រថយន្ត​ដឹក​ឈើ​ប្រណីត​ក្រឡាប់​​ខណៈ​ប៉ុន​ប៉ង​ដឹក​ចេញ​ពី​រតនគិរី

ឈើ​ធ្នង់​អារ​ជា​ជ្រុង​ជាង ៥០​កំណាត់ ធ្លាក់​ចេញ​ពី​រថយន្ត​មួយ​ដែល​បាន​ក្រឡាប់​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៤​ជិត​ភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មិថុនា ឆ្នាំ​២០០៩ ខណៈ​ដែល​ឈើ​នោះ​ត្រូវ​បាន​គេ​ប៉ុន​ប៉ង​ដឹក​ជញ្ជូន​ចេញ​ពី​ទីក្រុង​បាន់លុង​ខេត្ត​រតនគិរី​ដោយ​លួច​លាក់។

0:00 / 0:00

វិទ្យុ​អាស៊ីសេរី​បាន​ទៅ​ដល់​ទី​កើត​ហេតុ​និង​សង្កេត​ឃើញ​រថយន្ត​ដឹក​ជញ្ជូន​មួយ​ក្រឡាប់​ផ្ងារ​ជើង​នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​ជិត​អតីត​រោង​អារ​ឈើ​តៃវ៉ាន់​ចាស់ ស្ថិត​ក្នុង​ភូមិ​មួយ​ក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន់លុង ដោយ​មាន​មន្ត្រី​ព្រៃ​ឈើ​ខេត្ត​កំពុង​ត្រួត​ពិនិត្យ​និង​ធ្វើការ​រឹប​អូស​ឈើ​នាំ​មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ។

អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ឈ្មោះ ជា អាន បញ្ជាក់​ថា គាត់​ជា​អាជីវករ​មាន​លំនៅ​ឯ​ទីក្រុង​ភ្នំពេញ បាន​ប្រមូល​ទិញ​ឈើ​ពី​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត ហើយ​មាន​បំណង​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​សាង​សង់​លំនៅ​និង​ធ្វើ​គ្រឿង​សង្ហារិម ក៏​ប៉ុន្តែ​ទទួល​ស្គាល់​ថា មិន​មាន​ច្បាប់​អនុញ្ញាត​ក្នុង​ការ​ចរាចរ​ឈើ​នោះ​ទេ ៖ «ច្បាប់​វា​អត់​មាន​ទេ គ្រាន់​តែ​ថា យើង​អាច​ទៅ បើ​តាម​ផ្លូវ​គេ​ទាន់ ឲ្យ​គេ​ចាយ​ខ្លះ​ទៅ បើ​មិន​ទាន់​ក៏​ហី​ទៅ»

នេះ​គឺ​ជា​ការ​រក​ឃើញ​សកម្មភាព​ចរាចរណ៍​ឈើ​ខុស​ច្បាប់​ចេញ​ពី​ខេត្ត​រតនគិរី ក្នុង​ចំណោម​សេចក្តី​រាយការណ៍​ពី​សហគមន៍​មូលដ្ឋាន​ដែល​បាន​អះអាង​ថា ឈើ​នៅ​តែ​មាន​លួច​កាប់​ចេញ​ពី​ព្រៃ ហើយ​ត្រូវ​ឈ្មួញ​ជា​ច្រើន​ក្រុម​មាន​ខ្នង​បង្អែក​អ្នក​មាន​អំណាច ប្រមូល​ទិញ​និង​ដឹក​ជញ្ជូន​ឥត​ឈប់​ឈរ​ចេញ​ពី​ខេត្ត​រតនគិរី នា​វេលា​យប់​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​និង​តាម​ផ្លូវ​ជាតិ​លេខ​៧៨ ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក យ៊ូកាន វិមាន មិន​អត្ថា​ធិប្បាយ​ពិស្តារ​ជុំវិញ​សកម្មភាព​ចរាចរណ៍​ឈើ​នោះ​ទេ ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ៖ «រដ្ឋបាល​ព្រៃ​ឈើ​មូលដ្ឋាន​ខ្ញុំ​កំពុង​ចាត់ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ព្រៃ​ឈើ»

មិន​ទាន់​មាន​ប្រភព​អះអាង​ណា​មួយ​បញ្ជាក់​ថា ឈើ​នោះ​កាប់​ចេញ​ពី​តំបន់​ណា​ពិត​ប្រាកដ​នោះ​ទេ ក៏​ប៉ុន្តែ​មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​គឺ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដែល​មាន​ភារកិច្ច​ការពារ​និង​ទប់​ស្កាត់​រាល់​បទ​ល្មើស​ព្រៃ​ឈើ។

លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ដូច្នេះ​ថា ៖ «បើ​សិន​ជា​មិន​មាន​ការ​ក្រឡាប់​ទេ ឈើ​ហ្នឹង​ប្រហែល​ជា​ទៅ​ដល់​ភ្នំពេញ​បាត់​ហើយ។ អបិយ​ជំនឿ​យើង​ថា កាល​ណា​ធ្វើ​អាក្រក់​បាន​អាក្រក់ ធ្វើ​អំពើ​បាប គង់​ថ្ងៃ​ណា​មួយ​អំពើ​បាប​របស់​ខ្លួន​ត្រូវ​គេ​ទាន់​ទេ។ យើង​សូម​ទាមទារ​ឲ្យ​មាន​ការ​ផ្ដន្ទា​ទោស។ ឈើ​ហ្នឹង​គឺ​កើត​ឡើង​ពី​ការ​ប្រព្រឹត្ត​កាប់​រំលំ»

កាល​ពី​ឆ្នាំ​២០០៦ អាជ្ញាធរ​ខេត្ត​រតនគិរី ចាប់​បាន​ករណី​ចរាចរណ៍​ឈើ​ប្រណីត​មួយ​រថយន្ត​ធំ ជាង​១០​ម៉ែត្រ​គូប​ដោយ​ឈ្មួញ​ដែល​ប្រើប្រាស់​ឈ្មោះ​សាច់​ញាតិ​លោក​នាយក​រដ្ឋមន្ត្រី​គំរាម​មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​នោះ ហើយ​បន្ទាប់​មក រថយន្ត​ដឹក​ឈើ​ត្រូវ​គេ​សម្រួល​ឲ្យ​ដឹក​ឈើ​ចេញ​ពី​ខេត្ត​ដោយ​ពុំ​មាន​ច្បាប់។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​អ្នក​ការពារ​ព្រៃ​ឈើ​ក្នុង​ខេត្ត​លោក ជុ សាវ៉ាត និយាយ​ថា នៅ​ក្នុង​សប្តាហ៍​នេះ ឈើ​ជា​ច្រើន​ឡាន​ធំ​ត្រូវ​គេ​ប្រទះ​ឃើញ​ដឹក​ជញ្ជូន​ចេញ​ពី​ស្រុក​វ៉ឺនសៃ និង​ស្រុក​តាវែង ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្នុង​គម្រោង​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​ឡើយ៕