បក្ស​សម​រង្ស៊ី​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ជុំវិញ​ករណី​មូរ​សុខហួរ

គណបក្ស សម រង្ស៊ី និង​តំណាង​រាស្ត្រ​មណ្ឌល​កំពត លោក​ស្រី មូរ សុខហួរ បាន​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ថា គណបក្ស និង​លោក​ស្រី​ព្រម​បង់​ប្រាក់​ផាក​ពិន័យ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន ១៦​លាន ៥​សែន​រៀល ដែល​តុលាការ​កាត់​ឲ្យ​លោក​ស្រី​ចាញ់​ក្ដី​​ក្នុង​ករណី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

0:00 / 0:00

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ពី​ប្រទេស​ហ្វីលីពីន​ថា លោក​ស្រី​មិន​បង់​ប្រាក់​នេះ​ទេ ពីព្រោះ​តុលាការ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ កាត់​សេចក្ដី​ឲ្យ​លោក​ស្រី​ចាញ់​ក្ដី។ លោក​ស្រី​នឹង​ចូល​គុក​ជាជាង​បង់​ប្រាក់​ពិន័យ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស សម រង្ស៊ី ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មិថុនា​ដែរ​ថា លោក​ស្រី មូរ សុខហួរ នៅតែ​ប្រកាន់​គោល​ជំហរ​របស់​លោក​ស្រី​តាំង​ពី​យូរ​មក​ហើយ​ថា លោកស្រី​នឹង​មិន​បង់​ប្រាក់​ផាក​ពិន័យ​ក្នុង​ករណី​បទ​បរិហារ​កេរ្តិ៍​លោក ហ៊ុន សែន នោះ​ទេ។ លិខិត​បញ្ជាក់​បន្ថែម​ថា គណបក្ស​ក៏​នឹង​មិន​បង់​ជំនួស​លោក​ស្រី​ដែរ ហើយ​គណបក្ស សម រង្ស៊ី នឹង​គាំទ្រ​គោល​ជំហរ​របស់​លោក​ស្រី មូរ សុខហួរ។ ការ​អត្ថាធិប្បាយ​ទាំងឡាយ​ដែល​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ជា​ព័ត៌មាន​មិន​ផ្លូវការ។

ការ​ច្រាន​ចោល​ព័ត៌មាន​របស់​មន្ត្រី​បក្ស​ជំទាស់ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​មាន​និន្នាការ​ទៅ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្សាយ​ថា គណបក្ស សម រង្ស៊ី នឹង​បង់​ប្រាក់​ជំនួស​ឲ្យ​លោក​ស្រី មូរ សុខហួរ។

លោក​ស្រី​បន្ថែម​ថា ករណី​របស់​លោក​ស្រី​មិន​មែន​ជា​ករណី​ដោយ​ឡែក​ទេ វា​គឺ​ជា​ការ​តស៊ូ​ដើម្បី​បាន​ប្រព័ន្ធ​តុលាការ​ឯករាជ​នៅ​កម្ពុជា។

រតនាគារ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​នេះ បាន​ដាក់​កំហិត​ឲ្យ​លោក​ស្រី មូរ សុខហួរ បង់​ប្រាក់​ពិន័យ ៨​លាន ៥​សែន​រៀល​ក្នុង​រយៈពេល ២​សប្តាហ៍ ហើយ​ការ​កំហិត​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា​នេះ។ លោក​ស្រី មូរ សុខហួរ នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ក្រោយ​ពេល​មួយ​ថ្ងៃ​ពី​ឱសានវាទ​នេះ។ លោក​ស្រី​ថា លោក​ស្រី​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ដែល​លោក​ស្រី​ចុះ​ពី​លើ​យន្ត​ហោះ​នៅ​ស្រុក​ខ្មែរ។

លោក​ស្រី ព្រមាន​ថា ប្រសិន​បើ​លោក​ស្រី​ត្រូវ​ចាប់​ខ្លួន​មែន វា​រឹត​តែ​បង្ហាញ​ថា តុលាការ និង​រតនាគារ​ជាតិ ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ពីព្រោះ​តុលាការ​នៅ​មិន​ទាន់​អនុវត្ត​គ្រប់​គោលការណ៍​ក្នុង​ការ​បង្ខំ​ឲ្យ​លោក​ស្រី​សង​ប្រាក់​ពិន័យ​នេះ​នៅ​ឡើយ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ថា លោក​ស្រី មូរ សុខហួរ គួរ​គោរព​ការ​សម្រេច​របស់​តុលាការ​កំពូល និង​មិន​គួរ​អូស​បន្លាយ​ពេល​វេលា​លើ​ករណី​នេះ​ទេ។ លោក​ថា រដ្ឋ​សភា​នឹង​កាត់​ប្រាក់​ខែ​លោក​ស្រី​ប្រមាណ ៧​លាន​រៀល​ក្នុង ១​ខែ ដើម្បី​សង​ជំនួស​ការ​បង់​ពិន័យ​នេះ។

បច្ចុប្បន្ន​លោក​ស្រី មូរ សុខហួរ, លោក សម រង្ស៊ី និង​លោក យឹម សុវណ្ណ កំពុង​ស្នាក់នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​ក្នុង​ពិធី​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី គឺ​លោក​ស្រី បិនន៉ិងគ្យោ អាគ្វីនោពី៣ (President-elect Benigno “Noynoy” Aquino III)៕