បុគ្គលិក​សិក្សា​នៅ​កំពត​ប្រតិកម្ម​ជុំ​វិញ​ការជ្រើសរើស​បុគ្គលិក​ការិយាល័យ​បោះឆ្នោត

បុគ្គលិក​សិក្សា​នៅ​ក្នុង​ស្រុក​ពីរ​នៃ​ខេត្ត​កំពត បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចោទ​ថា​មាន​អំពើ​ពុក​រលួយ​ក្នុង​ការជ្រើសរើស​បុគ្គលិក​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះ​ឆ្នោត ។

0:00 / 0:00

លោកគ្រូ អ្នកគ្រូ នៅ​ស្រុក​ឈូក​និង​ស្រុក​ដង​ទង់ ខេត្ត​កំពត បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា​កន្លង​ទៅ​នេះ ថា​មាន​អំពើ​ពុក​រលួយ​និង​ការរើសអើង​ក្នុង​ការជ្រើសរើស​បុគ្គលិក​សម្រាប់​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះឆ្នោត ដែល​អំពើ​ទាំង​នោះ​រួម​មាន​ការសូកប៉ាន់​ជា​ទឹក​ប្រាក់​ពី​២​ម៉ឺន​រៀល​ទៅ​៣​ម៉ឺន​រៀល​និង​ការនិយម​បក្សពួក​ជាដើម ។

គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ដូនយ៉យ​ក្នុង​ស្រុក​ឈូក អ្នកស្រី ង៉ែត ថាច បាន​សម្ដែង​នូវ​ការខកចិត្ត​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការជ្រើសរើស​បុគ្គលិក​សម្រាប់​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះ​ឆ្នោត ។

អ្នកស្រី ង៉ែត ថាច បាន​ឲ្យ​ដឹង​ថា ៖ «នឹកឃើញ​សុំ​គេ​បាន គេ​យក​២​ម៉ឺន ឲ្យ​ខ្ញុំ​៦ ខ្ញុំ​ថា​អ៊ីចឹង​ក៏​ខ្ញុំ​យក​ដែរ​ខ្ញុំ​វា​ក្រ​ជាងគេ ។ គ្រូ​មួយ​សាលា​ហ្នឹង​គេ​ជិះ​សុទ្ធតែ ០៨ ទាំងអស់ ជិះ​កង់​តែ​ខ្ញុំ​ម្នាក់ឯង​ទេ ។ ដល់​ហើយ​គេ​ឲ្យ​តែ​គ្នា​គេ​អា​០៨​ហ្នឹង​ទាំងអស់ ហើយ​ប្រពន្ធ​កូន​គេ​ទាំងអស់ ហើយ​អា​អ្នក​អត់​ប្រឡង​ក៏​ជាប់​ដែរ»

គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​មគ្គិរីសាលវន្ត​ក្នុង​ស្រុក​ដង​ទង់ អ្នកស្រី ភឹម សុភា ក៏​បាន​អះអាង​ពី​ការសូកប៉ាន់​ក្នុង​ការជ្រើសរើស​បុគ្គលិក​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការបោះ​ឆ្នោត​ដែរ ។

អ្នកស្រី ភឹម សុភា បាន​មាន​ប្រសាសន៍​ថា ៖ «ចាប់​ត្រឹមពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​បាន​ជាប់ បើ​យើង​អត់​ឲ្យ​លុយ​គេ​អត់​ជាប់ ដូច​ជា​រូប​ខ្ញុំ​ជាដើម»

ចំណែក​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​អង្គ​រមាស​ក្នុង​ស្រុក​ដងទង់​ដែរ គឺ​លោក នុត សុភាព បាន​ធ្វើការ​រិះគន់​នូវ​ដំណើរ​នៃ​ការជ្រើសរើស​ផងដែរ ។

លោក នុត សុភាព បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​បាន​ទៅ​សុំ​ពាក្យ​ដើម្បី​សរសេរ​ដាក់​ធ្វើ​ជា​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត ។ ពេល​ដែល​ខ្ញុំ​សរសេរ​ហើយ​យក​ទៅ​ដាក់​ហ្នឹង គឺ​មន្ត្រី CEC (គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះ​ឆ្នោត) ហ្នឹង គេ​បាន​និយាយ​ថា​សុំ​ភ្ជាប់​លុយ​ទៅ​ម្នាក់​២​ម៉ឺន ។ ហើយ​គាត់​សួរ​ត្រឡប់​មក​វិញ​ថា​តើ​លោកគ្រូ​ចង់​ធ្វើ​អ៊ីចឹង​ឬ​ក៏​ចង់​តាម​ដំណើរ តាម​ព្រេង​សំណាង ? ពួកខ្ញុំ​ឆ្លើយ​ថា​ឥឡូវ​តាម​ដំណើរ​ហ្នឹង​ទៅ ។ អ៊ីចឹង​ពេល​ដែល​លទ្ធផល​ចេញ​មក​កូន​សិស្ស​របស់​ខ្ញុំ​ជាប់ តែ​ខ្ញុំ​៣​នាក់​គ្រូ​ហ្នឹង​ដែល​ជា​អ្នក​អត់​ដាក់​លុយ​ទាំង​៣​ធ្លាក់ ។ ហើយ​ខ្ញុំ​ជា​គ្រួ​ម្នាក់​មក​ពី​ឆ្ងាយ មក​ពី​ខេត្ត​កណ្ដាល មក​បង្រៀន​កូន​សិស្ស​នៅ​ទី​នេះ ប៉ុន្តែ​គេ​អត់​មាន​ឲ្យ​តម្លៃ​ដល់​គ្រូ​ទាល់តែសោះ អ៊ីចឹង​គេ​គិត​ថា​លុយ​២​ម៉ឺន​សំខាន់​ជាង ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្ដាយ អន់​ចិត្ត ហើយ​អស់​កម្លាំង​នឹង​ធ្វើការ​បន្ត​ទៀត»

ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ​ដូន​យ៉យ លោក សូ សីហា បាន​មាន​ប្រសាសន៍​ថា​ការជ្រើសរើស​ត្រូវ​បាន​ធ្វើ​ឡើង​តាម​នីតិ​វិធី ។

លោក សូ សីហា បាន​មាន​ប្រសាសន៍​ថា ៖ «ធម្មតា​ពេល​ដែល​គាត់​គ្មាន​បាន​លទ្ធផល​អី​គាត់​ចេះតែ​ដើរ​និយាយ​ទៅ មាន​បុគ្គលិក​ខាង​ដាក់​ពាក្យ​ហ្នឹង​មក​ធ្វើ​តេស្ត​ហ្នឹង គឺ​យឺត​ពេល​វេលា​មែន គឺ​ប្រហែល​ជា​២០​នាទី ប៉ុន្តែ​កាលបរិច្ឆេទ​របស់​ពួកខ្ញុំ​ហ្នឹង​គឺ​កំណត់​មួយ​ម៉ោង»

ផ្អែក​តាម​ប្រសាសន៍​របស់​អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មាធិការ ខុមហ្វ្រែល ប្រចាំ​ខេត្ត​កំពត និង​ ក្រុង​កែប អ្នកស្រី ទ្រី ឈូន និង​យោង​តាម​របាយការណ៍​របស់​អ្នក​សង្កេតការណ៍​នៃ​គណៈកម្មាធិការ​ ខុមហ្វ្រែល បាន​ឲ្យ​ដឹង​ថា​ករណី​សូកប៉ាន់​ក្នុង​ការជ្រើសរើស​បុគ្គលិក​បោះ​ឆ្នោត​បាន​កើតមាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត​កំពត ៕