វិធី​សាស្ត្រ​ដែល​ឪពុក​ម្ដាយ​ខ្មែរ​ប្រៀន​ប្រដៅ​កូន​ចៅ​នៅ​ផ្ទះ

ក្រុម​អ្នក​សិក្សា​​ស្រាវ​ជ្រាវ​អំពី​វិធី​សាស្ត្រ​ប្រៀន​ប្រដៅ​កូន​ចៅ ​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​ពី​ផ្ទៃ​ម្ដាយ​រហូត​ពេញ​វ័យ​ត្រូវ​ការ​ ថ្នាក់​ថ្នម ប្រាស្រ័យ​ទាក់ទង​តាម​បែប​សន្តិភាព​ ដើម្បី​​ឲ្យ​ខួរ​ក្បាល​រីក​ចម្រើន និង​កាយ​សម្បទា​មាំមួន។

0:00 / 0:00

ផ្ទុយ​ទៅ​វិញ បើ​គេ​ប្រើ​ហិង្សា​ទៅ​លើ​កុមារ កុមារ​នោះ​នឹង​ភ្លេចភ្លាំង​រៀន​មិន​ឆ្លាត។ ប្រការ​នេះ​មាន​សារសំខាន់​ណាស់​ចំពោះ​ឪពុក​ម្ដាយ​គ្រប់​រូប ដែល​ចង់​អប់រំ​កូន​ចៅ​ឲ្យ​ឆ្លាត​ឈ្លាសវៃ។

តើ​ឪពុក​ម្ដាយ​ត្រូវ​ចេះ​ដឹង​អ្វី​ខ្លះ ដើម្បី​អប់រំ​កូន​ឲ្យ​បាន​ល្អ ជាពិសេស​ការ​បីបាច់​ថែរក្សា​កូន ចាប់​តាំង​ពី​ថ្ងៃ​ដែល​កូន​កើត ឪពុក​ម្ដាយ​ត្រូវ​ចេះ​ថ្នាក់ថ្នម​បំពេ​កូន។

ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន គឺ​ជា​ការងារ​លំបាក​មួយ​របស់​ឪពុក​ម្ដាយ ក្នុង​ចំណោម​ការងារ​​ចំពោះ​មុខ​ផ្សេងៗ​ទៀត​ក្នុង​ជីវិត​គ្រួសារ​​និង​ក្នុង​សង្គមជាតិ។​ នៅ​ពេល​ដែល​កូន​កើតមក​ហើយ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ចិញ្ចឹម​ និង​អប់រំ​កូន​ឲ្យ​បាន​ល្អ។

អ្នកស្រី ជួប សាវឿន ជា​ម្ដាយ​មួយ​រូប​នៅ​ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​អំពី​សារៈសំខាន់​នៃ​ការ​បំពេ​កូន​ក្នុង​អង្រឹង ដែល​ម្ដាយ​ទូទៅ​និយម​ធ្វើ​​​តាម​ដូន​តា​នៅ​ក្នុង​សង្គម​ខ្មែរ​អស់​ជា​ច្រើន​សតវត្ស​មក​ហើយ។

អ្នក​ជំនាញ​អប់រំ​ទារក និង​កុមារ ហួយ សុវណ្ណី នាយិកា​ប្រតិបត្តិ​អង្គការ​បំផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា ដែល​ធ្វើ​ការ​អប់រំ​ឪពុក​ម្ដាយ​ឲ្យ​ចេះ​អប់រំ​កូន ដើរ​តាម​ផ្លូវ​ល្អ​ បញ្ជាក់​បន្ថែម​អំពី​សារប្រយោជន៍​នៃ​ការ​បំពេ​កូន​នេះ​ថា សំឡេង​ម្ដាយ​បំពេ មាន​ឥទ្ធិ​ពល​ខាង​បណ្ដុះ​មនោសញ្ចេតនា និង​បណ្ដុះ​ខួរ​ក្បាល​កូន​បណ្ដើរៗ ចាប់​តាំង​ពី​ចាប់​កំណើត បើ​ទោះ​បី​កូន​នោះ​នៅ​មិន​ទាន់​ចេះ​និយាយ ចេះ​ស្ដាប់​ភាសា​ក៏​ដោយ ៖ «ចាស! ភាសា​បំពេ​ហ្នឹង វា​ធ្វើ​ឲ្យ​បើ​និយាយ​អំពី​រឿង​សំឡេង​វា​ពីរោះ​ណា។ នៅ​ពេល​វា​អត់​ចេះ​ស្ដាប់ អត់​ចេះ​និយាយ ពេល​គេ​ស្ដាប់​ទៅ​គេ​ដឹង​ថា ​សំឡេង​ម៉ែ​គេ ហើយ​បង្កប់​ដោយ​ពាក្យ​ថ្នមថ្នាក់»។

អ្នក​ស្រី​ថ្លែង​ថា មាន​ម្ដាយ​ភាគ​ច្រើន​​មិន​បាន​យល់​អំពី​ឥទ្ធិ​ពល​ល្អ​​ទៅ​ដល់​កូន​នៃ​ការ​បំពេ​កូន​នេះ​ទេ ហើយ​អ្នក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​ម្ដាយ​​ទាំង​អស់​បំពេ​កូន​ឡើង ព្រោះ​វា​ជា​ផ្នែក​មួយ​អប់រំ​ទារក​​ខាង​អារម្មណ៍ និង​សិល្បៈ។

ក៏ប៉ុន្តែ ​អ្នក​ស្រី​អះអាង​ថា​ មាន​ម្ដាយ​ភាគ​ច្រើន​មិន​ចេះ​បំពេ​កូន ហើយ​​ស្រែក​សម្លុត ឬ​វាយ​កូន​នៅ​ពេល​កូន​មិន​ព្រម​ដេក ដែល​អ្នក​ស្រី​ថា ធ្វើ​ដូច្នេះ​​នាំ​​ឲ្យ​បាក់​ស្មារតី​ភ័យ​ខ្លាច​ ធំឡើង​ងាប់​ប្រាជ្ញា។

ក៏​ប៉ុន្តែ​មាន​ឪពុក​ម្ដាយ​ជាច្រើន​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ទេ ដោយសារ​​ឪពុក​ម្ដាយ​ខ្លះ​​ខ្មាស​អៀន មិន​ហ៊ាន​ស្រែក​ច្រៀង​បំពេ​កូន ឬ​ក៏​ម្ដាយ​ខ្លះ​មិន​ចេះ​ច្រៀង​បំពេ​កូន។ ទាក់​ទង​ការ​បំពេ​កូន​នេះ អ្នកស្រី អុល សុជាតិ នៅ​ភ្នំពេញ ដែល​ពេល​នេះ មាន​កូន​បី​នាក់​បញ្ជាក់​ថា អ្នកស្រី​ហាក់​ដូច​ជា​យល់​ស្រប​ទៅ​នឹង​ការ​អះអាង​របស់​អ្នកស្រី ហួយ សុវណ្ណី ដែល​ថា ការ​បំពេ​កូន​នេះ ជា​ផ្នែក​មួយ​អប់រំ​ខាង​ចិត្តសាស្ត្រ​របស់​ទារក ឬ​ក្មេង​តូច ដោយ​ផ្អែក​លើ​បទពិសោធន៍​របស់​អ្នក​ស្រី​កន្លង​មក។

អ្នកស្រី អុល សុជាតិ ៖ «ពេល​ដែល​ខ្ញុំ​យោល​កូន​​ម្ដងៗ ក្នុង​អង្រឹង​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បទ​រាំ​វង់ គឺ​បទ​ស្រអែម​ខៀវ​ខ្ចី …ពេល​ខ្ញុំ​ច្រៀង​ចប់​មួយ​បទ​កូន​ខ្ញុំ​គេង​លក់ តែ​បើ​ម៉ាក់​ខ្ញុំ​ច្រៀង​បទ​ផ្សេង​វា​អត់​ដេក»។

នៅ​ក្នុង​សង្គម​គ្រួសារ​ខ្មែរ​បច្ចុប្បន្ន មិន​មាន​ក្បួន​ខ្នាត ឬ​ក៏​សៀវភៅ​អប់រំ​កូន​ចៅ​ជា​ផ្លូវការ​ណាមួយ សម្រាប់​ឲ្យ​ឪពុក​ម្ដាយ​យក​ធ្វើ​ជា​គំរូ​អប់រំ​កូន​ចៅ​ទេ។

វិទ្យុ​អាស៊ី​សេរី​បាន​សម្ភាស​ឪពុក​ម្ដាយ​ជា​ច្រើន អំពី​របៀប​អប់រំ​កូន ហើយ​ចម្លើយ គឺ​ជា​ទូទៅ​ឪពុក​ម្ដាយ​ភាគ​ច្រើន អប់រំ​កូន​តាម​ចាស់​ទុំ តាម​ទំនៀម​ទម្លាប់​តៗ គ្នា ដូច​ជា​រៀន​ពី​ឪពុក​ម្ដាយ មា​មីង ឬ​ក៏​អប់រំ​កូនចៅ តាម​គន្លង​សាសនា​ជា​ដើម។

ឪពុក​ម្ដាយ​ភាគ​ច្រើន បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា គេ​ប្រើ​វិធី​ពីរ​យ៉ាង ដើម្បី​អប់រំ​កូន ដោយ​ប្រើ​ភាសា​ថា «ធម៌​ក្ដៅ និង​ធម៌​ត្រជាក់»។ ធម៌​ត្រជាក់ គឺ​អប់រំ​កូនចៅ​តាម​ពាក្យ​លួង​លោម ផ្អែម​ល្ហែម ហើយ​បើ​កូន​ចៅ​មិន​ស្ដាប់ ឬ​ធ្វើ​តាម គឺ​ប្រើ​ធម៌​ក្ដៅ មាន​ន័យ​ថា វាយ​ទាត់​ធាក់ ជេរ​បញ្ចោរ រហូត​ដល់​ទៅ​ឪពុក​ម្ដាយ​ខ្លះ​ធ្វើ​ទារុណកម្ម​កូន ដូច​ជា​ចង​ហាល​ថ្ងៃ ចង​ដាក់​ឲ្យ​ស្រមោច​ខាំ និង​បង្អត់​បាយ ឬ​ក៏​កាត់កាល់​ចោល​តែ​ម្ដង។

ភាគ​ច្រើន​ការ​អប់រំ​កូន​ដំបូង គឺ​ឪពុក​ម្ដាយ​ផ្ដោត​លើ​សុជីវធម៌ ឲ្យ​ចេះ​គោរព​ចាស់​ទុំ តាំង​ពី​នៅ​តូច ហើយ​បើ​កូន​មិន​ស្ដាប់​ដំបូន្មាន ឪពុក​ម្ដាយ​ភាគ​ច្រើន ច្រើន​ប្រើ​ហិង្សា​លើ​កូន ដូច​ជា​វាយ មួល ឬ​ក្ដិច​ជាដើម។

ជាក់​ស្ដែង​ដូចជា​ម្ដាយ​មួយ​រូប​នេះ ដែល​សុំ​មិន​បញ្ចេញ ឈ្មោះ​រស់នៅ​ទី​ក្រុង​ភ្នំពេញ​ មាន​កូន​ស្រី​អាយុ ៥ ឆ្នាំ យល់​ឃើញ​ថា ការ​វាយ​ដំ​កូន​ក្នុង​ន័យ​ដាក់​ទណ្ឌកម្ម គឺ​ជា​វិធី​សាស្ត្រ​មួយ​ជោគជ័យ និង​ជា​រឿង​ធម្មតា​កើត​មាន​ឡើង​តាំង​ពី​ដូន​តា​មក​ម្ល៉េះ ៖ «អប់រំ​កូន​ កូន​ហ្នឹង​វា​ត្រូវ​ការ​ត្រជាក់​ហើយ​ផ្អែម បើ​ប្រើ​អំពើ​ហិង្សា​លើ​វា វ៉ៃ​តែ​ពេល​ណា​វា​ង៉ក់​ង​មុខ​ភ្ញៀវ វ៉ៃ ដល់​ពេល​ក្រោយ​ទៅ​មាន​ភ្ញៀវ (ប្រាប់​ថា) កូន​មាន​ផ្ញៀវ...​ប្រូច»។

ក្នុង​ពេល​ប្រើ​ហិង្សា​ដាក់​កូន​ដូច្នេះ អ្នក​ម្ដាយ​រូប​នេះ ក៏​មិន​ភ្លេច​បណ្ដាំ​ដូនតា ដែល​ផ្ដាំ​តៗ គ្នា​ថា ក្រៅ​ពី​ប្រើ​ធម៌​ក្ដៅ ឪពុក​ម្ដាយ​​​ត្រូវ​ឲ្យ​ចេះ​លួងលោម ប្រដៅ​កូនចៅ​តាម​ធម៌​ត្រជាក់ ប្រើ​ភាសា​រាបសា​ជា​គំរូ​ល្អ​ឲ្យ​កូន​ធ្វើ​ត្រាប់​តាម នៅ​ពេល​ធំ​ដឹង​ក្ដី ៖ «ម្ដាយ៖ សួរ​កូន​មើល​អ្នក​ណា​បំពេ​កូន ?​ កូន​ឆ្លើយ៖ បំពេ អើ! អើ! កូន​អើយ​គេង ហើយ​ទៅ​រៀន ហើយ​ទិញ​ពង​ទា​ញ៉ាំ»។

ក្រុម​អ្នក​ជំនាញ​អប់រំ​កុមារ និង​យុវជន បាន​ស្ដី​បន្ទោស​ឪពុក​ម្ដាយ​ខ្មែរ​ភាគ​ច្រើន​សព្វ​ថ្ងៃ​ថា ដោយ​ប្រើ​ហិង្សា ដែល​ការ​វាយ​ដំ​កូន​ដូច្នេះ ធ្វើ​ឲ្យ​កូន​ខ្លាច​នឹង​ល្ងង់​ខ្លៅ ហើយ​អំពាវនាវឪពុក​ម្ដាយ​អប់រំ​កូន​តាម​ធម៌​ត្រជាក់​ទើប​កូន​ឆ្លាត​។

លោក កែវ សារ៉ាត់ ប្រធាន​កម្មវិធី​អប់រំ​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា មាន​ប្រសាសន៍​ថា ឪពុក​ម្ដាយ​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​អប់រំ​កូន ចាប់​តាំង​ពី​ពេល​កូន​កើត រហូត​ដល់​អាយុ ៦ ឆ្នាំ ព្រោះ​ថា ក្នុង​អំឡុង​ពេល​នេះ កុមារ​ត្រូវ​ការ​អភិវឌ្ឍន៍​លើ​ផ្នែក​បី​សំខាន់ ដែល​ឪពុក​ម្ដាយ​ចាំ​បាច់​ត្រូវ​ផ្ដល់​ឲ្យ គឺ​​ទំនាក់​ទំនង បំប៉ន​ចំណី​អាហារ និង​ការ​ថ្នាក់ថ្នម​ជា​ទី​បំផុត។

លោក​ថា ក្នុង​រយៈ​ពេល​នេះ ខួរ​ក្បាល​ក្មេង​ត្រូវ​ការ​ភាព​​លូត​លាស់​ប្រមាណ​ពី ៧០% ទៅ ៨០% ប្រៀបធៀប​ទៅ​នឹង​ការ​លូត​លាស់​ខួរ​ក្បាល​របស់​មនុស្ស​ពេញ​វ័យ ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​វ័យ​បន្ទាប់ គឺ​នៅ​ពេល​គេ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា។

លោក កែវ សារ៉ាត់ ៖ «អ៊ីចឹង​ថា ពេល​វេលា​នេះ​សំខាន់​បំផុត។ ជា​ពិសេស ការ​អភិវឌ្ឍន៍​ខាង​ការ​សិក្សា​រៀន​សូត្រ គឺ​ផ្នែក​ខាង​ការ​គិត។ បើ​សិន​ជា​ខួរក្បាល​នោះ​លូតលាស់​មិន​បាន​មាំទាំ​ទៅ​តាម​ស្តង់ដារ​នៃ​ធម្មជាតិ​ទេ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​កូន​ចៅ​នោះ ដូច​ជា​ឪពុក​ម្ដាយ បងប្អូន យាយតា​នោះ ធ្វើ​ឱ្យ​ខួរ​ក្បាល​នោះ លូតលាស់​មិន​បាន​តាម​ស្តង់ដារ​ធម្មជាតិ។ អ៊ីចឹង ពេល​កូន​ក្មេង​នោះ​ទៅ​រៀន យើង​ថា​ក្មេង​នោះ​ភ្លេច​មុខ​ភ្លេច​ក្រោយ។ តាម​ពិត​ការ​ភ្លេច​មុខ ភ្លេច​ក្រោយ​នេះ មិន​មែន​ដោយសារ​កូន​ក្មេង​នោះ​វា​ភ្លេច​ទេ គឺ​ដោយសារ​កត្តា​មួយ​ចំនួន ដែល​ខ្វះខាត​ពី​អាយុ ០ (សូន្យ) ទៅ​អាយុ ១ ឆ្នាំ និង ២ ឆ្នាំ​ហ្នឹង»។

លោក​ថា ការ​ប្រែប្រួល​វ័យ​របស់​ទារក ចាប់​ពី​ថ្ងៃ​ចាប់​កំណើត​រហូត​ពេញវ័យ​អាយុ ១៨ ឆ្នាំ មាន​ការ​ប្រែប្រួល​ជា​លំដាប់ ពោល​គឺ​មាន​ការ​ប្រែប្រួល​ពី​ថ្ងៃ​កើត​ដល់​អាយុ ៦ ខែ និង​ពី ៦ ខែ​ដល់ ១២ ខែ ពី ១ ឆ្នាំ​ទៅ ២ ឆ្នាំ, ពី ២ ឆ្នាំ​ទៅ ៣ ឆ្នាំ, ពី ៣ ឆ្នាំ​ទៅ ៥ ឆ្នាំ, ពី ៥ ឆ្នាំ​ទៅ ៩ ឆ្នាំ, ពី ១០ ឆ្នាំ​ទៅ ១៣ ឆ្នាំ និង​ពី ១៤ ទៅ ១៨ ឆ្នាំ។

ចំណុច​​ទាំង​នេះ​លោក​ថា មាន​សារសំខាន់​ណាស់​ចំពោះ​ឪពុក​ម្ដាយ​ទាំង​ឡាយ ត្រូវ​យល់​ដឹង​អំពី​ការ​ប្រែប្រួល​តាម​កាលៈទេសៈ​និមួយៗ ហើយ​ត្រូវ​យល់​ដឹង​អំពី​របៀប​អប់រំ និង​ថែទាំ ទើប​កូន​ទទួល​បាន​ការ​អប់រំ​ល្អ​ទៅ​អនាគត៕