តុលាការ​ដោះ​លែង​​តំណាង​អ្នក​ឃុំ​ជីក្រែង​៩​នាក់

តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង ៩​នាក់ ដែល​តវ៉ា​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង ពី​បទ​ប្លន់​ស្រូវ​​នោះ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ចំនួន ២៤​ខែ​កន្លង​មក​នោះ។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អង្គ​សវនាការ​បាន​ដេញដោល​សួរ​​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង ដែល​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ជម្រះ​ទៅ​លើ​ករណី​ចុង​ក្រោយ​របស់​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង ៩​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំនួន ៨​ករណី​ផ្សេង​គ្នា។

លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា ចៅក្រម​នៃ​អង្គ​សវនាការ​​បាន​​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង ៩​នាក់​នោះ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទៅ​នឹង​បទ​ប្លន់​ស្រូវ​នោះ​ហើយ។

ព័ត៌មាន​ចុង​ក្រោយ​ពី​មន្ត្រី​អង្គការ​លីកាដូ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា នៅ​ម៉ោង​ជិត ៧​យប់​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា តុលាការ​បាន​សម្រេច​ដោះលែង​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង ៩​នាក់​នោះ​ឲ្យ​រួច​ពី​ការ​ឃុំឃាំង​មាន​សេរីភាព​បាន​វិល​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​ហើយ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាមដាន​ករណី​នោះ បាន​ឲ្យ​ដឹង​ថា តំណាង​អ្នក​ឃុំ​ជីក្រែង​ចំនួន ៩​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​ចំនួន ២៥​ខែ ក្នុង​ការ​ចោទ​ប្រកាន់​ករណី​មុនៗ​ជា​ច្រើន ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ទោស​បាន​ចំនួន ២៤​ខែ​ហើយ​នៅ​ក្នុង​ពន្ធនាគារ។

តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ស្រែ​ជាង ៩០​ហិកតារ​នៅ​ឃុំ​ជីក្រែង​ទាំង ៩​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ទំនាស់​ដី​ស្រែ​ប្រាំង ៩២​ហិកតារ​​​នៅ​តំបន់​ទំនប់​៧៨​សួង យ៉ាង​ស្រួចស្រាល់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ដោយ​ប្រើ​អាវុធ​បាញ់​រះ​បណ្ដាល​ឲ្យ​រង​របួស​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​​ចំនួន ៤​នាក់​ផង​នោះ៕