គួរ​ស្គាល់​កម្ពុជា ឲ្យ​ច្បាស់​ថា យើង​កំពុង​ពង្រឹង​នីតិរដ្ឋ»

អ្នក​វិភាគ​នយោបាយ​អះអាង​ថា សេចក្ដី​ប្រាថ្នា​របស់​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ហាក់​មាន​តិច​តួច​ណាស់ ដោយសារ​បរិបទ​នយោបាយ​បច្ចុប្បន្ន។

អ្នក​វិភាគ​ឯករាជ្យ​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក​មិន​សង្ឃឹម​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​លើក​បញ្ហា​លោក សម រង្ស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដោយសារ​ករណី​នេះ​ជា​រឿង​បុគ្គល ហើយ​សហរដ្ឋ​អាមេរិក ក៏​គ្មាន​ហេតុផល​អ្វី​ទាមទារ​កាដូ​ពី​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

លោក ឡៅ ម៉ុងហៃ៖ «រឿង​ករណី សម រង្ស៊ី ដូច​ជា​ករណី​បុគ្គល​ហ្នឹង ដូច​គណបក្ស​មួយ ប្រសិន​បើ​អត់​ប្រធាន ធ្វើ​ការ​បោះ​ឆ្នោត​មិន​កើត ពិបាក​ពន្យល់​គេ​ឲ្យ​យល់​ណាស់»

បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​សម្រុះសម្រួល​នយោបាយ​រវាង​លោក សម រង្ស៊ី និង​រដ្ឋាភិបាល ពិបាក​នឹង​កើត​ឡើង ហើយ​ជម្រើស​ចុង​ក្រោយ គឺ​លោក សម រង្ស៊ី អាច​ប្រថុយ​មក​កម្ពុជា ដើម្បី​ជាប់​ពន្ធនាគារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី មិន​គួរ​ប្រឈម​បញ្ហា​ជាប់​ពន្ធនាគារ ដើម្បី​វិល​ចូល​កម្ពុជា​នោះ​ទេ ដោយ​លោក​អាច​ដឹក​នាំ​នយោបាយ​ពី​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា បទពិសោធន៍​ពិភពលោក​បង្ហាញ​ថា មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន​អាច​ឈ្នះ​ឆ្នោត​ដោយ​ការ​ដឹកនាំ​គណបក្ស​ពី​ក្រៅ​ប្រទេស។

លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កាល​ពី​ដើម​ឆ្នាំ​២០១២ បង្ហាញ​ថា គណបក្ស សម រង្ស៊ី បាន​កើន​ចំនួន​អាសនៈ​ពី​ចំនួន​ពីរ​អាសនៈ​កាល​ពី​ឆ្នាំ​២០០៦ មក​ចំនួន ១១​អាសនៈ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ទទួល​បាន​តំណែង​ប្រធាន​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ២២ ថយ​ចុះ​ចំនួន ៦។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​មិន​ចូល​ទៅ​កម្ពុជា ដើម្បី​ជាប់​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ធ្វើ​យុទ្ធនាការ​នៅ​សមរភូមិ​ក្រៅ​ប្រទេស ដោយ​ប្រើ​ច្បាប់​បច្ចេកទេស និង​ការ​ទូត ដើម្បី​ស្វែង​រក​ច្រក​ចូល​កម្ពុជា វិញ​បាន។

លោក សម រង្ស៊ី រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស។ លោក​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​បុរី​ញីវយ៉ក ជំរុញ​ឲ្យ​មាន​វត្តមាន​របស់​លោក​នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។