មេ​បញ្ជាការ​ទាហាន​ខ្មែរ​-ថៃ​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ក្រោយ​ការដក​ទ័ព

មេបញ្ជាការ​យោធា​ថៃ​-ខ្មែរ បាន​ធ្វើការ​ចុះត្រួត​ពិនិត្យ​រួម​គ្នា​ចំពោះ​ស្ថានភាព​ជាក់​ស្ដែង​នៃ​កម្លាំង​កងទ័ព​ទាំង​សង​ខាង​នៅ​តាម​កន្លែង​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​មិញ​បន្ទាប់​ពី​មាន​ការដក​ថយ​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ ចេញ​ពី​ទី​វត្ត​ជា​ទឹកដី​ខ្មែរ​មក។

0:00 / 0:00

មេបញ្ជាការ​កងពល​អន្តរាគមន៍ លេខ​១២ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា​ថា កងទ័ព​ឈុត​ខ្មៅ​ថៃ ជាង ៣៣០​នាក់ បាន​ដក​ចេញ​ពី​ទីវត្ត​ខ្មែរ ហើយ​កងទាហាន​ខ្មែរ ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​បាន​ដក​ចេញ​ដែរ ដោយ​នៅ​ក្នុង​ទី​វត្ត​ខ្មែរ​ពេល​នេះ មាន​ទាហាន​ថៃ​តែ ១០​នាក់​ប៉ុណ្ណោះ ឯ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ វត្តមាន​កងទ័ព​ទាំង​សង​ខាង នៅ​មាន​នៅ​ឡើយ។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការចុះ​ត្រួត​ពិនិត្យ​រួម​គ្នា​របស់​មេបញ្ជាការ​យោធា​ខ្មែរ​-ថៃ គឺ​ដើម្បី​តាម​មើល​ស្ថានភាព​ជាក់ស្ដែង ស្រប​ទៅ​តាម​ភាគី​ទាំង​សង​ខាង​ចង់​បាន ៖ «...​ថ្ងៃ​នេះ ថ្ងៃ​១៧ (សីហា) បាន​ន័យ​ថា នៅ​ដដែល ប៉ុន្តែ​ទូទៅ ឃើញ​ថា ស្ថានភាព​យើង​បាន​កម្លាំង​ច្រើន នៅ​ក្នុង​វត្ត បាន​ន័យ​ថា កម្លាំង​ថៃ​វា​ជាង ៣០០ ឯ​យើង​រហូត​ប្រហាក់​ប្រហែល ៣០០​ជាង​ដែរ​ដូចគ្នា។ ពិនិត្យ​ទាំង​ពី​ការ​រៀបចំ ការ​កែ​សម្រួល តើ​វា​សមស្រប​ហើយ ឬ​នៅ? តើ​មាន​បញ្ហា​អ្វី ដែល​យើង​ត្រូវ​កែ​សម្រួល​បន្ត»

ចំណែក​មេបញ្ជាការ​កង​ទាហាន ស៊ុរៈនារី របស់​ថៃ លោក​ឧត្ដមសេនីយ៍​ត្រី កាណុប នេត្រៈ ថៈវ៉េសានៈ បាន​យល់ស្រប​ចំពោះ​ការដកថយ​របស់​កង​ទាហាន​ទាំង​សង​ខាង​ចេញ​ពី​ទី​វត្ត​ខ្មែរ​នោះ ក៏​ប៉ុន្តែ លោក​បាន​ស្នើសុំ​ឲ្យ​កង​ទាហាន​ខ្មែរ បោះ​ជំរំ​នៅ​ឲ្យ​ឆ្ងាយ​ពី​កង​ទាហាន​ថៃ ដែល​នៅ​សេសសល់​លើ​ទឹក​ដី​ខ្មែរ​នៅ​ឡើយ។

មេបញ្ជាការ​យោធា​ឈុត​ប៉ារ៉ា​និង​ឈុត​ខ្មៅ​របស់​ថៃ ចំនួន​ប្រមាណ ១០​នាក់ ត្រូវ​បាន​មេបញ្ជាការ​ទាហាន​ខ្មែរ​អនុញ្ញាត​ឲ្យ​ដើរ​ចូល​មើល​ថត​រូប​ប្រាសាទ​ព្រះវិហារ​ជា​លើក​ដំបូង កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​កង​ទាហាន​ខ្មែរ​បាន​បិទ​ច្រក​ព្រំដែន យ៉ាង​តឹង​តែង មិន​ឲ្យ​ភ្ញៀវ​ពី​ប្រទេស​ថៃ​ចូល​ទស្សនា ដោយសារ​ទាហាន​ថៃ​បាន​ចូល​លុកលុយ​លើ​ទឹក​ដី​ខ្មែរ និង​ព្រំដែន​តំបន់​នោះ​ជាង​មួយ​ខែ​មក​ហើយ។

ទោះ​យ៉ាង​ណា ស្រប​ពេល​ដែល​កងទាហាន​ថៃ​ច្រើន​រយ​នាក់ បាន​សុខ​ចិត្ត​ដក​ចេញ ក៏​ប៉ុន្តែ នាយ​ទាហាន​ខ្មែរ ដែល​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​ទាហាន​ថៃ នៅ​ខ្សែ​ត្រៀម​ជួរ​មុខ បាន​និយាយ​ថា គេ​នៅ​តែ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​និង​ប្រុង​ប្រយ័ត្ន​ជានិច្ច រហូត​ដល់​កង​ទាហាន​ថៃ​ដក​ចេញ​ពី​ទឹកដី​ខ្មែរ​ទាំងអស់ ៖ «ឲ្យ​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ស្មារតី​ខ្លាំង​ឡើង។ ថៃ​គឺ​វា​មាន​ល្បិចកល​អ្វី​មួយ ព្រោះ​យើង​ធ្លាប់​ដឹង​ហើយ ចរិត​របស់​ពួក​ទាហាន​ថៃ​ហ្នឹង ដូច​នៅ​ប្រាសាទ​តាមាន់ យើង​ឃើញ​ជា​គំរូ​ស្រាប់​ហើយ»

តាម​មេបញ្ជាការ​យោធា​ថៃ ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា កងទាហាន​ឈុត​ខ្មៅ​និង​ប៉ារ៉ា​ជា​ច្រើន​រយ​នាក់​របស់​ថៃ ដែល​កំពុង​នៅ​លើ​ទឹកដី​ខ្មែរ​នៅ​ឡើយ នឹង​ដក​ចេញ​ឲ្យ​អស់ ជា​លើក​ទី​២ បន្ទាប់​ពី​កិច្ច​ចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​គ្រោង​នឹង​ជួប​ជជែក​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា នេះ៕