លោក ទៀ បាញ់៖ កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​រក្សា​តួនាទី​អព្យាក្រឹត​ពេល​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

0:00 / 0:00

ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នានា រាប់​ទាំង​អង្គការ​សហប្រជាជាតិ​ដែរ​នោះ កន្លង​មក​បាន​ទទូច​សុំ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

មួយ​វិញ​ទៀត មជ្ឈដ្ឋាន​ទាំង​នោះ ក៏​ចង់​ឃើញ​កង​កម្លាំង​ប្រដាប់​អាវុធ​នានា មាន​ដូច​ជា យោធា និង​នគរបាល​ជាដើម រក្សា​តួនាទី​អព្យាក្រឹត​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី៤ ខែ​តុលា បាន​អះអាង​ថា ក្រសួង​ការពារ​ជាតិ និង​កង​កម្លាំង​ប្រដាប់​អាវុធ​នានា រក្សា​តួនាទី​អព្យាក្រឹត​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០១៣ ដែល​បាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត ជ្រើស​រើស​តំណាង​រាស្ត្រ លក្ខន្តិកៈ​របស់ គ.ជ.ប និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កង​កម្លាំង​ប្រដាប់​អាវុធ គឺ​មាន​តួនាទី​ការពារ​សន្តិសុខ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ដែល​បាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត៖ «ជាពិសេស កង​យោធពល​ខេមរភូមិន្ទ​ហ្នឹង​ឯង ជា​កម្លាំង​អព្យាក្រឹត​មួយ គឺ​តែង​តែ​បាន​បំពេញ​តួនាទី​របស់​ខ្លួន​តាម​ការ​ប្រគល់​ភារកិច្ច​នោះ គឺ​ធ្វើ​ម៉េច​រក្សា​ការពារ​សុវត្ថិភាព នៅ​ក្នុង​រង្វង់​មួយ ដែល​បាន​កំណត់​ដោយ​ច្បាប់​មិន​ឲ្យ​មក​ជ្រៀតជ្រែក ឬ​ក៏​នាំ​ឲ្យ​មាន​ការ​ភិតភ័យ។ អ្នក​មក​បោះ​ឆ្នោត ឬ​ក៏​បេក្ខជន​ដែល​មាន​តួនាទី​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជាដើម គឺ​អត់​មាន​កិច្ចការ​ទាំង​នោះ​ជា​ដាច់​ខាត»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ចំណែក​ឯ​យុទ្ធការ​ឃោសនា​បោះ​ឆ្នោត នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣០ថ្ងៃ ហើយ​នឹង​បញ្ចប់​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប គ្រោង​ផ្សព្វផ្សាយ និង​ពង្រឹង​ក្រម​សីលធម៌ នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឈាន​មក​ដល់៖ «យើង​ធ្វើ​ជា​ក្រម​សីលធម៌​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ កងទ័ព អាជីព​អី​ហ្នឹង។ យើង​ធ្វើ​ក្រម​សីលធម៌​ដាក់​ជូន​គាត់ នៅ​ពេល​ឃោសនា​បោះ គឺ​យើង​បញ្ចូល​ក្នុង​បទ​បញ្ជា​នីតិវិធី នៃ​ការ​ឃោសនា​ហ្នឹង បញ្ជាក់​ច្បាស់​ពី​បញ្ហា​នេះ។ យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជូន​ព័ត៌មាន​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បាន​ជ្រាប​បញ្ហា​នេះ។ ហើយ​យើង​កំពុង​តែ​ពិនិត្យ​សេចក្តី​ព្រាង​នីតិវិធី នៃ​ការ​ឃោសនា​បោះ​ឆ្នោត។ អ៊ីចឹង​ទេ នៅ​ចុង​ឆ្នាំ​នេះ យើង​ជូន​សេចក្តី​ព្រាង​បទ​បញ្ជា​នីតិវិធី​ទៅ​គ្រប់​ស្ថាប័ន​ទាំង​អស់ ដើម្បី​ផ្តល់​អនុសាសន៍។ ក្រោយ​ពី​ការ​អនុម័ត​ហើយ នៅ​ដើម​ឆ្នាំ​២០១៣ យើង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តែ​ម្តង​បាទ»

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​មាន​ការ​ភិតភ័យ នៅ​ពេល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត ឬ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ជាដើម៖ «បើ​សិន​ជា​មាន​ជា​កង​សន្តិសុខ​ការពារ​អី ក៏​កុំ​ឲ្យ​មាន​កាំភ្លើង​អី។ អ៊ីចឹង ធ្វើ​ឲ្យ​បរិយាកាស​ហ្នឹង​វា​អាប់អួរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច។ ហើយ​ទី២​ទៀត ឲ្យ​តែ​មុន​បោះ​ឆ្នោត​ម្តងៗ ឃើញ​មាន​ចល័ត​ទ័ព​ចុះ ចល័ត​ទ័ព​ឡើង សូម្បី​តែ​គ្មាន​ព្រឹត្តិការណ៍​អ្វី​សោះ ក៏​ចល័ត​ទ័ព ចល័ត​កាំភ្លើង របៀប​ជា​គំរាម​កំហែង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច»

កន្លង​មក អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែរឌី (Surya Subedi) និង​គណបក្ស សម រង្ស៊ី បាន​រិះគន់​ថា មន្ត្រី​យោធា និង​មន្ត្រី​នគរបាល​មួយ​ចំនួន បាន​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក នប និង ខម សម្រាប់​ឃោសនា​បោះ​ឆ្នោត ដែល​ជា​មធ្យោបាយ​របស់​រដ្ឋ។

ក្រៅ​ពី​នេះ មាន​ការ​ចោទ​ប្រកាន់​ទៀត​ថា គណបក្ស​កាន់​អំណាច បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ និង​ឯកជន​នានា សម្រាប់​ឃោសនា​បោះ​ឆ្នោត​ច្រើន​លើស​លប់​ជាង​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។