ប្រាសាទ​តាក្របី​និង​តាមាន់​ទាក់ទាញ​ទេសចរ

ប្រាសាទ​ចំនួន​២ នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ខ្មែរ និង​ថៃ កំពុង​ក្លាយ​ជា​កន្លែង​មាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។
ដោយ កែវ និមល
2012-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣-កុម្ភៈ-២០១២៖ ប្រាសាទ​តាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្ដរមានជ័យ
៣-កុម្ភៈ-២០១២៖ ប្រាសាទ​តាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្ដរមានជ័យ
RFA/Keo Nimorl

ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក។ កេរ្តិ៍​ឈ្មោះ​ប្រាសាទ​ទាំង​២ នេះ ចាប់​ផ្ដើម​ល្បីល្បាញ​ក្រោយ​ពេល​មាន​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ពេល​កន្លងមក​ថា កង​ទាហាន​កម្ពុជា និង​ថៃ មាន​ការ​វាយ​ប្រយុទ្ធ​គ្នា ដើម្បី​គ្រប់គ្រង​ប្រាសាទ​ទាំង​២ នោះ។

ប្រាសាទ​តា​ក្របី មាន​ចម្ងាយ​ប្រមាណ ៨៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ ដើម្បី​ទៅ​ដល់​ប្រាសាទ​តា​ក្របី គេ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម ចេញ​ពី​ទី​ប្រជុំជន​សំរោង តាម​ទិស​ខាង​លិច។ នៅ​តាម​ផ្លូវ​មាន​ព្រៃ​ឈើ ដែល​កន្លែង​ខ្លះ​នៅ​ក្រាស់ កន្លែង​ខ្លះ​ឡើង​ស្ដើង ដោយសារ​មាន​ការ​កាប់​ដើម្បី​ធ្វើ​ផ្លូវ​កន្លង​មក។

នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ និង​ទាហាន​ខ្មែរ យាម​ល្បាត​ការពារ​នៅ​តំបន់​នោះ ពីព្រោះ​ប្រាសាទ​នោះ នៅ​កៀក​ព្រំដែន​កម្ពុជា-​ថៃ។ នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ ចំនួន ២​នាក់ អង្គុយ​នៅ​ក្បែរ​ប្រាសាទ។ ចំណែក​នៅ​ក្បែរ​នោះ​ដែរ មាន​ទាហាន​ខ្មែរ​ចំនួន ៣​នាក់ ក៏​ដើរ​ល្បាត​ជុំវិញ​ប្រាសាទ​តា​ក្របី​ដែរ។ ទាហាន​ខ្មែរ និង​ថៃ​ទាំង ៥​នាក់​នោះ មិន​មាន​អាវុធ​ឡើយ។ ទាហាន​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​យាមល្បាត​នៅ​ក្បែរ​គ្នា​របស់​កងទ័ព​ទាំង ២​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​មាន​ភាព​តានតឹង​ដាក់​គ្នា។

ប្រភព​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ អាច​ចូល​ទៅ​មើល​ប្រាសាទ​តា​ក្របី​នោះ​បាន ដោយ​មាន​ទាហាន​ជូន​ដំណើរ។ បើ​សិន​ជា​អ្នក​ចង់​មើល​ប្រាសាទ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ចូល​ទៅ​តាម​ច្រក​ផ្លូវ​ពី​ប្រទេស​ខ្មែរ ពេល​ទៅ​ដល់ គឺ​ទាហាន​ខ្មែរ​ជា​អ្នក​ជូន​ដំណើរ​មើល​ប្រាសាទ និង​ដើម្បី​ប្រាប់​ដំណឹង​អំពី​កន្លែង​ណា​ដែល​អាច​ទៅ​បាន និង​កន្លែង​ណា​ដែល​មិន​អាច​ទៅ​បាន ពីព្រោះ​ទីនោះ​ជា​តំបន់​ទាហាន​គ្រប់គ្រង។

៣-កុម្ភៈ-២០១២៖ ប្រាសាទ​តាក្របី ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ RFA/Keo Nimorl
៣-កុម្ភៈ-២០១២៖ ប្រាសាទ​តាក្របី ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ RFA/Keo Nimorl

ប្រាសាទ​តា​ក្របី មាន​ទីតាំង​នៅ​លើ​ជួរភ្នំ​ដងរែក។ ប្រាសាទ​នេះ នៅ​ជាប់​ព្រំដែន កម្ពុជា-​ថៃ។ ប្រភព​ឯកសារ​ជា​ច្រើន​បាន​អះអាង​ថា ប្រាសាទ​នេះ​ជា​របស់​ខ្មែរ។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា តាម​ប្រវត្តិសាស្ត្រ ប្រាសាទ​តា​ក្របី​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ និង ១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ។

លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះ​ទស្សនៈ​នៃ​ការ​កសាង​ប្រាសាទ ជា​ទូទៅ​ប្រាសាទ​ទាំង​អស់​កសាង​ឡើង ដើម្បី​គោរព​ចំពោះ​អាទិទេព។ បើ​អាទិទេព​ជា​ព្រះឥសូរ គឺ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះឥសូរ បើ​គេ​គោរព​ព្រះវិស្ណុ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះវិស្ណុ។ ក៏​ប៉ុន្តែ​ចំពោះ​ទស្សនៈ​ខ្ញុំ ប្រាសាទ​ទាំង​២ នេះ តាម​ការ​សិក្សា​ខ្លះ​នោះ គឺ​ប្រាសាទ​នេះ​ឧទ្ទិស​ចំពោះ​ព្រះឥសូរ​ច្រើន​ជាង។ ប្រាសាទ​តា​ក្របី​មាន​ឈ្មោះ​ពិត តាម​ទស្សនៈ​ខ្មែរ ឈ្មោះ​ប្រាសាទ​ព្រះ​ដង្វាយ»

ក្រោយ​ពី​បាន​ទស្សនា​ប្រាសាទ​តា​ក្របី​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចង់​ទៅ​មើល​ប្រាសាទ​តាមាន់ ជា​បន្ត​ទៀត។ ប្រាសាទ​តា​មាន់​មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​តា​ក្របី។

ប្រាសាទ​តា​មាន់​ជា​ប្រាសាទ​ដែល​សាងសង់​ឡើង​នៅ​លើ​ទី​ទួល​ភ្នំ​ខ្ពស់។ បើ​ចង់​ឡើង​ទស្សនា​ប្រាសាទ​តា​មាន់ ត្រូវ​សុំ​អនុញ្ញាត​ទាហាន​ខ្មែរ ដែល​នៅ​យាម​ការពារ​នៅ​តំបន់​នោះ។ ប្រាសាទ​តា​មាន់ ជា​ប្រាសាទ​ដែល​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​កំពែង​ជញ្ជាំង​ថ្ម​ព័ទ្ធ​ជុំវិញ។ នៅ​លើ​ប្រាសាទ​តា​មាន់​នោះ ក៏​មានការ​យាមល្បាត​ក្បែរ​គ្នា ដោយ​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​ដែរ។

តាម​ប្រភព​ទាហាន​ខ្មែរ ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ ដែល​យាម ល្បាត​នៅ​តំបន់​ប្រាសាទ​តា​មាន់ មាន​ពីរ​ក្រុម មួយ​ក្រុម​ស្លៀក​ពាក់​ខោអាវ​បារ៉ា និង​មួយ​ក្រុម​ទៀត ស្លៀក​ពាក់​ពណ៌​ខ្មៅ។

តាម​ប្រភព​ទាហាន​ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ការ​ជូន​ភ្ញៀវ​ដើរ​មើល​ប្រាសាទ​មាន​លក្ខណៈ ដូច​ប្រាសាទ​តា​ក្របី​ដែរ គឺ​កាលណា​មាន​ភ្ញៀវ​ទេសចរ ឬ​អ្នក​ស្រុក​ជា​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ទាហាន​ខ្មែរ ជា​អ្នក​ជូន​ដើរ​មើល​ប្រាសាទ។ បើសិន​ជា​មាន​ភ្ញៀវ ឬ​ទេសចរ​ជា​ ជនជាតិ​ថៃ ឬ​បរទេស​ចូល​ពី​ខាង​ទឹកដី​ថៃ​មក គឺ​ទាហាន​ថៃ ជា​អ្នក​ដើរ​ជូន​មើល​ប្រាសាទ។

ប្រភព​ទាហាន​ខ្មែរ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ទៅ​មើល​ប្រាសាទ​តា​មាន់ មាន​ភាព​ងាយស្រួល​ជាង​មុន​ហើយ ដោយសារ​ទាហាន​ថៃ បាន​រើ​យក​ខ្សែ​លួស​បន្លា​ចេញ​ពី​ផ្លូវ​ចូល​ទៅ​បរិវេណ​ប្រាសាទ។ ពី​មុន​ចង់​ចូល​មើល​ប្រាសាទ​តា​មាន់ ត្រូវ​ទិញ​សំបុត្រ​លក់​ដោយ​ទាហាន​ថៃ តែ​ឥឡូវ​មិន​មាន​ទិញ​សំបុត្រ​ទៀត​ឡើយ។

ចំពោះ​ប្រវត្តិ​ប្រាសាទ​តា​មាន់​នេះ លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា បាន​កសាង​ឡើង ឧទ្ទិស​ចំពោះ​ព្រះឥសូរ ដូច​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តា​ក្របី​ដែរ។ ចំពោះ​ប្រាសាទ​តា​មាន់ មាន​ឈ្មោះ​មួយ​ទៀត ពី​ដើម​គេ​ហៅ​ថា ប្រាសាទ​វេទមន្ត។ តែ​ពាក្យ​ថា វេទមន្ត​នោះ បាន​និយាយ​តៗ​គ្នា រហូត​ក្លាយ​ទៅ​ជា​តាមាន់​ទៅ​វិញ។

លោក សំបូរ មាណ្ណារ៉ា៖ «ក្នុង​លក្ខខណ្ឌ​ហ្នឹង មាន​ឯកសារ​ជា​ច្រើន​បាន​លើក​ឡើង​ថា ប្រាសាទ​នោះ​កសាង​ក្នុង​រជ្ជកាល​ព្រះសុរិយវរ្ម័ន។ កំឡុង​សតវត្ស​ទី​១១ និង​១២ នេះ។ ក៏​ប៉ុន្តែ​មាន​ឯកសារ​មួយ​ទៀត បាន​លើកឡើង​ថា មាន​ការ​តាំង​ទី​នៅ​ទី​នោះ នៅ​ក្នុង​អំឡុង​សតវត្ស​ទី​៩ និង​ទី​១០»

លោក ឈុំ សុជាត ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។ លោក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​គោលការណ៍​យាម​ល្បាត​រួមគ្នា​រវាង​ទាហាន​ខ្មែរ ជាមួយ​ទាហាន​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​តា​មាន់​នោះ​ឡើយ។

លោក ឈុំ សុជាត៖ «នៅ​ប្រាសាទ​តា​ក្របី​នោះ វា​នៅ​កៀក​ព្រំដែន។ ប្រាសាទ​នោះ​មាន​ចម្ងាយ ១៤ ឬ ១៥​ម៉ែត្រ​ពី​ព្រំដែន​ប៉ុណ្ណោះ ហើយ​ថៃ​គេ​មក​ត្រឹម​ព្រំដែន​គេ ហើយ​យើង​នៅ​ត្រឹម​ព្រំដែន​យើង​ហ្នឹង។ ការ​ជួបជុំ​នោះ ជួនកាល​ជា​មនោសញ្ចេតនា ទៅ​ហូប​បាយ​ហូប​ទឹក​អី​ជាមួយ​គ្នា​ហ្នឹង​ណា។ អត់​មាន​យាមកាម​អី​ជុំ​គ្នា​ទេ»

លោក ហុក សុវិទ្យា ជា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់​នេះ អាច​មាន​លទ្ធភាព​រៀបចំ ជា​តំបន់​ទេសចរណ៍​បាន។ ប៉ុន្តែ​ដោយសារ​នៅ​មាន​ទាហាន​ខ្មែរ និង​ថៃ​យាម​ក្បែរ​ប្រាសាទ​នោះ ហើយ​ប្រាសាទ​នោះ នៅ​ក្នុង​តំបន់ ដែល​អាច​មាន​ការ​ប្រយុទ្ធ​គ្នា​នោះ ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត មិនទាន់​អាច​រៀបចំ​ធ្វើអ្វី ដើម្បី ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ទៅលេង​បាន​នៅឡើយ​ទេ​បច្ចុប្បន្ន​នេះ។

លោក ហុក សុវិទ្យា៖ «ឥឡូវនេះ​វា​នៅ​ក្នុង​ការ​ការពារ​របស់​កម្លាំង​ខេមរភូមិន្ទ​យើង។ ថ្ងៃ​ក្រោយ ក្រោយ​ពី​យើង​ចរចា​ត្រូវ​គ្នា​រឿង​ព្រំដែន​ចប់​សព្វគ្រប់​ហើយ​អស់។ អា​នោះ​កន្លែង​នោះ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ហើយ»។ 

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា រៀងរាល់​ថ្ងៃបុណ្យ​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ តែងតែ​មាន​មនុស្ស​ច្រើន​កុះករ​ទៅ​លេង​ប្រាសាទ​ទាំង​២​នោះ។ ក្រៅ​ពី​ថ្ងៃ​បុណ្យ​ក៏​មាន​មនុស្ស​ទៅ​ទស្សនា​ប្រាសាទ​ទាំង​២​នោះ​ដែរ គ្រាន់​តែ​មាន​ចំនួន​តិចតួច ជាពិសេស​លោក​យាយ​ចាស់ៗ តែងតែ​ម៉ៅ​ឡាន​ឈ្នួល ដើម្បី​ជិះ​ឡើង​ទៅ​ធ្វើបុណ្យ បន់ស្រន់​នៅ​ប្រាសាទ​លើ​ជួរភ្នំ​ដងរែក​នោះ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មាន​ផ្លូវ​ងាយស្រួល​ទៅ​កាន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់។ ផ្លូវ​នោះ​ជា​ផ្លូវ​សង់​ថ្មី ហើយ​មាន​ក្រាល​ដី​ក្រួស​ក្រហម។ ចំពោះ​ចម្ងាយ​ផ្លូវ គឺ​ពី​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្តរមានជ័យ ទៅ​កាន់​ប្រាសាទ​តា​ក្របី មាន​ចម្ងាយ ៨៥​គីឡូម៉ែត្រ។ ចំណែក​ចម្ងាយ​ផ្លូវ​ពី​ប្រាសាទ​តា​ក្របី ទៅ​ប្រាសាទ​តា​មាន់ មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ។

បើ​លោក​អ្នក​​ស្ដាប់​ចង់​ទៅ​ទស្សនា​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់ សុំ​កុំ​ភ្លេច​ខ្ចប់​បាយ និង​ទឹក ទៅ​ផង ពីព្រោះ ​នៅ​តំបន់​ប្រាសាទ​ទាំង​២​នោះ មិន​មាន​ហាង​លក់​បាយ និង​ទឹក ដូច​តំបន់​ទេសចរណ៍​នានា​នោះ​ឡើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Hun Sen is Samdech Decho, the title awarded to a great Khmer military Leader. Why this great Khmer leader allows the Thais to take half of Prasat Tamon that belongs to Khmers. Hun Sen sends his police and army to beat Khmer women in the street in a way to show force. Can Hun Sen send these armed guards to tell the Thais to leave Prasat Ta Mon and Prasat Ta Krabey. If Hun Sen can perform this duty, he deserves title of Samdech Decho. Otherwise, the name is just none sense.

Feb 09, 2012 03:05 AM

គេហទំព័រ​ទាំងមូល