អ.ស.ប.​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​បញ្ឈប់​ការ​យាយី​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន

ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នៃ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហៅ​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​រតនគិរី ឲ្យ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ចូល​ខ្លួន​បំភ្លឺ​ពី​បទ​ឃុប​ឃិត​ញុះញង់ ថា​ជា​អំពើ​បំភិត​បំភ័យ​និង​គំរាម​កំហែង​មក​លើ​អ្នក​កាសែត។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា http://cambodia.ohchr.org/។
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា http://cambodia.ohchr.org/។ (Photo: RFA)

0:00 / 0:00

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា តុលាការ​ខេត្ត​រតនគិរី​បាន​កោះ​ហៅ​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វីសាល និង​លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជា​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ថា​ជា​រឿង​មិន​ប្រក្រតី។

លោក អ៊ូ វីរៈ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ជា​ការ​ព្យាយាម​ដើម្បី​គំរាម​កំហែង​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ទាំង​អស់​នេះ ដូច្នេះ​ប្រហែល​ជា​អាច​មាន​ព័ត៌មាន​មួយ​ចំនួន​ដែល​ចៅក្រម​ទាក់ទង​ករណី​នេះ ព្យាយាម​ដើម្បី​បិទ​បាំង»

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខាង​លើ បាន​អំពាវនាវ​ម្តង​ទៀត​បញ្ឈប់​នៃ​ការ​យាយី​និង​គំរាម​កំហែង​ចំពោះ​អ្នក​សារ​ព័ត៌មាន​និង​សកម្មជន​សិទ្ធិ​មនុស្ស ហើយ​សុំ​ឲ្យ​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី​ជាមួយ​សហគមន៍​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ដី​ធ្លី​ប្រសើរ​ជាង ដើម្បី​ដោះស្រាយ​វិវាទ​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់​និង​យុត្តិធម៌​ដែល​មាន​ចែង​ក្នុង​ច្បាប់។

លោក រដ្ឋា វីសាល ដែល​ជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើប​អង្កេត​ខេត្ត​រតនគិរី លោក ថោ សារ៉ន បាន​ចេញ​ដីកា​កោះហៅ​លោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នេះ ថា​ជា​រឿង​កំហឹង​ផ្ទាល់​ខ្លួន​និង​ជា​ការ​គំរាម​កំហែង ៖ «គាត់​ខឹង​ខ្ញុំ​ពី​រឿង​ផ្សាយ​ព័ត៌មាន​តែ​ម្ដង គាត់​គួរ​តែ​ប្ដឹង​ខ្ញុំ​ពី​រឿង​ផ្សាយ​ដំណឹង​មិន​ពិត តែ​គាត់​យក​អំណាច​គាត់​ក្នុង​នាម​ជា​ចៅក្រម​ស៊ើប​អង្កេត​មក​កោះ​ហៅ​យើង ដើម្បី​ធ្វើ​ការ​គំរាម​កំហែង​ស្មារតី​យើង ដើម្បី​ជា​ការ​ត​ថ្លៃ​កុំ​ឲ្យ​យើង​ហ៊ាន​សរសេរ​រឿង​គាត់​ទៀត»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ចៅក្រម​ស៊ើប​អង្កេត​ខេត្ត​រតនគិរី លោក ថោ សារ៉ន តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា។

លោក រដ្ឋា វីសាល បាន​បញ្ជាក់​ថា លោក ថោ សារ៉ន បាន​ចេញ​ដីកា​កោះហៅ​លោក គឺ​នៅ​បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​ចុង​ក្រោយ​កាល​ពី​ពេល​ថ្មី​ៗ អំពី​លោក​ចៅក្រម​រូប​នេះ​បាន​ស្នើ​សុំ​ដី​ចំនួន​១០០​ហិកតារ​ក្នុង​ស្រុក​លំផាត់​ដើម្បី​ចិញ្ចឹម​គោ ប៉ុន្តែ​បែរ​ជា​មាន​ដីកា​កោះហៅ​លោក​ពី​បទ​ឃុប​ឃិត​ក្នុង​ការ​ញុះ​ញង់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន D.M. Group ដែល​ជាប់​គាំង​តាំង​ពី​យូរ​នោះ​មក​វិញ។

សេចក្តី​ថ្លែង​ការណ៍​ខាង​លើ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចេញ​ដីកា​កោះ​ហៅ​នេះ គឺ​ជា​លេស​មួយ​ដើម្បី​គំរាម​កំហែង​បន្ថែម​ទៀត​ដល់​អ្នក​ទាំង​ពីរ​ខាង​លើ ហើយ​ក៏​ជា​ការ​យាយី​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ពួក​គេ​ប្រឆាំង​នឹង​អំពើ​រំលោភ​ដី​ធ្លី​នៅ​តំបន់​នោះ ដែល​កំពុង​កក្រើក​ឡើង។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ដាក់​លិខិត​ទៅ​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​រួច​ហើយ ដើម្បី​សុំ​ឲ្យ​ស៊ើប​អង្កេត​អំពី​ករណី​ខាង​លើ៕