បក្ស​ប្រឆាំង​ស្នើ​ឲ្យ​គ.ជ.ប​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​កាន់​តែ​ល្អ និង​មាន​ទំនុក​ចិត្ត នៅ​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ តំណាង​គណបក្ស​ប្រឆាំង​បាន​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ខ្លួន​បច្ចុប្បន្ន។

នៅ​ក្នុង​កិច្ចប្រជុំ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១០ នៅ​ឯ​ស្នាក់​ការ​កណ្ដាល គ.ជ.ប ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក អេង ឆៃអ៊ាង បាន​លើក​ឡើង​ថា គ.ជ.ប គួរ​តែ​មាន​សុឆន្ទៈ​ក្នុង​ការ​កែប្រែ​ប្រព័ន្ធ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ខ្លួន ដើម្បី​ជៀសវាង​ការ​ស្ទួន​ឈ្មោះ ការ​បាត់​ឈ្មោះ និង​កុំ​ឲ្យ​រំខាន​ពេល​វេលា​ប្រជាពលរដ្ឋ​ក្នុង​ការ​ពិនិត្យ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ដង។

លោក កែវ ហៀញ ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ខ្មែរ ដែល​ជា​គណបក្ស​ថ្មី​មួយ ក៏​បាន​ទទូច​ឲ្យ គ.ជ.ប រក​មធ្យោបាយ​ទិញ​កុំព្យូទ័រ​សម្រាប់​ផ្ដល់​ជួន​មន្ត្រី​របស់​ខ្លួន​ប្រើប្រាស់​នៅ​គ្រប់​បណ្ដា​ខែត្រ​ក្រុង ដើម្បី​ងាយ​ស្រួល​បញ្ចូល​ទិន្នន័យ និង​ចំណេញ​ពេល​វេលា ដោយ​លោក​បាន​អះអាង​ថា ប្រសិន​បើ គ.ជ.ប បើក​ទូលាយ​ឲ្យ​រួប​លោក​ចូល​រួម​រៀប​ចំ​ប្រព័ន្ធ​រៀបចំ​ចុះ​ឈ្មោះ​ថ្មី ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​អស់​នោះ លោក​នឹង​រីករាយ​ក្នុង​ការ​សហការ។

ការ​ស្នើ​ឲ្យ គ.ជ.ប អភិវឌ្ឍ​បន្ថែម​ទៀត​ក្នុង​ការ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​អស់​នេះ បន្ទាប់​ពី​អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​លើក​ពី​ហេតុផល​លំបាក​នៅ​ពេល​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ម្តងៗ ដោយ​លោក ទេព នីថា បាន​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក​ដោយ​ស្មៀន​ឃុំ​ជា​អ្នក​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ឯ​ឃុំ​សង្កាត់​ដែល​សរសេរ​ដៃ ពុំ​បាន​ប្រើប្រាស់​កុំព្យូទ័រ​ទេ ហើយ​បញ្ជូន​មក គ.ជ.ប ដើម្បី​បញ្ចូល​ទិន្នន័យ និង​ត្រួត​ពិនិត្យ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ។

យ៉ាង​នេះ​ក្ដី ទាំង​លោក ទេព នីថា និង​អនុ​ប្រធាន គ.ជ.ប លោកស្រី ស៊ិន ជុំបូ បាន​ពន្យល់​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មិន​អាច​កែប្រែ​ប្រព័ន្ធ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​ស្រប​ទៅ​តាម​បច្ចេកវិទ្យា​ជឿន​លឿន​បាន​ទេ ដោយសារ គ.ជ.ប ខ្វះខាត​ថវិកា​ទិញ​សម្ភារៈ​ទាំង​នោះ។ លោកស្រី ស៊ិន ជុំបូ លើក​ឡើង​ដែរ​ថា កន្លង​មក គ.ជ.ប ក៏​បាន​កែប្រែ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ល្អ​ប្រសើរ​ជាង​មុន​ហើយ​ដែរ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា កន្លង​មក​បញ្ហា​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះ​ឆ្នោត​តែង​តែ​មាន​បញ្ហា​កើត​ឡើង ដូច​ករណី​បាត់​ឈ្មោះ និង​ស្ទួន​ឈ្មោះ​ជាដើម ហើយ​ស្ថាប័ន គ.ជ.ប និង​ខាង​ក្រុម​ប្រឹក្សា​សង្កាត់​តែង​តែ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​នេះ ដោយសារ​តែ​ការ​ចុះ​ឈ្មោះ​នោះ​មិន​ធ្វើ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។

របាយការណ៍​របស់ គ.ជ.ប បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា បាន​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​ថ្មី​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង គិត​ពី​ថ្ងៃ​ទី​១ ខែ​តុលា ដល់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១០ មាន​ចំនួន ១២១.៤៤០​នាក់​នៅ​ទូទាំង ២៤​ខែត្រ​ក្រុង។ ឈ្មោះ​បាន​លុប​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​ឆ្នោត​ជាង ៣​ម៉ឺន​នាក់ ឈ្មោះ​កែ​តម្រូវ​មាន​ជាង ១​ម៉ឺន​នាក់ ហើយ​ស្ថិតិ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះ​ថ្មី​មាន​ជាង ៣​សែន​នាក់។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០១២ ខាង​មុខ បន្ទាប់​ពី​បាន​រៀបចំ​បោះ​ឆ្នោត​ជ្រើស​រើស​ឃុំ​សង្កាត់​បាន​ពីរ​អាណត្តិ​រួច​មក ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក៕