យុវជន​បក្ស​សមរង្ស៊ី​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​កែ​ទម្រង់​គ.ជ.ប

ចលនា​យុវជន​គណបក្ស សម រង្ស៊ី និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១​ពាន់​នាក់ គ្រោង​នឹង​ដឹកនាំ​មហា​បាតុកម្ម​អហិង្សា​មួយ នៅ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​ទាមទារ​ធ្វើ​កំណែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

0:00 / 0:00

ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៨ តុលា លោក​នឹង​ដាក់​លិខិត​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​ពី​ក្បួន​បាតុកម្ម​នេះ។

លោក​បន្ត​ថា បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ការ​ទទួល​ស្គាល់​នូវ​ថ្ងៃ​បង្កើត​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ខ្ញុំ​ខ្លួន​ឯង​បាន​ដឹកនាំ​នឹង​គ្រោង​ធ្វើ​បាតុកម្ម​មួយ ដើម្បី​ទាមទារ​ពីរ​ចំណុច​ទៅ​រដ្ឋាភិបាល។ ទី​មួយ កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ទី​២ គឺ​សុំ​ឲ្យ​គោរព​ថ្ងៃ​ទី​២៣ តុលា ដោយ​ដាក់​ជា​ថ្ងៃ​ទិវា​បុណ្យ​ជាតិ»

លោក សុភ័ណ្ឌ បន្ត​ថា បាតុកម្ម​នោះ​នឹង​មាន​ការ​គាំទ្រ​ពី​តំណាង​និស្សិត​ប្រមាណ ១៧០​នាក់ ព្រម​ទាំង​មន្ត្រី​មក​ពី​បណ្ដា​អង្គការ​មួយ​ចំនួន​ទៀត៖ «យើង​គ្រោង​នឹង​ធ្វើ​នៅ​ទី​លាន​ប្រជាធិបតេយ្យ និង​មាន​តំណាង​យុវជន​ប្រមាណ​យ៉ាង​តិច​បំផុត ១៧០​នាក់ ចេញ​ពី​អង្គការ ហើយ​និង​សិស្ស និស្សិត​ចេញ​ពី​សកលវិទ្យាល័យ ក៏​ដូច​ជា​សាលា​ផ្សេងៗ។ ខ្ញុំ​បាន​ធ្វើ​លិខិត​អញ្ជើញ​កម្មករ សមាគម​តាម​អង្គការ និង​និស្សិត​ជា​ច្រើន​ប្រហែល​សរុប​ជិត ១​ពាន់​នាក់»

ទាក់ទង​នឹង​ខួប ២១​ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដែរ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន ក៏​បាន​ត្រៀម​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញីវយ៉ក (New York) នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ ឆ្នាំ​២០១២។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្តីពី​កម្ពុជា។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក គៀត ចន្ថារិទ្ធ មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ទទួល​ដំណឹង​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ត្រៀម​ខ្លួន​ការពារ​បាតុករ​ស្រប​ច្បាប់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។

លោក គៀត ចន្ថារិទ្ធ៖ «ខ្ញុំ​សូម​ជម្រាប​ជូន​ថា ពួក​ខ្ញុំ​នគរបាល គឺ​ប្រតិបត្តិ​ច្បាប់។ យើង​អត់​ប្រកាន់​ថា ខាង​ណាៗ​នោះ​ទេ ភារកិច្ច​ពួក​ខ្ញុំ​អនុវត្ត​ច្បាប់​បាតុកម្ម ហើយ​ជា​ពិសេស​ការពារ​ប្រជាពលករ និង​ពលរដ្ឋ​ទាំង​អស់​ដែល​ធ្វើ​បាតុកម្ម​ផ្លូវ​ច្បាប់​ហ្នឹង ពួក​ខ្ញុំ​ការពារ ចៀសវាង​អំពើ​ហិង្សា​អី​ហ្នឹង ពួក​ខ្ញុំ​ការពារ​តែ​រហូត​ហ្នឹង»

កាល​ពី​ឆ្នាំ​២០១១ លោក សួង សុភ័ណ្ឌ ធ្លាប់​បាន​ជួយ​តវ៉ា​ការពារ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​តំបន់​បឹង​កក់​ចេញ​ពី​ផ្ទះ​សម្បែង។ លោក​ត្រូវ​បាន​ក្រុម​ប៉ូលិស​ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ធ្ងន់។ មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជនល្មើស​វាយ​លោក​ឲ្យ​រង​របួស​នៅ​ឡើយ​ទេ បើ​ទោះ​បី​លោក សួង សុភ័ណ្ឌ ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។