ទូត​ខ្មែរ​ចោទ​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​ស.រ.អា.​គ្មាន​តម្លាភាព

ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក (ស.រ.អា.) បាន​ថ្លែង​ចោទ​ប្រកាន់​គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៃ​សភា​កុងហ្ក្រេស សហរដ្ឋ​អាមេរិក ថា​ជា​ក្រុម​គ្មាន​តម្លាភាព។

លោក​ឯកអគ្គរាជទូត ហែម ហេង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន មាន​ប្រសាសន៍​កាល​ពី​ព្រឹក​មិញ​នេះ ក្រោយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​១០​ចំណុច​បំភ្លឺ​សាធារណជន​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា។

លោក ហែម ហេង បាន​ឲ្យ​ដឹង​ថា ៖ «គណៈកម្មការ​នេះ​បាន​អញ្ជើញ​តែ​គណបក្ស​ប្រឆាំង ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ធ្វើ​ជា​សាក្សី​ទេ គេ​មិន​បាន​អញ្ជើញ​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ទេ។ ដូច្នេះ​បញ្ជាក់​ថា គណៈកម្មការ​នេះ​លម្អៀង​ទៅ​ហើយ គ្មាន​តម្លាភាព​ទេ។ ដូច្នេះ​អ្នក​រៀបចំ​គណៈកម្មការ​នេះ​រៀបចំ​លម្អៀង គាំទ្រ​គណបក្ស​ប្រឆាំង​ស្រេច​ទៅ​ហើយ ដូច្នេះ​ហើយ​បាន​ជា​ស្ថានទូត​ចេញ​នូវ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី​ជម្រាប​សាធារណជន​ទាំងអស់​ឲ្យ​ជ្រាប​អំពី​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នីតិរដ្ឋ​នៅ​កម្ពុជា សេរីភាព​ខាង​សារព័ត៌មាន ឯករាជ​ភាព​របស់​តុលាការ និង​អំពី​បញ្ហា​ដី​ធ្លី ដើម្បី​បញ្ជាក់​សាធារណជន​ឲ្យ​បាន​ជ្រាប»

សេចក្តី​ថ្លែងការណ៍​បាន​រៀបរាប់​អំពី​ភាព​ជឿនលឿន​នៃ​ការ​ពង្រឹង​និង​ពង្រីក​សេរីភាព​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ដោយ​បាន​បង្ហាញ​ថា សព្វថ្ងៃ​កម្ពុជា​មាន​អង្គការ​សង្គម​ស៊ីវិល​រាប់​ពាន់ ក្នុង​នោះ​គ្រាន់តែ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក៏​មាន​មិន​តិច​ជាង​១១​អង្គការ​ដែរ ដូចជា NDI និង IRI ជាដើម រួមទាំង​ការិយាល័យ​អគ្គ​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ផង។

ស្តីពី​សេរីភាព​ខាង​ផ្នែក​ព័ត៌មាន កម្ពុជា​មាន​កាសែត​និង​ទស្សនាវដ្តី​ជិត​៦០០​ស្ថានីយ វិទ្យុ​៤០ និង​ទូរទស្សន៍​ដល់​ទៅ​៧​ប៉ុស្តិ៍។ ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា មាន​វិទ្យុ​សំឡេង​អាមេរិក VOA វិទ្យុ​អាស៊ីសេរី RFA និង ទូរទស្សន៍ CNN ជាដើម ហើយ​បាន​ចោទ​គណបក្ស​ប្រឆាំង​ថា​ជា​អ្នក​បំភ្លៃ​ការ​ពិត។

លោក ហែម ហេង បាន​បញ្ជាក់​ថា ៖ «ដឹង​ស្រាប់​ហើយ​ថា នៅ​កម្ពុជា​សព្វថ្ងៃ​នេះ សិទ្ធិ​មនុស្ស​ក្ដី ទាំង​ប្រជាធិបតេយ្យ​ក្ដី ទាំង​នីតិរដ្ឋ​ក្ដី គឺ​តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​យើង​ចាប់ផ្ដើម​ទទួល​លទ្ធិ​ប្រជាធិបតេយ្យ​មក រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ប្រជាជន​ទាំងអស់​គឺ​គោរព​ណាស់ ហើយ​រដ្ឋធម្មនុញ្ញ​របស់​យើង​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពហុបក្ស ដែល​ទទួល​ស្គាល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ចាំបាច់​ដទៃៗ​ទៀត។ តាំង​ពី​នោះ​មក​លទ្ធិ​ប្រជាធិបេតយ្យ​ហ្នឹង​បាន​រីក​ចម្រើន ហើយ​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ក៏​វិវត្តន៍​យ៉ាង​ខ្លាំង​ដែរ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅតែ​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​មនុស្ស នេះ​គឺ​ជា​ការ​បង្កាច់​បង្ខូច​ការ​អនុវត្ត​ប្រជាធិបេតយ្យ អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

សូម​រំឭក​ថា នៅ​មិន​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​នេះ គណៈកម្មការ​សិទ្ធិ​មនុស្ស Tom Lantos នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក នឹង​បើក​សវនាការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិធានការ​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​ត្រូវ​រាយការណ៍​ថា​បាន​បង្រ្កាប​សកម្មជន ដោយ​រួម​ទាំង​អ្នក​នយោបាយ​ក្នុង​គណបក្ស​ប្រឆាំង​ដែល​បាន​បញ្ចេញ​មតិ​កន្លង​មក និង​បញ្ហា​រឹបអូស​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ផង។

សាក្សី​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ផ្តល់​កសិណ ក្នុង​ពេល​សវនាការ​នេះ មាន​រួម​ទាំង​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពត គឺ​លោកស្រី មូរ សុខហួរ, ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ គឺ​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្កេក និង​លោក មឿន តុលា ប្រធាន​កម្មវិធី​ពលកម្ម​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​ផង៕