ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ចងចាំ​ស្នា​ព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ​ក្នុង​ការ​ការពារ​ទឹកដី

ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ឯណេះ​វិញ ក៏​មិន​ខុស​គ្នា​ដែរ ពួក​គាត់​បង្ហាញ​ការ​សោកសៅ​យ៉ាង​ពន់ពេក ចំពោះ​ការ​បាត់​បង់​ទៅ​នៃ​ក្សត្រ​ដែល​គេ​ចាត់​ទុក​ថា ព្រះ​មហា​វីរក្សត្រ សម្រាប់​ជាតិ​មាតុ​ភូមិ។

0:00 / 0:00

រីឯ​មន្ត្រី​អាជ្ញាធរ​ខេត្ត បញ្ជាក់​ថា ព្រះ​មហា​វីរក្សត្រ ព្រះ​អង្គ​បាន​បន្សល់​នូវ​ស្នា​ព្រះហស្ត​ជាច្រើន សម្រាប់​ខេត្ត​ស្វាយរៀង ក្រៅ​ពី​ការពារ​បូរណភាព​ទឹកដី​នៅ​ខេត្ត​នេះ ក៏​មាន​សាលា​រៀន ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម។

ពលរដ្ឋ​នៅ​ក្រុង​បាវិត និង​ខេត្ត​ស្វាយរៀង បង្ហាញ​ការ​សោក​ស្ដាយ និង​អាឡោះ​អាល័យ​ចំពោះ​ការ​បាត់​បង់​ទៅ​នៃ​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយ​ចាត់​ទុក​ថា​ជា​ព្រះរាជា​ប្រកប​ដោយ​ទសពិធរាជធម៌។

លោក សាន គីម ជា​ពលរដ្ឋ​រស់នៅ​ឃុំ​បាទី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង លោក​អះអាង​ថា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​ក្សត្រ​មួយ​ព្រះអង្គ​ដែល​បាន​ពុះពារ​រាល់​ឧបសគ្គ សម្រាប់​បុព្វហេតុ​ជាតិ​មាតុភូមិ ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន។ លោក​បន្ត​ថា ការ​បាត់​បង់​ទៅ​នៃ​ព្រះ​មហា​វីរក្សត្រ នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មិន​ទាន់​មាន​ការ​ឯកភាព​នយោបាយ​ផ្ទៃ​ក្នុង​ស្រួលបួល​នៅ​ឡើយ៖ «បើ​គាត់​នៅ​ទៅ បាន​ជា​ម្លប់​ដល់​កូន​ចៅ ហើយ​អ៊ីចឹង​បាន​ច្បាស់។ ហើយ​ឥឡូវ ខ្ញុំ​មិន​ដឹង​ដែរ អាណិត​ដែរ មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​សោកស្ដាយ​ដែរ ចេះ​តែ​នឹក​ឃើញ​វែង​ឆ្ងាយ​ទៅ។ ណា​មួយ គាត់​កាល​ពី​ដើមៗ​មក ធ្លាប់​តាៗ​ខ្ញុំ​គាត់​និយាយ​ថា សម្ដេច​ឪ សម្ដេច​តាទួត​ហ្នឹង គាត់​តស៊ូ​ខ្លាំង​មុតមាំ​មែន​ទែន»

ចំណែក​លោក ជួន ជី រស់នៅ​ក្រុង​បាវិត ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំប្រទល់​កម្ពុជា វៀតណាម លោក​គិត​ថា អ្វី​ដែល​ជា​បន្ទុក​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​ការ​បារម្ភ​ចំពោះ​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​ពី​បរទេស​មក​លើ​កម្ពុជា៖ «រាល់​ថ្ងៃ ខ្ញុំ​បារម្ភ​ខ្លាច​បាត់​បង់​ទឹកដី​ខ្មែរ​យើង​ណា​បង ព្រោះ​អី​ខ្មែរ​យើង​បាត់​បង់​ទឹកដី​ច្រើន​ណាស់​ហើយ។ ឥឡូវ បើ​សម្ដេច​ឪ​ស្លាប់​ទៀត បាត់​បង់​ទៀត ខ្មែរ​ជំនាន់​ក្រោយ​នឹង​ដឹង​គិត​ទៅ​ជា​យ៉ាង​ណា​ទេ»

ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ទឹក​ដី​នេះ​ជា​ថ្មី​ម្ដង​ទៀត ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សច្ចា​នៅ​ចំពោះ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មុន​នឹង​យាង​ព្រះបរមសព​របស់​ព្រះអង្គ​មក​មាតុ​ប្រទេស​វិញ​ថា លោក​នឹង​រក្សា​នូវ​ព្រះរាជបល័្លង្ក ព្រះ​ញាតិ​វង្សានុវង្ស និង​បូរណភាព​ទឹកដី​កម្ពុជា ឲ្យ​ស្ថិត​នៅ​គង់វង្ស។

ចំណែក​លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង លោក​មាន​ប្រសាសន៍​ថា ស្នា​ព្រះហស្ត​ជាច្រើន​ក្រៅ​ពី​បូរណភាព​ទឹកដី​របស់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​បាន​បន្សល់​ទុក ដូច​ជា​សាលា​រៀន​ជាដើម នៅ​ខេត្ត​ស្វាយរៀង នោះ គឺ​ជា​ភស្តុតាង និង​ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ឆាក​ជីវិត​នៃ​ព្រះរាជបូជនីយកិច្ច​របស់​ព្រះអង្គ​សម្រាប់​កម្ពុជា៖ «មាន​ច្រើន ព្រះករុណា ស្នា​ព្រះហស្ត​សាលា​បឋមសិក្សា​សម្ដេច​ឪ នៅ​ទល់​មុខ​សាលា​ខេត្ត​ហ្នឹង ហើយ​និង​ព្រះអង្គ​កសាង​នៅ​វត្ត​នៅ​ចន្ទ្រា នៅ​ស្រុក​ចន្ទ្រា ព្រះវិហារ ហើយ​និង​លោក​ជួយ​ច្រើន ប្រឡាយ​ទឹក អណ្ដូង​ទឹក ដល់​ប្រជា​ពលរដ្ឋ»

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២០ ខែ​តុលា នឹង​មាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជការ អាជ្ញាធរ និង​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។