ឧទ្ធម្ភាគចក្រ​ថៃ​ហោះ​រំលោភ​ចូល​ទឹកដី​កម្ពុជា

ស្នងការ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា យោធា​កម្ពុជា បាន​ប្រើ​កាំភ្លើង​អាការ​បាញ់​គំរាម​ភាគី​ថៃ ដើម្បី​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​ការពារ​បូរណភាព​ទឹកដី ខណៈ​ឧទ្ធម្ភាគចក្រ​របស់​ថៃ ព្យាយាម​ហោះ​រំលោភ​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

0:00 / 0:00

លោក សំ ឃីសង្វៀន ស្នងការ​ខេត្ត​កោះកុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១២ ថា លោក​ទទួល​បាន​របាយការណ៍​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី៣ ថា មាន​ឧទ្ធម្ភាគចក្រ​របស់​យោធា​ថៃ បាន​ព្យាយាម​ហោះ​រំលោភ​ចូល​ទឹកដី​កម្ពុជា តែ​ត្រូវ​បាន​ទាហាន​ខ្មែរ​ឈរ​ជើង​ប្រចាំ​នៅ​តំបន់​ភូមិ​តាំមីន ខេត្ត​កោះកុង ប្រើប្រាស់​កាំភ្លើង​អាការ​បាញ់​ក្នុង​ន័យ​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​ពី​ការ​រំលោភ​លើ​អធិបតេយ្យ​ភាព​របស់​កម្ពុជា៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​អើ​អា​រឿង​យន្តហោះ​ហ្នឹង​ទេ។ ប៉ុន្តែ កាល​ពី​ម្សិលមិញ​ខ្ញុំ​បាន​ទទួល​របាយការណ៍​មួយ​ថា មាន​យន្ត​ហោះ​វា​ហោះ​ពី​តាម​ខ្សែ​បន្ទាត់​ព្រំដែន»

មេ​បញ្ជាការ​រង​វរៈ​ព្រំដែន​៣២៧ ប្រចាំ​ខេត្ត​កោះកុង ដែល​ថ្លែង​ក្នុង​លក្ខណ​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ពិត​ជា​មាន​ឧទ្ធម្ភាគចក្រ​របស់​ថៃ ហោះ​រំលោភ​ចូល​មក​ក្នុង​ទឹកដី​របស់​កម្ពុជា ពិត​មែន កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា។ លោក​បន្ត​ថា តែ​ការ​ហោះហើរ​ឧទ្ធម្ភាគចក្រ​របស់​ភាគី​ថៃ នេះ ពុំ​មែន​ស្ថិត​នៅ​ចំណុច​ទីតាំង​ដែល​លោក​កំពុង​គ្រប់គ្រង​នោះ​ទេ៖ «ឮ​ថា​មានៗ​ហោះ​អ៊ីចឹង​មែន ក៏ប៉ុន្តែ កៀក​ទៅ​ខាង​ព្រំដែន​ពោធិ៍សាត់ ណោះ»

គេហទំព័រ​របស់​កាសែត​ក្នុង​ស្រុក​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៤ តុលា ឲ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​ថៃ បាន​ហោះ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​បន្ទាប់​ពី​យោធា​ខ្មែរ​ឈរ​ជើង​ចំណុច​ភូមិសាស្ត្រ​២២៩ នៅ​ទីតាំង​ភូមិ​តាមីន បាញ់​ព្រមាន​ដោយ​កាំភ្លើង​អាការ​ប្រហែល ១០គ្រាប់ ខណៈ​ឧទ្ធម្ភាគចក្រ​នោះ​ព្យាយាម​ហោះ​សំកាំង​ថត​យក​រូបភាព​ពី​លើ​ទីតាំង​ដែល​យោធា​កម្ពុជា កំពុង​ឈរ​ជើង។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​រក​ឃើញ​ថា ឧទ្ធម្ភាគចក្រ​របស់​ថៃ ព្យាយាម​ហោះ​រំលោភ​ចូល​ក្នុង​អធិបតេយ្យ​ភាព​របស់​កម្ពុជា នេះ ដោយ​លោក​អះអាង​ថា កំពុង​ជាប់​ប្រជុំ។ ពុំ​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ថា ការ​បាញ់​គំរាម​នេះ​បណ្ដាល​ឲ្យ​ឧទ្ធម្ភាគចក្រ​របស់​ថៃ រង​ការ​ខូច​ខាត​នោះ​ទេ។

មេ​បញ្ជាការ​មួយ​ចំនួន​ដែល​ឈរ​ជើង​នៅ​ចំណុច​កើត​ហេតុ ក្នុង​ខេត្ត​កោះកុង មិន​ហ៊ាន​បំភ្លឺ​ទេ​ចំពោះ​ករណី​ភាគី​ថៃ នៅ​តែ​បន្ត​ប្រើប្រាស់​អធិបតេយ្យ​របស់​កម្ពុជា ក្នុង​ការ​ហោះហើរ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ជា​បន្ត​បន្ទាប់​មក​នេះ ដោយ​ពួក​គេ​បញ្ជាក់​ថា​ជាប់​រវល់។

ចំណែក​លោក កុយ គង់ រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​បដិសេធ​ចំពោះ​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ផង​រឿង អើ​អាច​ទាក់​ទង​ទៅ​ក្រសួង​ការពារ​ជាតិ ក្រែង​លោ​គេ​ច្បាស់​រឿង​ហ្នឹង»

យ៉ាង​នេះ​ក្ដី លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​ភាព​រឹងមាំ​របស់​ខ្លួន លើ​បញ្ហា​បូរណភាព​ទឹកដី​ជាមួយ​ប្រទេស​ជិត​ខាង​ឲ្យ​បាន​ខ្លាំងក្លា​តាម​រយៈ​ប្រព័ន្ធ​ច្បាប់​បន្ថែម​ទៀត។ លោក​គិត​ថា នេះ​ជា​ចេតនា​មើល​ស្រាល​របស់​ភាគី​ថៃ មក​លើ​កម្ពុជា៖ «កងទ័ព​សៀម ដែល​ហោះ​ចូល​មក​ហ្នឹង អើ​មាន​ចេតនា​ហើយៗ​គេ​នឹង​ចង់​ធ្វើ​តេស្ដ​សាក​ល្បង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​យើង ថា​តើ​យើង​មាន​អើ​ភាព​រឹងមាំ មាន​ជំហរ​យ៉ាង​ណា ហើយ​អា​ការ​ដែល​ត្បិត​ត្បៀត​ព័ត៌មាន​ហ្នឹង ហើយ​ដែល​យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​យើង​មិន​មាន​ជំហរ​ជាក់លាក់​ណា​មួយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ សម្រាប់​ឧទ្ធម្ភាគចក្រ​របស់​ថៃ ដែល​តែង​ហោះ​រំលោភ​ចូល​ទឹកដី​កម្ពុជា ក្នុង​នោះ​ដោយ​រួម​ទាំង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ភាគី​ថៃ តែង​អនុវត្ត​បែប​នេះ​ជា​បន្តបន្ទាប់។ បើ​ទោះ​ជា​កន្លង​ទៅ​នេះ កម្ពុជា ធ្លាប់​បាន​ដាក់​កំណត់​ទូត​តវ៉ា​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ទង្វើ​បែប​នេះ​ហើយ​ក្ដី តែ​គេ​ពុំ​ដែល​ឃើញ​រដ្ឋាភិបាល​ទីក្រុង​បាងកក អនុវត្ត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។