ពួកគាត់បានថ្លែងពីទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ ដោយសារតែប្រាក់បៀវត្សរ៍តិច និងទំនិញនានាឡើងថ្លៃខ្ពស់។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា ការជួបជុំគ្នានេះ គឺដើម្បីអបអរទិវាគ្រូបង្រៀនពិភពលោក និងរឭកការចុះហត្ថលេខាលើអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិ (ILO) និងយូណេស្កូ (UNESCO) ស្ដីពីកម្រិតស្ថានភាពគ្រូបង្រៀន។
លោក រ៉ុង ឈុន បន្ថែម ៖ «ការអបអរនេះក៏ជាការជំរុញឲ្យមានការទាក់ទាញពីសាធារណជនជាតិ អន្តរជាតិ ក៏ដូចជារដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់ជុំវិញតួនាទីដ៏មានសារសំខាន់របស់គ្រូបង្រៀន ក្នុងការផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយ»។
នៅក្នុងទិវានោះ គឺក្រុមគ្រូបង្រៀនទាំងអស់បានស្នើទៅរដ្ឋាភិបាលចំនួន ៧ចំណុច រួមមាន៖ ដំឡើងតម្លៃឯកតាសន្ទស្សន៍បៀវត្សរ៍ឲ្យបាន ៣.៥០០រៀល នៅឆ្នាំ២០១២ និងឡើងដល់ ៦.៧០០រៀលនៅឆ្នាំ២០១៥។ ដំឡើងប្រាក់កាំឲ្យបាន ២ម៉ឺនរៀល។ ដំឡើងប្រាក់ថ្ងៃព្រហស្បតិ៍ ឲ្យបានចំនួន ២ម៉ឺនរៀល។ ដំឡើងប្រាក់បន្ថែមម៉ោងឲ្យបានចំនួន ១ម៉ឺនរៀល ដល់ ១៥.០០០រៀល។ ដំឡើងប្រាក់ឧបត្ថម្ភដល់កូន ៣ម៉ឺនរៀល និងប្រពន្ធ ៤៥.០០០រៀលក្នុងមួយខែ។ ផ្ដល់ប្រាក់ឧបត្ថម្ភពេលបុណ្យជាតិ ១៥ម៉ឺនរៀល និងបញ្ឈប់ការរើសអើងចំពោះគ្រូបង្រៀនដែលចូលជារួមជាមួយសមាគម។
គ្រូបង្រៀនដែលបានចូលរួមនៅក្នុងពិធីនោះបានថ្លែងថា ប្រាក់បៀវត្សរ៍តិចនេះ គឺធ្វើឲ្យគ្រូបាត់បង់សីលធម៌ ហើយកម្រិតអប់រំកាន់តែធ្លាក់ចុះ ៖ «អ៊ីចឹងសួថា ប្រាក់ខែដែលលោកឲ្យមកខ្ញុំនេះ គឺអង្គុយគិតទៅធ្វើលេខចែកសាកមើល៍? ៣២ម៉ឺនរៀលចែកនឹង ៣០ថ្ងៃ តើលោកឲ្យខ្ញុំមួយថ្ងៃចាយប៉ុន្មាន? ប្រាក់ខែរបស់ពួកខ្ញុំនេះមិនស្មើឆ្កែប៊ែកហ្សេ ដែលលោកចិញ្ចឹមនៅតាមផ្ទះរបស់លោកផង។ បើធៀបទៅនឹងកម្មកររោងចក្រ ប្រាក់ខែរបស់គ្រូបង្រៀនថា ស្មើនឹងកម្មកររោងចក្រ»។
ក្រោយពីការជួបជុំគ្នានោះ ក្រុមលោកគ្រូ អ្នកគ្រូ ប្រមាណ ៤០០នាក់ បានដង្ហែក្បួនយកញត្តិទៅដាក់ជូនរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរបានបានហាមឃាត់ការដង្ហែក្បួននោះ ដោយអនុញ្ញាតឲ្យមនុស្ស ១៥នាក់ដើម្បីហែក្បួន។
ក្រុមលោកគ្រូអ្នកគ្រូបានដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីរង់ចាំតំណាងក្រសួងមកទទួលអស់រយៈពេលប្រមាណ ២ម៉ោង ហើយបន្តដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា៕
