បក្ស​ សម ​រង្ស៊ី និងបក្ស ​សិទ្ធិមនុស្ស ​មិន​ចូល​ប្រជុំ​សម្រេច​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១២

រដ្ឋ​សភា​បាន​​អនុម័ត​​ជា​​ឯកច្ឆន្ទ​​លើ​​សេចក្ដី​ព្រាង​ច្បាប់​​ហិរញ្ញវត្ថុ សំរាប់​ចំណាយ​ក្នុង​ឆ្នាំ​២០១២​ ក្នុង​​សំឡេង​​គាំទ្រ ៨៦ លើ ៨៦​សំឡេង។

0:00 / 0:00

ប៉ុន្តែ​ការ​អនុម័ត​នេះ សមាជិក​សភា​គណបក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ ​អនុម័ត​លើ​កញ្ចប់​ថវិកា​ឆ្នាំ ២០១២ នោះ​ទេ ដោយ​គណបក្ស​ទាំង​ពីរ​ចាត់​ទុក​ថា​ បញ្ហា​នេះ​ធ្វើ​ឡើង​ខុស​ច្បាប់ និង​ខ្វះ​ធម្មនុញ្ញភាព (មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ)។

សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០១២ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ក្នុង​សំឡេង​គាំទ្រ ៨៦ លើ ៨៦ សំឡេង។ ការ​អនុម័ត​នេះ មាន​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណប្ញទ្ធិ ទេ ដែល​បាន​ចូល​រួម​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​នេះ។

កញ្ចប់​ថវិកា​ឆ្នាំ ២០១២ ដែល​រដ្ឋសភា​បាន​អនុម័ត​សរុប​មាន​ចំនួន​ជាង ២ ពាន់ ៦ រយ​លាន​ដុល្លារ​អាមេរិក។ ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០១២ បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​ថវិកា​ពី​បរទេស​ប្រមាណ ១ ពាន់​លាន​ដុល្លារ សំរាប់​បំពេញ​ការ​ចំណាយ​បន្ថែម​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី ចំនួន ២២ រូប និង​បក្ស សិទ្ធិមនុស្ស ចំនួន ៣ រូប បាន​ធ្វើ​ហិកា​មិន​ចូល​ប្រជុំ​សភា ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០១២ នេះ​ទេ ដោយ​សំអាង​ថា កិច្ច​ប្រជុំ​នេះ​ខុស​ច្បាប់។

លោក យឹម សុវណ្ណ ជា​មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឲ្យ​ដឹង​ពី​មូលហេតុ​សមាជិក​សភា​របស់​ខ្លួន​ថា ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​នេះ ព្រោះ​គណបក្ស សម រង្ស៊ី យល់​ថា កិច្ច​ប្រជុំ​សភា​នោះ​ខ្វះ​ធម្មនុញ្ញភាព និង​មិន​ស្រប​ច្បាប់ ព្រោះ​មិន​មាន​សមាជិក​សភា​គ្រប់​ចំនួន​១២០ រូប​ចូលរួម។

លោក យឹម សុវណ្ណ បន្ថែម៖ «ដូច្នេះ សភា​ថ្ងៃ​នេះ ដែល​នៅ​សល់​សមាជិក​ចំនួន ១១៩ រូប គឺ​មិន​អាច​ដំណើរការ​ទៅ​បាន​ទេ។ រាល់​សេចក្ដី​សម្រេច​ទាំង​អស់ ដែល​ទាក់ទង​ទៅ​នឹង​ការ​ប្រជុំ ចាប់​តាំង​ពី​ថ្ងៃ​នេះ​តទៅ ដែល​រួម​មាន​ច្បាប់​ផង​នោះ គឺ​ចាត់​ទុក​ថា​ខ្វះ​ធម្មនុញ្ញ​ភាព និង​មិន​ស្រប​ច្បាប់ និង​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ពិនិត្យ​ពិចារណា​ទៅ​លើ​ការ​ធ្វើ​សហប្រតិបត្តិការ​ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋសភា​នា​ពេល​បច្ចុប្បន្ន​នេះ»។

ចំណែក​លោក កឹម សុខា ជា​ប្រធាន​គណបក្ស សិទ្ធិមនុស្ស និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។ លោក​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា សមាជិក​សភា​ទាំង​បី​រូប​របស់​លោក​ ក៏​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដើម្បី​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០១២ នេះ​ទេ ព្រោះ​គណបក្ស​លោក​យល់​ថា វា​មិន​ចំណេញ​ដល់​ពលរដ្ឋ​ខ្មែរ​ឡើយ។

លោក កឹម សុខា បន្ថែម៖ «ខ្ចី​បុល​លុយ​គេ​ជាង ១ ពាន់​លាន​ដុល្លារ​ទៀត ជា​បន្ទុក​ធ្ងន់​ដល់​ពលរដ្ឋ​ខ្មែរ​យើង។ ហើយ​រដ្ឋាភិបាល​ផ្ទុយ​ទៅ​វិញ មិន​ព្រម​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ​ទៅ​លើ​អំពើ​ពុករលួយ មិន​ព្រម​កាត់​បន្ថយ​ការ​ចំណាយ ទៅ​លើ​ទីប្រឹក្សា​រាប់​ពាន់ និង​សមាជិក​រដ្ឋាភិបាល​រាប់​រយ​នាក់​មិន​កាត់​បន្ថយ បែរ​គិត​តែ​ពី​ខ្ចី​លុយ​គេ​ថែម​ឲ្យ​បន្ទុក​ទៅ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ទៅ​វិញ»។

ទោះ​យ៉ាង​ណា សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ ២០១២ បាន​ត្រូវ​រដ្ឋសភា​ជាតិ​អនុម័ត​ជា​ឯកច្ឆន្ទ​ក្នុង​សំឡេង ៨៦ លើ ៨៦ សំឡេង ក្រោម​អធិបតីភាព លោក ហេង សំរិន ប្រធាន​រដ្ឋសភា​។

បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា បាន​ថ្លែង​ក្នុង​វេទិកា​លើក​ទី ១៦ រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន នា​វិមាន​សន្តិភាព​ដោយ​ចាត់​ទុក​ការ​លា​ឈប់​របស់​សមាជិក​សភា​បក្ស សម រង្ស៊ី ចំនួន ៣ រូប គឺ​មិន​រាំង​ស្ទះ​ដល់​សកម្មភាព​របស់​រដ្ឋសភា​ទេ។

លោក សុខ សំអឿន ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​លា​ឈប់​របស់​សមាជិក​សភា​គណបក្ស សម រង្ស៊ី ពី ៣ ទៅ ៤ រូប មិន​អាច​ប៉ះពាល់​ដល់​ដំណើរការ​រដ្ឋសភា​ទេ។

លោក សុខ សំអឿន ឲ្យ​ដឹង​ដូច្នេះ៖ «បើ​សិន​ជា​បក្ស​គាត់​ឈប់ ឬ​រំលាយ​បក្ស​អាច​មាន​បញ្ហា។ ហើយ​ដើម្បី​ស្ថិរភាព ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា ត្រឹម​តំណាង​រាស្ត្រ ៤ នាក់ មិន​អាច​ធ្វើ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ទេ។ ហើយ​ការ​ឈប់​នេះ​ទៀត​សោត ក៏​មិន​មែន​ដោយសារ​មាន​វិបត្តិ​អី​ផ្សេងៗ នោះ​ដែរ»។

គណបក្ស សម រង្ស៊ី បាន​ប្រកាស​ថា សមាជិក​សភា​ខ្លួន​ចំនួន ៣ រូប ក្នុង​ចំណោម ២៦ រូប បាន​ដាក់​ពាក្យ​លា​ចេញ​ពី​តួនាទី​រួម​មាន អ្នកស្រី កែ សុវណ្ណរតន៍ អ្នកស្រី ថាក់ ឡានី និង​លោក នុត រុំដួល។

ផ្តើម​ពី​ការ​លា​ឈប់​នេះ លោក យឹម សុវណ្ណ បាន​អះអាង​ថា មាត្រា​ទី ៧៦ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា កិច្ច​ប្រជុំ​សភា​អាច​ដំណើរ​ការ​ទៅ​បាន​លុះ​ត្រា​តែ​​​​មាន​កូរ៉ុម (Quorum) យ៉ាង​តិច ១២០ រូប។ ប៉ុន្តែ​លោក​ថា ក្រោយ​ពេល​សមាជិក​សភា​របស់​ខ្លួន​ចំនួន​បី​នាក់​លាលែង​ពី​តួនាទី​សភា នាំ​ឲ្យ​កូរ៉ុម​តិច​ជាង ១២០ រូប។ ដូច្នេះ រាល់​ការ​អនុម័ត​អ្វី​មួយ​របស់​រដ្ឋសភា គឺ​ខុស​ច្បាប់៕