មួរ សុខហួរ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​នៃ​ការចាក​ចេញ​ពី​បក្ស

លោកស្រី មួរ សុខហួរ តំណាង​រាស្រ្ដ​មណ្ឌល​ខេត្ត​កណ្ដាល បាន​ចោទ​ប្រកាន់​អ្នកនយោបាយ​មិន​បញ្ចេញ​ឈ្មោះ​ថា កំពុង​ព្យាយាម​បំបែក​រចនា​សម្ព័ន្ធ​គណបក្ស​សមរង្ស៊ី ។

ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី​ទទួល​ព័ត៌មាន​ពី​ក្រុម​អ្នក​កាសែត​ថា លោកស្រី​នឹង​ដើរ​ចេញ​ពី​គណបក្ស​សមរង្ស៊ី ។

លោកស្រី មួរ សុខហួរ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បដិសេធ​ថា ការបំផុស​ពាក្យ​ចចាមអារ៉ាម​នេះ គឺ​ជា​ចេតនា​ទុច្ចរិត​របស់​អ្នកមាន​បំណង​ចង់​បំបែក​បំបាក់ និង​កាត់បន្ថយ​ប្រជាប្រិយភាព​របស់​គណបក្ស​សមរង្ស៊ី ក្នុង​ខណៈ​ដែល​ការបោះ​ឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់ ។

លោកស្រី មួរ សុខហួរ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​លាប​ពណ៌ ហើយ​ចេតនា​ដោយ​បក្ស​នយោបាយ​ណា​មួយ ចង់​បំបែក​នូវ​រចនា​សម្ព័ន្ធ​របស់​គណបក្ស​សមរង្ស៊ី ដែល​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ថាមពល ហើយ​ជា​អ្នក​ឥទ្ធិពល​អាច​ទាញ​យក​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​គណបក្ស​សមរង្ស៊ី​បាន»

លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្រ្តី បាន​ប្រកាស​កាល​ពី​ថ្ងៃ​នៅ​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា មាន​បេក្ខជន​តំណាង​រាស្រ្ដ គណបក្ស​សមរង្ស៊ី ៧​រូប និង​មួយ​រូប​ក្នុង​មុខ​តំណែង បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

បេក្ខជន​ទាំង​៧​រូប​នោះ មាន​លោក មី ប៊ុនវិទ្យា លោក ប៉ាន ធុល លោក ហេង សុរិយៈ លោក ហៀង រស្មី លោក ឯម ចន្ថា និង​លោក នូ សុវត្ថិ ។

លោក នូ សុវត្ថិ តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី មណ្ឌល​ភ្នំពេញ ដែល​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​គណបក្ស​សមរង្ស៊ី ជា​ច្រើន​ចំណុច ដូច​ជា ការ​ខកខាន​មិន​បាន​អនុវត្ត​តាម​ពាក្យ​សន្យា គ្រួសារ​និយម និង​ការ​រៀបចំ​លំដាប់​លេខ​រៀង​បេក្ខជន​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី គ្មាន​តម្លាភាព ។

ទោះជា​យ៉ាងណា​ក្ដី លោក នូ សុវត្ថិ បាន​អះអាង​ថា បញ្ហា​នេះ គឺ​ជា​រឿង​នយោបាយ ៖ «ជា​រឿង​នយោបាយ ក៏​ដូច​ជា​រឿង​ជំនួញ​ដែរ ធម្មតា​ទេ​វា​មាន​របៀប​របប​ទាមទារ​ការ​គាំទ្រ​ដូច​គ្នា​ហ្នឹង ប្រមូល​ការ​គាំទ្រ វា​ដូច​គ្នា»

លោក ចាន់ ចេង តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី មណ្ឌល​កណ្ដាល​បាន​ចោទ​ប្រកាន់​ថា ការ​ចាក​ចេញ​នោះ គឺ​ដោយសារ​ការ​ញុះញង់ និង​ការ​ស្វែង​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន របស់​អ្នក​ទាំង​នោះ ៖ «ខ្ញុំ​ចង់​ជម្រាប​ថា អ្នក​ខេត្ត​កណ្ដាល​ទាំង ៦​នាក់​ហ្នឹង គឺ​ថា តាមពិត​ទៅ មិន​មាន​អ្វី គួរ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ទេ ព្រោះ​ប្រជាពលរដ្ឋ​អត់​មាន​ស្គាល់​ទេ ហើយ​សកម្មជន​នៅ​ក្នុង​គណបក្ស​ក៏​មិន​សូវ​ស្គាល់​គាត់​ដែរ ព្រោះ​ជា​អ្នក​ដែល​ដើរ​តាម​ធ្វើការ​ជាមួយ​នឹង​មិត្ត​ភក្ដិ​ចាស់​ៗ​អ៊ីចឹង​ទេ អ៊ីចឹង​ហើយ​គាត់​មិន​មាន​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ»

លោកស្រី ជា វណ្ណាត អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការ​ចាក​ចេញ​របស់​មន្រ្តី​គណបក្ស​មួយ ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​មួយ​ទៀត មិន​មែន​ជា​រឿង​ប្លែក​ទេ ប៉ុន្តែ​សម្រាប់​គណបក្ស​សមរង្ស៊ី នៅ​ពេល​នេះ គឺ​ប្រឈម​ទៅ​នឹង​បញ្ហា​បច្ចេកទេស បូក​រួម​នឹង​ពេល​វេលា​នៃ​ការបោះឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ។

លោកស្រី​បាន​បន្ត​ថា រឿង​សំខាន់​តើ​សំឡេង​គាំទ្រ​ក្រោយ​ការបោះឆ្នោត នា​ថ្ងៃ​ទី ២៧ កក្កដា ឆ្នាំ ២០០៨ នេះ មាន​ការ​ប្រែប្រួល ឬ​អត់? ៕