នៅក្នុងឆ្នាំថ្មី២០១០នេះ រដ្ឋាភិបាលនៅតែចាត់ទុកវិស័យទេសចរណ៍ជាមុខព្រួញសំខាន់ក្នុងការបង្កើនថវិកាជាតិ បើទោះបីវិស័យនេះកំពុងទទួលរងនូវផលប៉ះពាល់ខ្លះពីវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ។
តើរដ្ឋាភិបាលរំពឹងលើចំណុចអ្វីខ្លះក្នុងវិស័យទេសចរណ៍ដែលអាចចាត់ទុកជាចំណុចវិជ្ជមានក្នុងការទាញយកផលពីវិស័យទេសចរណ៍នោះ?
ទាក់ទិននឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះវិស័យនេះ ហើយចាត់ទុកចំណុចអាទិភាពក្នុងការស្រូបយកចំណូលក្នុងថវិកាជាតិ។ លោកនាយករដ្ឋមន្រ្តីខ្មែរមានជំនឿចិត្តបែបនេះ ដោយសារលោកពឹងផ្អែកលើអត្រាភ្ញៀវទេសចរណ៍អន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងជាលំដាប់។
លោក ហ៊ុន សែន ថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ភ្នំពេញ-ដេហ្គូឃ្យុងបុក នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មករាថា ភ្ញៀវទេសចរអន្តរជាតិបានចូលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០០៨ មាន២.០២៥.៤៦៤នាក់ បើប្រៀបធៀបទៅឆ្នាំ២០០៧ គឺកើនឡើង ៥,៥% ហើយក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០០៩ គឺមានជាង១.៩២0.000នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ គឺកើនឡើង ១,៦%។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា ការកើនឡើងនៃភ្ញៀវទេសចរបរទេសនេះ បានធ្វើឲ្យចំណូលថវិកាជាតិក៏មានការកើនឡើងដែរ ៖ «ចំណូលពីវិស័យទេសចរកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលបានកើនឡើងពី ៥៧៨លានដុល្លារនៅឆ្នាំ២០០៤ ដល់ ១.៥៩៤លានដុល្លារឆ្នាំ២០០៨ ផ្ដល់ការងារប្រមាណជាង៣០ម៉ឺននាក់ និងរួមចំណែកប្រមាណជាង ១២,៥% នៃផលិតផលសរុបក្នុងស្រុក»។
លោកបន្តថា ចំណូលពីវិស័យទេសចរណ៍គឺជាការចាក់បញ្ចូលភ្លាមៗនូវរូបិយប័ណ្ណបរទេសក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ដែលជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ហើយចំណូលនេះជ្រាបចូលគ្រប់សមាសភាពស្ថាប័នសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានកំណើនទេសចរណ៍ជាបន្តបន្ទាប់នេះ គឺដោយសារតែប្រទេសកម្ពុជាមានស្ថិរភាពល្អប្រសើរខាងផ្នែកនយោបាយនិងសន្តិសុខសង្គម។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖ «ដោយហេតុថា ព្រះរាជាណាចក្រកម្ពុជាយើងមានសក្ដានុពលយ៉ាងធំធេងស្រាប់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើមូលដ្ឋាននៃធនធានវប្បធម៌ ប្រវត្តិសាស្រ្ដធម្មជាតិនិងការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន រួមជាមួយនឹងគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍និងវិស័យឯកជនក្រោមគោលនយោបាយទេសចរណ៍»។
តំណាងរាស្រ្តបក្សប្រឆាំង លោក យឹម សុវណ្ណ បានទទួលស្គាស់ថា វិស័យទេសចរណ៍ជាប្រភពចំណូលមួយដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមគ្រួសារកម្ពុជា។ ប៉ុន្តែលោកបានសង្កេតឃើញថា កន្លងមកចំណូលពីវិស័យទេសចរណ៍មិនបានចូលក្នុងខ្ទង់ថវិកាជាតិប៉ុន្មានទេ ហើយប្រជាពលរដ្ឋគេឃើញថា ពួកគាត់បានទទួលផលតិចតួចបំផុតពីវិស័យទេសចរណ៍។
បញ្ហានេះលោក យឹម សុវណ្ណ បានពន្យល់យ៉ាងដួច្នេះថា ៖ «សព្វថ្ងៃថវិកាចូលរដ្ឋកើន ប៉ុន្តែវាអត់សមាមាត្រទៅនឹងកំណើនទេសចរពិតប្រាកដទេ ពីព្រោះបើយើងពិនិត្យមើលផលប្រយោជន៍ពីទេសចរណ៍ គឺថា នរណាបានផលប្រយោជន៍ពីហ្នឹង? គឺប្រជាពលរដ្ឋខ្មែរយើងបានតិចតួចណាស់។ យើងក្រឡេកមើលសណ្ឋាគារ ភាគច្រើនជាសណ្ឋាគាររបស់ក្រុមហ៊ុនបរទេស។ យើងក្រឡេកមើលក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអ្នកនាំភ្ញៀវ ភាគច្រើនជាក្រុមហ៊ុនរបស់បរទេស។ ការចូលទៅទស្សនាអង្គរវត្តជាក្រុមហ៊ុនរបស់ខ្មែរ ក៏ប៉ុន្តែដោយសារតែអត់មានការដាក់ឲ្យដេញថ្លៃប្រគល់សិទ្ធិក្នុងការធ្វើអាជីវកម្មហ្នឹង ធ្វើឲ្យប្រាក់ចំណូលចូលរដ្ឋវាតិច។ អ៊ីចឹងយើងឃើញមានការវិវឌ្ឍទៅ ប៉ុន្តែប្រាក់ចំណូលដែលយើងទាញបានពីវិស័យទេសចរណ៍ហ្នឹង គឺថា តិចតួចបំផុតដែលធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋខ្មែរពិតប្រាកដ ហើយយើងមើលវិស័យអាកាសចរណ៍។ វិស័យអាកាសចរណ៍ខ្មែរយើងអត់មានអាកាសចរណ៍ខ្លួនឯងទេ ទើបតែបង្កើតថ្មីៗនេះ មានអាកាសចរណ៍ជាមួយនឹងក្រុមហ៊ុនវៀតណាមទៀត។ ក្រុមហ៊ុនវៀតណាមគេក្ដោបក្ដាប់ជាងពាក់កណ្ដាល ហើយក្រៅពីនោះក៏ក្រុមហ៊ុនថៃនិងក្រុមហ៊ុនបរទេសទាំងអស់»។
លោកបន្តថា បើតាមសក្តានុពលធនធានធម្មជាតិ សម្បត្តិវប្បធម៌ខ្មែរដែលមានស្រាប់មកនោះ ប្រទេសកម្ពុជាគួរតែទទួលបានការគាំទ្រពីភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏ជាង១លាននាក់ដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ចំនួនភ្ញៀវទេសចរមកកម្ពុជាមានចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងប្រទេសជិតខាង។
លោក យឹម សុវណ្ណ មានប្រសាសន៍បន្តថា ៖ «ប្រទេសជិតខាងយើងអត់សូវមានប្រាសាទ អត់សូវមានកន្លែងលំហែ កន្លែងកម្សាន្តអីច្រើនទេ។ ដូចនៅវៀតណាមអត់មានប្រាសាទអីទាំងអស់ ឃើញមានតែធម្មតា មានតាមទីក្រុង មានកែលម្អទីក្រុង កែលម្អអីប៉ុណ្ណឹងទេ។ ប្រទេសថៃប្រាសាទក៏មិនមានដូចប្រទេសកម្ពុជាយើង ប៉ុន្តែគេទាក់ទាញទេសចរក្នុងមួយឆ្នាំៗជាង១០លាននាក់ ដោយសារគេមានហេដ្ឋារចនាសម្ព័ន្ធ ដោយសារគេមានតំបន់ទេសចរណ៍ច្រើន ដោយសារគេមានអនាម័យ បរិស្ថានល្អ ដោយសាររដ្ឋាភិបាលនិងប្រជាពលរដ្ឋគេមានបដិសណ្ឋារកិច្ចណាស់ ហើយតម្លៃគេក៏ថោកទៀត។ អ៊ីចឹងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង គឺយើងខ្សោយជាងគេ យើងចាញ់គេ ហើយយើងអត់មានខិតខំប្រឹងប្រែងកែលម្អទេ រស់ទៅតាមសាមាជីវោ បានប៉ុន្មានយកប៉ុណ្ណឹងទៅ បើថាធ្វើអ្វីឲ្យប្លែកដើម្បីទាក់ទាញឲ្យបានច្រើន គឺគ្មានទេ»។
សហប្រធានវិស័យទេសចរណ៍ផ្នែកឯកជន លោក ហូរ វណ្ឌី បានទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរណ៍ពីបរទេសចូលមកទស្សនាកម្ពុជា កាលពីឆ្នាំ២០០៩ គេឃើញមានកំណើនកើនពិតមែន ប៉ុន្តែកើនតែតួលេខនៃចំនួនភ្ញៀវទេ រីឯការចំណាយនិងការស្នាក់នៅរបស់ភ្ញៀវទេសចរគឺមានរយៈពេលខ្លីនិងពុំសូវមានលុយកាក់គ្រប់គ្រាន់ក្នុងការចាយវាយឡើយ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍យល់ស្របចំពោះការលើកឡើងរបស់សហប្រធានវិស័យទេសចរណ៍ផ្នែកឯកជន លោក ហូរ វណ្ឌី។
លោកបន្តថា កម្ពុជាគួរតែមានការកែទម្រង់ប្រព័ន្ធគ្រប់គ្រងទេសចរណ៍ ធ្វើយ៉ាងឲ្យមានតម្លាភាពក្នុងវិស័យនេះ និងត្រូវលុបបំបាត់អំពើពុករលួយ បញ្ហាអសន្តិសុខសង្គមដែលគំរាមកំហែងដល់ភ្ញៀវទេសចរណ៍ ព្យាយាមធ្វើឲ្យថ្លៃដើមផលិតផលទាប អភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ឧទ្យានជាតិ បណ្តុះបណ្តាលធនធានមនុស្សនិងត្រូវលើកទឹកចិត្តឲ្យមានក្រុមហ៊ុនទេចរណ៍ក្នុងស្រុកច្រើន ហើយរឹតត្បិតចំពោះក្រុមហ៊ុនបរទេសដែលមករកស៊ីបែបទុច្ចរិតនៅកម្ពុជា។
នៅកម្ពុជាក្រៅពីរាជធានីភ្នំពេញ គេឃើញមានខេត្តពីរដែលជាតំបន់ទេសចរណ៍លេចធ្លោជាងគេ គឺខេត្តសៀមរាបនិងខេត្តព្រះសីហនុ ដែលគេចាត់ទុកថា ជាបេះដូងនៃតំបន់ទេសចរណ៍កម្ពុជា៕