ពលរដ្ឋ​ខ្មែរ​របួស​ម្នាក់​និង​បាត់​ខ្លួន​ម្នាក់​ក្នុង​ករណី​ទាហាន​ថៃ​បាញ់​ប្រហារ

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ និង​ម្នាក់​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

0:00 / 0:00

ជន​រងគ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ភាគី​ថៃ បាញ់​ប្រហារ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មាន​គ្នា​១៩​នាក់ បាន​ឆ្លង​ដែន​ចូល​ស៊ី​ឈ្នួល​អូស​ឈើ នៅ​ក្នុង​ទឹក​ថៃ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​២៨ ស្ថិត​នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក ហីរ នុល អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី​៣១ ខែ​សីហា ថា ហេតុការណ៍​បាញ់​ប្រហារ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២:៣០​នាទី យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។ លោក​បន្ត​ថា ពួក​គាត់​មាន​គ្នា​១៩​នាក់ បាន​ចូល​ទៅ​ស៊ី​ឈ្នួល​អូស​ឈើ​គ្រញូង​ឲ្យ​គេ។ ប៉ុន្តែ នៅ​ពេល​កំពុង​អូស​ឈើ​ចុះ​ពី​លើ​ខ្នង​ភ្នំ​ដងរែក នៅ​ចំណុច​ក្បែរ​បង្គោល​ព្រំដែន​ខ្មែរ-ថៃ លេខ​២៨ នោះ ស្រាប់​តែ​មាន​សូរ​កាំភ្លើង​ផ្ទុះ​ឡើង។

ពួក​គាត់​មើល​ពុំ​ឃើញ​អ្នក​បាញ់​ប្រហារ​ទេ ប៉ុន្តែ​សន្និដ្ឋាន​ថា គឺ​សមត្ថកិច្ច​ថៃ៖ «ខ្ញុំ​ចុះ​មក​ក្រោម​ផុត​ទៅ អ្នក​នៅ​លើ​ភ្នំ​នៅ​ប្រហែល​៥​ទៅ​៦​នាក់ នៅ​ជុំ​ប្អូន​មួយ​ដែល​ថា​បាត់​ខ្លួន វា​មិន​ដឹង​ថា​មាន​មូលហេតុ​អី បាន​ជា​បាញ់​មនុស្ស​របួស​ម្នាក់​បាត់​ខ្លួន​ម្នាក់។ បាញ់​ប្រហែល​៤​ទៅ​៥​គ្រាប់​ទេ ក្រោយ​មក​មាន​ការ​បាញ់​រះ​ចំៗ​តែ​ម្ដង។ ពួក​ខ្ញុំ​នាំ​គ្នា​រត់​រៀង​ខ្លួន ធ្វើ​ម៉េច​ឲ្យ​បាន​រួច​ខ្លួន ចូល​ដុប​ចូល​ព្រៃ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​គេច​ផុត»

អ្នក​ភូមិ​ប្រាសាទ​ត្បែង ឈ្មោះ សុរិយា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ឈ្មោះ វ៉ុន វន អាយុ​៤៥ឆ្នាំ បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​កើត​ហេតុ​បាញ់​ប្រហារ រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​រក​ឃើញ​ទេ។ ចំណែក​ឯ​អ្នក​របួស​ម្នាក់​ឈ្មោះ ឡេង ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី។ អ្នក​ភូមិ​១៧​នាក់​ផ្សេង​ទៀត បាន​វិល​ត្រឡប់​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។ លោក​បន្ត​ថា លំហូរ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ នៅ​តំបន់​នោះ​នៅ​តែ​កើត​មាន​បន្ត៖ «មក​ពី​ខាង​ឧត្តរមានជ័យ នៅ​អូស្មាច់ ក៏​មាន​មក​ដែរ ខាង​សៀមរាប ក៏​មាន​មក​ដែរ។ អ្នក​អត់​ការងារ​ធ្វើ​ចូល​ទៅ​ក្នុង​ដី​ថៃ ចូល​កាប់​ផង ស៊ី​ឈ្នួល​គេ​ផង មួយ​ថ្ងៃ​ជួន​កាល​មាន​២០០​នាក់ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​តឹងតែង​មក​រាង​ស្រាក់​មនុស្ស​នៅ​សល់​មួយ​ក្រុម​ពីរ​ក្រុម​តូច នៅ​ចុង​ក្រោយ​ដែល​ទៅ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរនតៈ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​វិធានការ​ស្រាវជ្រាវ​រក​មន្ត្រី​ខ្មែរ​ពាក់ព័ន្ធ ដែល​ការពារ​នៅ​ទី​នោះ បើក​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ៖ «បើក​ច្រក​ចេញ​ចូល​របៀប​ហ្នឹង វា​ជា​ការ​ឃុបឃិត​គ្នា វា​តឹង​ទ្រូង​ណាស់​សម្រាប់​សមត្ថកិច្ច​ក្នុង​ខេត្ត ដែល​ខំ​ប្រឹង​ទប់ស្កាត់​អំពើ​ហ្នឹង ក៏ប៉ុន្តែ ពួក​បុគ្គល​វា​ធ្វើ​អំពើ​ផ្ដេសផ្ដាស ដើម្បី​ផល​ប្រយោជន៍​ពួក​វា​ហ្នឹង ហើយ​ធ្វើ​អំពើ​បំពាន​ច្បាប់។ ខេត្ត​កំពុង​មាន​វិធានការ​ស្រាវជ្រាវ​រក​ឃើញ ដក បក​សក្ដិ​ចាប់​ដាក់​គុក​ថែម​ទៀត។ អា​មេ​បញ្ជាការ​ណា​ក៏​ដោយ ពាក់ព័ន្ធ​ឈរ​ជើង​នៅ​ទីតាំង​ហ្នឹង បើ​មិន​ធ្វើ​ក្តៅ​ទេ វា​អត់​បាន​ទេ»

ប្រធាន​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បាន​ថ្លែង​ថា សមាគម​អាដហុក សុំ​ថ្កោល​ទោស​អាជ្ញាធរ​ថៃ ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ។ ទោះ​បី​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ទោស​កំហុស​យ៉ាង​ណា​ក៏​ដោយ ភាគី​ថៃ​គួរ​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់៖ «កន្លង​មក ដែល​យើង​បាន​កត់​ចំណាំ​ឃើញ​ថា ថៃ​នៅ​តែ​បន្ត​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។ សូម្បី​តែ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ និង​អាជ្ញាធរ​ខេត្ត បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទាំង​ពាណិជ្ជកម្ម ទាំង​ការ​អំពាវនាវ សុំ​ឲ្យ​ឈប់​ការ​បាញ់ ហើយ​សុំ​ឲ្យ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ថៃ ហាក់​បី​ដូច​ជា​បញ្ឈឺ​ដល់​រាជ​រដ្ឋាភិបាល​ខ្មែរ ខ្លួន​ឯង​ដំឡើង​សាច់​ដុំ​មើល​ងាយ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ដូច​សំរាម»

បន្ថែម​លើ​នេះ សមាគម​អាដហុក សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​លំហូរ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ដី​ថៃ​ខុស​ច្បាប់ ហើយ​ជៀសវាង​ការ​ឃុបឃិត​គ្នា​បើក​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ ឬ​ក៏​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​ក្នុង​ដី​ថៃ​ទៀត។ កន្លង​មក ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ ត្រូវ​បាន​ថៃ​បាញ់​សម្លាប់​អស់​ជា​ច្រើន​នាក់ ប៉ុន្តែ​ពុំ​មាន​ការ​ប្ដឹង​ភាគី​ថៃ ឲ្យ​ទទួល​ទោស​តាម​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។