មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន

តុលាការ​ខេត្ត​ស្វាយរៀង​បាន​កាត់​ទោស​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយទៀប ខាង​គណបក្ស​សមរង្ស៊ី​ខេត្ត​ស្វាយរៀង​ឲ្យ​ជាប់​គុក​៦​ខែ ក្រោម​បទ​ចោទ​ថា បំផ្លាញ​ទ្រព្យ​សម្បតិ្ត​ឯកជន។
ដោយ សុខ សេរី
2010-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ពុធ ២០ មករា បាន​ផ្តន្ទាទោស​ប្រធាន​គណបក្ស​សមរង្ស៊ី​នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយទៀប គឺ​លោក គង់ អាន ឲ្យ​ជាប់​គុក​៦​ខែ​និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល ស្មើ​នឹង​២៥​ដុល្លារ​អាមេរិក ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោកស្រី សុខ សារ៉ុម ជា​ប្អូន​ថៃ្ល​របស់​ចៅក្រម គឺ​លោក ផង់ សាម៉ុន ដែល​ជា​អនុ​ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង។

តុលាការ​ខេត្ត​ស្វាយរៀង​ដដែល បាន​សម្រេច​ព្យួរ​ទោស​៦​ខែ​នោះ​រយៈ​ពេល​២​ខែ គិត​ចាប់​ពី​ថៃ្ង​ចាប់​ខ្លួន​កាល​ពី​ថៃ្ង​ទី​១ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ។

លោក មាស ខេង ជា​សមាជិក​ក្រុម​បឹក្សា​ខេត្ដ​ស្វាយរៀង​ខាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី ដែល​បាន​តាម​ដាន​នៅ​ក្នុង​សវនាការ​នៅ​តុលាការ​ខេត្ត​ស្វាយរៀង​កាល​ពី​ថៃ្ង​ពុធ ២០ មករា​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «រឿង​ធំៗ​យើង​ឃើញ​ថា តុលាការ​អត់​ចាប់​អារម្មណ៍​ផ្ដន្ទាទោស​ទេ ចុង​បញ្ចប់​រឿង​លោក គង់ អាន បើ​យើង​គិត​ពី​ការ​ខូចខាត សន្លឹក​ត្នោត​៣០​ធាង បើ​គិត​ជា​លុយ​យ៉ាង​ច្រើន​៣-​៤​ម៉ឺន​អី​ចុះ ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ដោយ​ចៅក្រម ផង់ សាម៉ុន ជា​បង​ថ្លៃ​របស់​ដើម​បណ្ដឹង។ លោក គង់ អាន ជា​សកម្មជន​របស់​គណបក្ស​សមរង្ស៊ី។ នេះ​ជា​ការ​គំរាម​បំបិទ​មាត់​អ្នក​នយោបាយ​ប្រឆាំង​ដែល​យក​លេស​រឿង​បន្តិច​បន្តួច»

មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ក្នុង​ខេត្ត​ស្វាយរៀង ដែល​បាន​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «តុលាការ​មិន​គួរ​ណា​ទៅ​ឃុំ​ខ្លួន​គាត់​អ៊ីចឹង​ទេ ព្រោះ​អត់​មាន​រឿង​អី​ទេ ព្រោះ​រឿង​របស់​គាត់​នេះ​មិន​សម​ណា​ជាប់​គុក​អី​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោកស្រី សុខ សារ៉ុម បាន​ទេ​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​២១ ខែ​មករា​នេះ ដើម្បី​សុំ​ការ​បញ្ជាក់​នៅ​ជុំវិញ​រឿង​ក្តី​នេះ ប៉ុន្តែ​ប្រភព​បាន​ឲ្យ​ដឹង​ថា លោកស្រី សុខ សារ៉ុម ជា​សាច់​ញាតិ​របស់​មន្រ្តី​តុលាការ​នោះ​បាន​ឈ្នះ​ក្តី​ដោយ​មិន​ចាំបាច់​មាន​មេធាវី​ការពារ​ក្តី​ឡើយ​នៅ​ក្នុង​សវនាការ​នោះ។

ការ​ផ្តន្ទាទោស​លោក គង់ អាន ប្រធាន​គណបក្ស​ប្រឆាំង​សមរង្ស៊ី នៅ​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ទ្បើង​នៅ​មុន​ពេល​ដែល​តុលាការ​ខេត្ត​ស្វាយរៀង​ដដែល​នេះ មាន​គម្រោង​ការ​បើក​សវនាការ​កាត់​ទោស​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​និង​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ទៀត នៅ​ថៃ្ង​ទី​២៧ ខែ​មករា​ឆាប់ៗ​នេះ ក្រោម​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ។

លោក គង់ អាន អាយុ​៥៩​ឆ្នាំ ជា​ប្រធាន​គណបក្ស​ប្រឆាំង​សមរង្ស៊ី នៅ​ក្នុង​ខេត្ត​ស្វាយរៀង និង​ជា​សាមាជិក​នៃ​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយទៀប ខេត្ត​ស្វាយរៀង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថៃ្ង​ទី​១ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ ដោយសារ​តែ​បាន​កាប់​ធាង​ត្នោត​ចំនួន​៣០ ដែល​លោកស្រី សុខ សារ៉ុម ជា​សាច់​ញាតិ​របស់​មន្រ្តី​តុលាការ​ខេត្ត​ស្វាយរៀង បាន​អះអាង​ថា ជា​ទ្រព្យ​សម្បតិ្ត​ឯកជន​របស់​គាត់។

ការ​ចាប់​ខ្លួន​និង​ការ​ផ្តន្ទាទោស​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង លើ​លោក គង់ អាន នោះ គឺ​ក្រោម​បទ​ព្រហ្មទណ្ឌ​តាម​មាត្រា​ទី​៥២ ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​អ៊ុនតាក់៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

This is how justice in Cambodia work. If someone is related to Hun Sen, then he or she is immune from procecution.

Jan 22, 2010 09:57 AM

អ្នក​អាន​អនាមិក

What they did to the opposed party member is a revenge and to satisfy VN.

Jan 22, 2010 03:31 AM

គេហទំព័រ​ទាំងមូល