សិស្ស​ត្អូញត្អែរ​ពី​ការ​យឺតយ៉ាវ​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​និង​ព្រឹត្តបត្រ​ពិន្ទុ

យុវសិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អង្គុយ​រង់ចាំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២៣ ខែ​កញ្ញា ដោយ​បាន​ត្អូញត្អែរ​អំពី​ការ​យឺតយ៉ាវ​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​ព្រឹត្តបត្រ​ពិន្ទុ ហើយ​ចោទ​ប្រកាន់​មន្រ្តី​សាលា​រាជធានី​ពី​អំពើ​ពុក​រលួយ​នៃ​ការ​បញ្ជាក់​សញ្ញាបត្រ​ព្រឹត្តបត្រ​ពិន្ទុ​នេះ។

0:00 / 0:00

កញ្ញា សុភ័ក្រ្ត បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​យក​ព្រឹត្តិបត្រ​ពិន្ទុ​ទៅ​បញ្ជាក់​នៅ​សាលា​រាជធានី​តាំង​ពី​ថ្ងៃ​ទី​៨ កញ្ញា មក​ម៉្លេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​យក​បាន​នៅ​ឡើយ ហើយ​ការ​យឺតយ៉ាវ​នេះ​គឺ​បាន​ធ្វើ​ឲ្យ​ខកខាន​នៃ​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ ដែល​គេ​ទាមទារ​ព្រឹត្តិបត្រ​ពិន្ទុ​នោះ។

សុភ័ក្ត្រ បាន​បញ្ជាក់​ប្រាប់​ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដូច្នេះ ៖ «ពេល​ដែល​ខ្ញុំ​មក​ដាក់​ហ្នឹង​គេ​បាន​មក​សួរ​ខ្ញុំ​ដែរ​ថា ខ្ញុំ​ចង់​ឲ្យ​លុយ​គេ​ឬ​អត់? បើ​សិន​ជា​ឲ្យ​លុយ​គេ​ទៅ តម្លៃ​បន្តិច​បន្តួច​ពីរ​បី​ម៉ឺន ឬ​១០​ដុល្លារ​អី​អ៊ីចឹង អាច​បាន​លឿន ហើយ​ឲ្យ​លេខ​ទូរស័ព្ទ​របស់​យើង​ដល់​គេ ហើយ​មួយ​ទៀត​គេ​នឹង​ទូរស័ព្ទ​ប្រាប់​យើង​ឲ្យ​មក​យក»

និស្សិត​ត្រៀម​មហា​វិទ្យាល័យ​ជា​ច្រើន​រូប​ទៀត​បាន​លើក​ឡើង​ដូចៗ​គ្នា​អំពី​ការ​យឺតយ៉ាវ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ប្រថាប់​ត្រា​លើ​សញ្ញាបត្រ​សិស្ស​ឬ​ព្រឹត្តិបត្រ​ពិន្ទុ​នេះ ដោយ​ពួក​គេ​ខកខាន​នៃ​ការ​ដាក់​ពាក្យ​នៅ​តាម​សាកល​វិទ្យាល័យ​ដែល​ពួក​គេ​ចង់​សិក្សា​ទៅ​តាម​ចិត្ត​ចង់​នោះ ដោយសារ​ព្រឹត្តិបត្រ​ពិន្ទុ​ជាប់​នៅ​សាលា​រាជធានី​ភ្នំពេញ​អស់​រយៈពេល​យូរ គឺ​ចំនួន​ជាង​២០​ថ្ងៃ​មក​ហើយ​នោះ ដែល​កាល​ពី​ឆ្នាំ​២០០៨​ការ​បញ្ជាក់​គឺ​មិន​មាន​រយៈ​ដូច​ឆ្នាំ​នេះ​ទេ ៖ «យើង​ត្រូវការ​ប្រញាប់​ដើរ​រក​សាលា​រៀន​ទៅ ហើយ​យើង​ត្រូវការ​យក​សញ្ញាបត្រ​ដែល​យើង​បញ្ជាក់​ហ្នឹង​យក​ទៅ​ដាក់​រៀន​បន្ត វា​អាច​យឺតយ៉ាវ​ដែរ។ សាលា​ខ្លះ​យើង​ចង់​រៀន​នៅ​សាលា​ហ្នឹង ប៉ុន្តែ​ពេល​គេ​ធ្វើការ​យឺតយ៉ាវ​អ៊ីចឹង​ពួក​ខ្ញុំ​ពិបាក​ដែរ អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​ដូរ​ទៅ​សាលា​ផ្សេង ព្រោះ​អី​សាលា​ហ្នឹង​គេ​បិទ​ការ​ចូល​រៀន»

នាយខុទ្ទកាល័យ​រាជធានី​ភ្នំពេញ លោក នួន សុម៉េត មិន​បាន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សាលា​រាជធានី​គួរតែ​សម្រួល​ដល់​សិស្ស​និស្សិត​ដែល​បាន​យក​សញ្ញាបត្រ​ទៅ​បញ្ជាក់​នោះ​ឲ្យ​បាន​ឆាប់ៗ​ដើម្បី​ឲ្យ​ទាន់​ពេល​នៃ​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​សាកល​វិទ្យាល័យ​រដ្ឋ និង​ទាន់​ពេល​ការ​បង់​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ឯកជន​ផងដែរ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «តាម​ការ​ពិត​នេះ​វា​ជាអំ​ពើ​ពុក​រលួយ​ហើយ ហើយ​លោក​អភិបាល​ក្រុង​មិន​ត្រូវ​ឲ្យ​កើត​មាន​នូវ​អំពើ​ពុក​រលួយ​ជំរិត​យក​លុយ​ពី​សិស្សានុសិស្ស​គ្រាន់តែ​ការ​ប្រថាប់​ត្រា​នោះ​ទេ យើង​ត្រូវតែ​ផ្ដល់​ឲ្យ​គាត់​ឲ្យ​ទាន់​ពេល​វេលា ហើយ​កុំ​ឲ្យ​មាន​ការ​រើសអើង​ទៅ​ដល់​សិស្សានុសិស្ស ទាល់​តែ​អ្នក​ណា​ឲ្យ​លុយ​ច្រើន​បាន​ធ្វើ​លឿន អ្នក​អត់​លុយ​ផ្អឹប​ចោល ហ្នឹង​វា​អយុត្តិធម៌»

សូម​ជម្រាប​ថា បើ​តាម​ការ​អះអាង​ពី​សិស្ស​និស្សិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​បញ្ជាក់​សញ្ញាបត្រ​នៅ​សាលា​រាជធានី​ភ្នំពេញ​កន្លង​មក គឺ​មាន​រយៈពេល​តែ​ពីរ​ឬ​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ៕