ក្រុមបាតុករបានទម្លាយរបាំងរាំងរបស់ប៉ូលិសហើយធ្វើដំណើរតម្រង់ឆ្ពោះទៅប្រាសាទព្រះវិហាររបស់ខ្មែរ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍នៅថ្ងៃសៅរ៍នេះថា ការតវ៉ារបស់បាតុករអាវលឿងដែលបានត្រូវគេស្គាល់ថាជាក្រុមសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ជាចលនាស្និទ្ធនឹងរាជានិយមនោះ ធ្វើឡើងនៅពេលដែលក្រុមម្ខាងទៀតដែលពាក់អាវពណ៌ក្រហមជួបជុំគ្នានៅក្រុងបាងកកដើម្បីរំឭកខួបឆ្នាំទី៣នៃរដ្ឋប្រហាររបស់ក្រុមទាហានទម្លាក់ លោក ថាក់ស៊ិន ឈីណាវ៉ាត្រ ពីតំណែងនាយករដ្ឋមន្ត្រីថៃ។
ជាមួយនោះដែរ កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា នៅខេត្តនគរាជសីមា នាព្រឹកថ្ងៃសៅរ៍ ពួកអាវក្រហមយ៉ាងហោច១ពាន់នាក់មកពីខេត្តចំនួន១៩ បានដើរទៅគេហដ្ឋានរបស់លោកឧត្តមសេនីយ៍ ប្រេមទិន ស៊ូឡាណន់ ដែលជាមនុស្សជំនិតនឹងព្រះមហាក្សត្រថៃ។
ទីភ្នាក់ងារព័ត៌មានបារាំងបន្តថា ដោយបារម្ភខ្លាចសកម្មភាពរបស់ក្រុមបាតុករនេះអាចនឹងបង្កបញ្ឆេះទំនាស់វែងឆ្ងាយទៀតជាមួយកម្ពុជា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នបានមានប្រសាសន៍ថា កងសន្តិសុខថៃកំពុងបញ្ចុះបញ្ចូលក្រុមបាតុករឲ្យឈប់តវ៉ា។
លោកនាយករដ្ឋមន្ត្រីថៃបានប្រាប់អ្នកកាសែតនៅក្រុងបាងកកថា លោកបានសុំឲ្យប៉ូលិសនិងទាហានចរចាជាមួយក្រុមបាតុករអាវលឿង។
ខាងកម្ពុជាឯណេះវិញមានព័ត៌មានថា អាជ្ញាធរខ្មែរក៏មានការបញ្ជូនប៉ូលិសប្រឆាំងបាតុកម្មទៅម្តុំប្រាសាទព្រះវិហារហើយដែរ។
កម្ពុជារៀបចំកម្លាំងត្រៀមទប់ទល់នឹងស្ថានការណ៍ដែលមានបាតុកម្មក្នុងដីថៃក្បែរប្រាសាទព្រះវិហារ
កងទាហាន ប៉ូលិសការពារព្រំដែនខ្មែរ បានរៀបចំកម្លាំងប្រុងប្រយ័ត្នរាយបណ្តាក់នៅតាមបន្ទាត់ខ្សែត្រៀមជួរមុខជិតប្រាសាទព្រះវិហារនៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ដើម្បីការពារខ្លួន ខណៈដែលក្រុមបាតុករអាវលឿងរបស់ថៃរាប់ពាន់នាក់បានគំរាមលើកគ្នាមកធ្វើបាតុកម្មទាមទារទឹកដីដែលប៉ុនប៉ងចូលមកតំបន់ប្រាសាទព្រះវិហារ។
ជាមួយគ្នានេះកងប៉ូលិសបង្រ្កាបបាតុកម្មប្រដាប់ដោយខែល ដំបងនិងសត្វឆ្កែមួយចំនួនផង ក៏ត្រូវបញ្ជូនមកឲ្យប្រុងប្រៀបនិងការពារបូរណភាពទឹកដីខ្មែរនៃតំបន់មុខប្រាសាទព្រះវិហារដែរ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ថា កងយោធពលខេមរភូមិន្ទប្រចាំតំបន់ប្រាសាទព្រះវិហារគឺតែងតែប្រុងប្រយ័ត្នជានិច្ចក្នុងការកាពារបូរណភាពទឹកដីខ្មែរជាងមួយឆ្នាំមកហើយ មិនមែនទើបតែពេលនេះទេ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ទៀតថា ស្ថានភាពចំពោះមុខនៅថ្ងៃសៅរ៍នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ប៉ុន្តែក្រុមបាតុករអាវលឿងថៃគឺបានកំពុងឡើងសំដៅមកព្រំដែនខ្មែរ-ថៃនៃតំបន់ប្រាសាទព្រះវិហារមែន ខ្លះនៅស្រុកកាន់ថារ៉ាឡាក់ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ និងខ្លះនៅភូមិស្រល់ចម្ងាយប្រមាណ៧គីឡូម៉ែត្រពីប្រាសាទព្រះវិហារ ប៉ុន្តែត្រូវក្រុមប្រជាពលរដ្ឋថៃនៅតាមជាយដែនមិនសប្បាយចិត្តហើយរួមគ្នាជាមួយកងប៉ូលិស មន្ត្រីស្រុកឃុំ រារាំងក្រុមបាតុករទាំងនោះ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបញ្ជាក់ថា ៖ «នៅចំពោះមុខយើងនេះវាអត់មានអីទេ ធម្មតា គ្រាន់តែបាតុករលឿងមក ប៉ុន្តែចេញពីកាន់ថារ៉ាឡាក់មកទើត្រឹមស្រល់ កម្លាំងរបស់កងទ័ពនិងប៉ូលិស។ ឥឡូវវាទៅជាចលនាប្រជាជនថៃនៅភូមិស្រល់តាមបណ្ដោយព្រំដែនហ្នឹង គឺបងប្អូនប្រជាជនថៃគេអត់ពេញចិត្ត គេប្រមែប្រមូលដឹកនាំដោយលោកមេឃុំ មេភូមិ ស្រុក ខេត្ត ទប់ស្កាត់ពួកបាតុករលឿងមិនឲ្យហ៊ានមកដោះស្រាយបញ្ហាទឹកដីអីទេ គឺទុកឲ្យរដ្ឋាភិបាល»។
មេបញ្ជាការទាហានឈុតខ្មៅមួយរូបដែលគ្រប់គ្រងកម្លាំងនៅតំបន់សំបុកឃ្មុំមុខប្រាសាទព្រះវិហារ លោកវរសេនីយ៍ វិរៈភុង បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រថា កងតម្រួតថៃគឺជាអ្នកទទួលការងាររារាំងបាតុករអាវលឿងថៃទាំងនោះមិនឲ្យចូលមកតំបន់ប្រាសាទព្រះវិហារបានទេ ហើយថា ក្រុមទាហានរបស់លោកមិនមានតួនាទីរារាំងក្រុមបាតុករទាំងនោះទេ។
លោកវរសេនីយ៍ វិរៈភុង បានមានប្រសាសន៍ថា ៖ "ខ្ញុំធ្វើការនៅទីនេះសម្រាប់តែយោធាទេ ចំណែកឯអ្នករារាំងបាតុករមិនឲ្យចូលមកទីនេះគឺជាការងាររបស់ប៉ូលិស"។
កាសែត The Nation នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សរសេរថា មានការបាចខិត្តប័ណ្ណបំផុសប្រជាពលរដ្ឋថៃនៅខេត្តអ៊ូប៊ុននិងខេត្តត្រាតដែលមិនមានដីស្រែចម្ការ ឲ្យចូលរួមធ្វើបាតុកម្មដើម្បីយកដីនៅតាមព្រំដែនខ្មែរ ដែលដីទាំងនោះប្រជាពលរដ្ឋថៃអាចរស់នៅបាន ប្រសិនបើអាជ្ញាធរថៃមិនដេញឲ្យចាកចេញទេ។
កងយោធាខ្មែរបានឲ្យដឹងថា ក្រុមបាតុករនៅតែបន្តព្យាយាមជំរុលចូលមកជិតតំបន់ប្រាសាទព្រះវិហារខ្មែរ ប៉ុន្តែពួកតម្រួតថៃក៏កំពុងព្យាយាមរារាំងជាច្រើនកន្លែងដោយមានការប៉ះទង្គិចគ្នាជាមួយនឹងក្រុមបាតុករទាំងនោះយ៉ាងខ្លាំងក្លា។
ព័ត៌មានបន្ថែមពីស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារ
ទាក់ទងនឹងសភាពការណ៍តានតឹងនៅព្រំដែនខ្មែរថៃនៅតំបន់ប្រាសាទព្រះវិហារដោយសារតែក្រុមបាតុករអាវលឿងថៃរាប់ពាន់នាក់កំពុងធ្វើដំណើរឆ្ពោះមកកាន់តំបន់បា្រសាទព្រះវិហាររបស់ខ្មែរនេះ លោក ហ៊ុយ វណ្ណៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី មានព័ត៌មានបន្ថែមតាមការសាកសួររបស់លោក ជីវិតា ៖
