ប្រធានាធិបតី​អាមេរិក​ថ្លែង​ពី​ស្ថានភាព​ស្រុក​ទេស​ប្រចាំ​ឆ្នាំ

មួយ​សប្តាហ៍​បន្ទាប់​ពី​ខួប​១​ឆ្នាំ​នៃ​ការ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​ថ្លែង​ប្រចាំ​ឆ្នាំ​ជា​លើក​ទី​១ កាល​ពី​រាត្រី​ថ្ងៃ​២៧ មករា ឆ្នាំ​២០១០ ជម្រាប​ពលរដ្ឋ​អាមេរិកាំង​នៅ​មុខ​វត្តមាន​សភា​ទាំង​ពីរ​អំពី​ស្ថានភាព​ស្រុក​ទេស​លើ​វិស័យ​នានា ដែល​គេ​ហៅ​ថា State of the Union address។
ដោយ ឃឹម សារ៉ង
2010-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama)
AFP/Photo

ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​អាយុ​កាល ២២០​ឆ្នាំ​មក​ហើយ ទោះ​បី​ប្រទេស​កំពុង​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ក្តី សន្តិភាព​ក្តី សេដ្ឋកិច្ច​ធ្លាក់​ចុះ​ក្តី ឬ​រុងរឿង​ក្តី ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គ្រប់​រូប​មាន​កាតព្វកិច្ច​ថ្លែង​ប្រាប់​ទៅ​កាន់​ប្រជាជាតិ​របស់​ខ្លួន​អំពី​បញ្ហា​ដែល​កំពុង​ប្រឈម​នឹង​ចំណាត់ការ​ដែល​ត្រូវ​ដោះស្រាយ។

ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ថ្លែង​ជូន​សភា​ជ្រាប​កាល​ពី​យប់​ម្សិលមិញ​នោះ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ចាប់ផ្តើម​ពី​បញ្ហា​សេដ្ឋកិច្ច។

លោក​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​គាំទ្រ​ដល់​ការ​ប្រឹងប្រែង​របស់​រដ្ឋបាល​មុន​ក្នុង​ការ​បង្កើត​កម្មវិធី​សង្គ្រោះ​ហិរញ្ញវត្ថុ ហើយ​ជា​លទ្ធផល​គឺ​ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​មាន​លំនឹង ហើយ​យើង​បាន​មក​វិញ​នូវ​ថវិកា​ចំនួន​ភាគ​ច្រើន​ដែល​យើង​ចំណាយ​ទៅ​លើ​ផ្នែក​ធនាគារ"។

លោក​បន្ត​ថា ៖ "ឥឡូវ​នេះ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​មាន​លំនឹង​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ហើយ យើង​ក៏​ត្រូវ​ឈាន​ទៅ​មុខ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ម្តង​ទៀត ដោយ​រក្សា​និង​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រម​ទាំង​ជួយ​ដល់​ពលរដ្ឋ​អាមេរិក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​ការងារ​ធ្វើ។ យើង​កាត់​បន្ថយ​ពន្ធ ៩៥% ចំពោះ​គ្រួសារ​ដែល​មាន​ការងារ​ធ្វើ, យើង​កាត់​បន្ថយ​ពន្ធ​ចំពោះ​ពាណិជ្ជកម្ម​ខ្នាត​តូច, យើង​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ទិញ​ផ្ទះ​លើក​ដំបូង, កាត់​បន្ថយ​ពន្ធ​ចំពោះ​ឪពុក​ម្តាយ​ដែល​ខំ​ថែ​រក្សា​ទំនុក​បម្រុង​កូន, កាត់​បន្ថយ​ពន្ធ​ចំពោះ​ពលរដ្ឋ​អាមេរិក ៨​លាន​នាក់​ដែល​ចំណាយ​លើ​ការ​សិក្សា​នៅ​វិទ្យាល័យ"។

ហេតុ​នេះ​ហើយ​លោក​ប្រធានាធិបតី​ស្នើ​ថវិកា​លើក​ទឹក​ចិត្ត​ចំនួន ៣០​ពាន់​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើ​បញ្ហា​មួយចំនួន​ខាង​លើ។

លោក​ប្រធានាធិបតី អូបាម៉ា បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ "យើង​ត្រូវការ​ការ​នាំ​ចេញ​ទំនិញ​របស់​យើង​បន្ថែម​ទៀត ពីព្រោះ​ថា ផលិតផល​នាំ​ចេញ​ទៅ​លក់​ក្រៅ​កាន់​តែ​ច្រើន មាន​ន័យ​ថា យើង​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​យើង​នៅ​ឯ​អាមេរិក​នេះ​កាន់​តែ​ច្រើន​ដែរ"។

លោក ព្រហ្ម សៅរ៍នរ៉ា នៅ​រដ្ឋ​វើជីនៀ (Virginia) បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ថ្លែង​ប្រចាំ​ឆ្នាំ​ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក​នេះ ថា ៖ «មិន​មាន​សង្ឃឹម​ច្រើន​ទេ ពីព្រោះ​ចំណោទ​ហ្នឹង​វា​ធំ​ណាស់ អាមេរិកាំង​ហ្នឹង! ហើយ​ដោះស្រាយ​បញ្ហា​ហ្នឹង យក​ទេវតា​មក​ដោះ​ក៏​មិន​រួច​ដែរ! ទី​១ រឿង​សង្គ្រាម សង្គ្រាម​ត្រូវ​ចំណាយ​លុយ​ច្រើន ដូច្នេះ​ហើយ​គាត់​ខំ​កាត់​ច្រើន ចំណាយ​ដែល​អាច​កាត់​បាន​ហ្នឹង​គឺ​ថា​មាន​តិចតួច​ណាស់! បើ​ប្រៀបធៀប​ទៅ​នឹង​ចំណាយ​ខាង​ទាហាន ចំណាយ​ខាង​សន្តិសុខ​ជាតិ​ហ្នឹង អា​ហ្នឹង​គឺ​ថា​កាត់​អត់​បាន​តែម្ដង អា​ពីរ​ហ្នឹង​ចំណាយ​វា​ធំ​ពេក! ហើយ​ដល់​បង្កើតការងារធ្វើ​ហ្នឹង ការ​ចំណាយ​ធំ​មួយ​ទៀត​គឺ​ការ​ត្រូវ​បង្កើត​ការងារ... ដូច​ថា យើង​ធ្វើ​ថ្នល់ ធ្វើ​ស្ពាន ធ្វើ​អី​ហ្នឹង ការ​អស់​ហ្នឹង​គឺ​ថា ធ្វើ​ម្ដង​ទៅ​វា​ចប់ ការ​ហ្នឹង​វា​អត់​ចេះ​តែ​មាន​ត​ទៅ​ទៀត​ទេ។ ការ​ដូច​ជា​ធ្វើ​ឡាន ឬ​ក៏​ធ្វើ​អី អា​ហ្នឹង​ជា​ការងារ​ដែល​បង្កើត​ហើយ វា​នៅតែ​បង្កើត​ការងារ​ត​ទៅ​ទៀត។ ដូច្នេះ​ហើយ​ទោះបី​ជា​គម្រោងការ​ដែល​គាត់​ធ្វើ​យ៉ាង​ម៉េច​ហ្នឹង​ក៏​មិន​អាច​នឹង​ដោះស្រាយ​ចំណោទ​ឱនភាព​ថវិកា​ហ្នឹង​បាន​ច្រើន​ដែរ វា​នៅតែ​ក្នុង​ច្រើន​អ៊ីចឹង...»

សេចក្តី​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​នៅ​វិមាន​រដ្ឋ​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតុន​នេះ គឺ​យោង​តាម​មាត្រា​២ ផ្នែក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល