លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សប្រឆាំង បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ដោយបញ្ជាក់អំពីខ្លឹមសារលិខិតនោះថា បញ្ហាដីធ្លីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយកន្លងមករដ្ឋាភិបាលបានធ្វើការវិនិយោគដីទៅឲ្យក្រុមហ៊ុនឯកជនមួយចំនួន កំពុងតែប៉ះពាល់លើដីប្រជាពលរដ្ឋ ហើយពុំមានដំណោះស្រាយណាមួយសមស្របនៅឡើយ។
លោក យឹម សុវណ្ណ បានបញ្ជាក់ទៀតថា ផ្ទុយទៅវិញ ក្រុមហ៊ុនមួយចំនួននោះបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ប្រជាពលរដ្ឋ និងចាប់ប្រជាពលរដ្ឋ នៅគ្រាដែលពួកគេបានធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួននោះ ដូចជាករណីបញ្ហាជម្លោះដីធ្លីនៅស្រុកអមលាំង ខែត្រកំពង់ស្ពឺ ដែលមានបញ្ហាជម្លោះដីរវាងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងប្រជាពលរដ្ឋជាដើម។
នៅក្នុងលិខិតដាក់ទៅសភាសហគមន៍អឺរ៉ុបរបស់តំណាងរាស្ត្រគណបក្សប្រឆាំង បានសរសេរអំពីករណីជម្លោះដីធ្លីមួយចំនួន ដូចជាករណីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិជីខក្រោម ស្រុកស្រែអំបិល ខែត្រកោះកុង និងករណីជម្លោះដីរបស់ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គា នៅស្រុកអមលាំង ខែត្រកំពង់ស្ពឺ ដែលជាក្រុមហ៊ុនរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ កន្លងមក បានបណ្ដេញប្រជាពលរដ្ឋ គំរាមកំហែង និងបានចាប់ខ្លួនអ្នកភូមិដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា គណបក្សមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹងទៅសហគមន៍អឺរ៉ុប ប៉ុន្តែប្រទេសជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ពុំមានឥទ្ធិពលអ្វីមកលើកម្ពុជានោះទេ ហើយបញ្ហាជម្លោះដីធ្លីនេះ រដ្ឋាភិបាលបានដោះស្រាយបានមួយចំនួន ហើយក៏កំពុងដោះស្រាយករណីមួយចំនួនផ្សេងទៀតដែរ។
ទោះជាយ៉ាងណាក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានពន្យល់ថា បញ្ហាជម្លោះដីធ្លីនេះមកពីការធ្វេសប្រហែសរបស់រដ្ឋាភិបាល ក្នុងការសម្បទានដីសេដ្ឋកិចុ្ច ឬវិនិយោគឲ្យក្រុមហ៊ុន ដែលមិនបានសិក្សាអំពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ជាមុន។
លោក ចាន់ សុវ៉េត បានបន្ថែមថា រយៈពេល ៩ខែក្នុងឆ្នាំ២០១០ យ៉ាងហោចណាស់មានមនុស្សប្រមាណ ៦០នាក់ ត្រូវបានតុលាការចាប់ខ្លួន និងមួយចំនួនកំពុងស្ថិតក្នុងដំណើរការសាកសួរពីតុលាការ ពាក់ព័ន្ធរឿងជម្លោះដីធ្លីនេះ។
កាលពីពេលថ្មីៗនេះ តំណាងពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ូយា ស៊ូប៊ែឌី (Surya Subedi) គ្រោងនឹងលើកយកបញ្ហាជម្លោះដីធ្លីនៅកម្ពុជា ទៅរាយការណ៍ជូនក្នុងកិច្ចប្រជុំលើកទី១៥ របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅពេលខាងមុខផងដែរ។
របាយការណ៍របស់លោក ស៊ូយា ស៊ូប៊ែឌី បានបង្ហាញថា ជម្លោះដីធ្លី និងការបណ្ដេញអ្នកភូមិដោយសារតែវិវាទនេះ នៅតែជាបញ្ហានាំមុខគេនៅឡើយនៅក្នុងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន។
របាយការណ៍ដដែលនេះបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការដោះស្រាយដោយចំហ និងស្មើភាពគ្នា ដើម្បីឲ្យមានភាពយុត្តិធម៌ដល់ម្ចាស់ដី និងបានទទូចឲ្យមានការពង្រឹងនៃការអនុវត្តច្បាប់ភូមិបាល ដែលបានចែងរួចមកហើយ កាលពីឆ្នាំ២០០១ របស់កម្ពុជា៕