បើគេធ្វើដំណើរចេញពីទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅតាមផ្លូវច្រកជាំសាងុំា ប្រហែលជាជាង ១គីឡូម៉ែត្រ នៅខាងស្ដាំដៃ គេនឹងឃើញផ្លាកសរសេរដោយដៃថា រមណីយដ្ឋានប្រវត្តិសាស្ត្រ ផ្ទះតាម៉ុក។ បន្ទាប់មក លោកអ្នកបត់ចូលទៅតាមច្រកនោះ ចំនួន៣៥០ម៉ែត្រទៀត នោះនឹងឃើញផ្ទះតាម៉ុក ដែលជាអតីតសមាជិកអចិន្ត្រៃយ៍ របស់គណមជ្ឈិមបក្សខ្មែរក្រហម ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលបច្ចុប្បន្នគេយកផ្ទះនេះ ធ្វើជារមណីយដ្ឋានប្រវត្តិសាស្ត្រ។
នៅក្នុងបរិវេណជុំវិញផ្ទះរបស់តាម៉ុក ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានផ្ទៃដីជិត ២ហិកតារ។ នៅខាងក្រោយផ្ទះគាត់ មានបឹងទំហំ ៤១៧ហិកតារ ហៅបឹងអន្លង់វែង ឬបឹងអូរជីក ដែលស្គាល់ថាជាផ្ទះ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។
បុរសពិការជើងម្ខាង ដែលជាអតីតទាហានខ្មែរក្រហម ឈ្មោះ សាន់ រឿង អាយុ ៥៥ឆ្នាំ ជាអ្នកមើលថែទាំ និងបោសសំអាតផ្ទះតាម៉ុកនោះ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីដូច្នេះ ៖ «កាលពីជំនាន់ខ្មែរក្រហមកាន់កាប់ ផ្ទះគាត់ហ្នឹងកន្លែងប្រជុំ គាត់ប្រជុំពីរឿងការដោះស្រាយកងទ័ព ឬក៏ឈានទៅវាយរដ្ឋាភិបាលជំនាន់នោះណាស់ ហៅកងទ័ពប្រជុំផែនការណ៍វាយតប់អ៊ីចឹង។ ផ្ទះជំនាន់មុនគេស្នាក់នៅ ឧទាហរណ៍ថាមេៗ គេមកប្រជុំអ៊ីចឹងទៅ ល្ងាចឡើង ឬក៏យប់ឡើងគេសម្រាកក្នុងផ្ទះហ្នឹង»។
បើទោះបីជាមានការអះអាងយ៉ាងនេះក្តី នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុក មានសសរផ្ទះជាដើមឈើធំៗ ទាំងមូលៗ រីឯជញ្ជាំងឥដ្ឋហាក់ដូចជានៅរឹងមាំនៅឡើយនោះ គេពុំឃើញមានបន្សល់ទុកនៅរបស់របរ ឬវត្ថុអ្វីដែលតាម៉ុកប្រើប្រាស់នោះទេ គឺមានតែសំបកផ្ទះប៉ុណ្ណោះ។ ក្រៅពីនោះ នៅតាមជញ្ជាំងមានតាំងផែនទីប្រទេសកម្ពុជា ដែលគូរដោយដៃ ១ផ្ទាំង ផ្ទាំងគំនូរសត្វក្នុងព្រៃ គំនូរប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តជាដើម ដែលគេគូរជាប់នឹងជញ្ជាំងតែម្ដង។ ត្រង់ចំណុចនេះ លោក សាន់ រឿង ដែលជាអ្នកថែរក្សាផ្ទះតាម៉ុក បានថ្លែងប្រាប់ថា ៖ «គំនូរប្រាសាទព្រះវិហារហ្នឹង គាត់គូរ គាត់ប្រាប់កងទ័ពគាត់ ប្រាប់ប្រជាពលរដ្ឋគាត់ ដែលនៅក្រោមការដឹកនាំរបស់គាត់ថា ប្រាសាទព្រះវិហារនេះជារបស់ខ្មែរយើង បាត់បង់អស់ទៅខ្លះ គេចង់បានតុគេយកតុ ក្រោយពីសមាហរណកម្មមក រដ្ឋាភិបាលមិនទាន់ប្រមូលយកទុកក្នុងសារមន្ទីរនោះ ឥឡូវបាត់អស់រលីង»។
នៅខាងក្រៅផ្ទះរបស់តាម៉ុក ក្រៅអំពីដើមឈើហូបផ្លែដែលដាំជាជួរៗ យ៉ាងមានសណ្ដាប់ធ្នាប់នោះ គេឃើញមានឡានចាស់ទ្រុឌទ្រោម ១គ្រឿង ដែលគេចោលហាលថ្ងៃហាលភ្លៀង។ ឡាននេះ ដាក់គេ បំពាក់ផ្លាកថា ឡានវិទ្យុផ្សាយសំឡេងរបស់ ប៉ុល ពត។ រីឯនៅចំហៀងម្ខាងទៀត មានទ្រង់ដែកធំ១ នោះគឺជាគុកដាក់អ្នកទោសរបស់តាម៉ុក។
ទាក់ទងទៅនឹងភ្ញៀវទេសចរណ៍ ក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុកនេះ ប្រធានការិយាល័យទេសចរណ៍ប្រចាំស្រុកអន្លង់វែង លោក សៀង សុខហេង ដែលកំពុងប្រចាំការនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុក បានថ្លែងថា រយៈពេល ៦ខែ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១០ នេះ លោកសង្កេតឃើញមានភ្ញៀវទេសចរណ៍ ទាំងខ្មែរ និងបរទេស មកទស្សនាក្នុងរមណីយដ្ឋាននេះកើនទ្វេដង។ លោកថា ភ្ញៀវទាំងនោះបានមកពីគ្រប់ទិសទី ទាំងតាមបណ្ដាខេត្តនានា និងទីក្រុងភ្នំពេញ រីឯភ្ញៀវជនជាតិបរទេស ក៏មានច្រើនគួរសមដែរ។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោក ហុក សុវិទ្យា មានប្រសាសន៍ប្រាប់ពីគោលបំណងនៃការយកផ្ទះតាម៉ុកធ្វើជារមណីយដ្ឋានប្រវត្តិសាស្ត្រថា ដោយសារតំបន់នេះជាកេរ្តិ៍ដំណែល ដែលបានបន្សល់ទុក ជាទីតាំងចុងក្រោយរបស់របបកម្ពុជាប្រជាធិបតេយ្យ និងដើម្បីប្រែក្លាយចំណុចប្រយុទ្ធគ្នាដ៏គគុក មកក្លាយជាតំបន់បៃតង។
តាម៉ុក គឺជាអតីតសមាជិកអចិន្ត្រៃយ៍ របស់គណមជ្ឈិមបក្សខ្មែរក្រហម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គាត់ក៏ជាមេទ័ពកំពូលរបស់ខ្មែរក្រហម ហើយតាម៉ុកត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ១៩៩៩ បន្ទាប់មកគាត់បានស្លាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ហើយ ក្រុមគ្រួសារ និងសាច់ញាតិរបស់គាត់យកមកបញ្ចុះនៅវត្តធម្មារាម ឬវត្តស្រះឈូក ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង។
អាចារ្យវត្តធម្មារាម ឬវត្តស្រះឈូក លោក ផាន់ ឆេន វ័យ៧៧ឆ្នាំ បានថ្លែងថា សូម្បីតែផ្នូរតាម៉ុកក្នុងវត្តនេះ ក៏មានអ្នកដែលស្រឡាញ់ចូលចិត្ត និងចង់ដឹងពីតាម៉ុក បានមកមើល ដោយសារតែពួកគេចង់ដឹង និងមានអ្នកខ្លះបានអុជធូបបន់ស្រន់សុំសេចក្ដីសុខច្រើនដែរ។
ដោយឡែកបរិវេណទីកន្លែងបូជាសព ប៉ុល ពត ដែលនៅតាមដងផ្លូវ គេបានដាក់ផ្លាកថា កន្លែងដុតខ្មោច ប៉ុល ពត ហើយក្រសួង ឬមន្ទីរទេសចរណ៍នៅពុំទាន់មានការអភិវឌ្ឍតំបន់នោះនៅឡើយ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានឲ្យដឹងថា ពួកគេមានជំនឿណាស់ ភាគច្រើនបានមកបែបន់សុំសេចក្តីសុខ សុំកន្ទុយលេខ សុំឲ្យរកស៊ីចំរើន និងការលក់ដីធ្លីរបស់ពួកគេបានដាច់ ជាដើម។
ទោះជាយ៉ាងណា ប្រភពពីមន្ត្រីទេសចរណ៍បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាមានគម្រោងអភិវឌ្ឍតំបន់រមណីយដ្ឋានទាំង ១៤ចំនុច ក្នុងនោះមានដូចជា កន្លែងដុតសព ប៉ុល ពត កន្លែងកាត់ទោស ប៉ុល ពត ផ្ទះ ប៉ុល ពត ផ្ទះ តា ម៉ុក កណ្ដាលលើភ្នំ ផ្ទះ ខៀវ សំផន កន្លែង ស៊ិន សេន ស្លាប់ កន្លែងកែច្ឆៃគ្រាប់កាំភ្លើង ឃ្លាំងដាក់សម្ភារៈជើងភ្នំ ទីតាំងការដ្ឋានដឹកជញ្ជូនរបស់ តា ម៉ុក បឹងអូរជីក ផ្ទះ តា ម៉ុក អតីតមន្ទីរពេទ្យ តា ម៉ុក អតីតសាលាបង្រៀនរបស់ តា ម៉ុក និងស្ពានមួយផងដែរ ទាំងអស់នេះគឺស្ថិតនៅក្នុងស្រុកអន្លង់វែងទាំងអស់៕
