ក្មេង​ស្រី​អាយុ ១៦​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ទទួល​រង​អំពើ​អនាចារ

ដោយ​មាន​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​កូន​ស្រី ដែល​រង​ការប្រព្រឹត្ត​អំពើ​អនាចារ​យ៉ាង​ព្រៃផ្សៃ​នោះ ម៉េត ហ្វា អាយុ ៥៣​ឆ្នាំ ត្រូវ​ជា​ឪពុក​បាន​ចេញ​មុខ​ប្តឹង​ទៅ​តុលាការ​ខេត្ត​បាត់ដំបង​ប្រឆាំង​បុរស​វ័យ​ចំណាស់​ពីរ​នាក់ និង​មនុស្ស​ស្រី​តែង​ខ្លួន​ជា​ប្រុស​ម្នាក់។

0:00 / 0:00

ពាក្យ​បណ្តឹង​របស់​លោក ម៉េត ហ្វា នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០០៨ ដាក់​ជូន​លោក អ៊ុយ សំភារ ព្រះរាជអាជ្ញារ​រង​តុលាការ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​កម្មវត្ថុ​ប្តឹង​បុរស ឈ្មោះ ប៊ុន លី អាយុ ៥៣​ឆ្នាំ ឈ្មោះ យិន ហ៊ត អាយុ ៥៧​ឆ្នាំ នៅ​ឃុំ​អូរចារ និង​ឈ្មោះ តូច សារ៉ន ហៅ ធំ នៅ​ឃុំ​ចម្ការ​សំរោង ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។

លោក ម៉េត ហ្វា បាន​ចោទ​ថា ឈ្មោះ តូច សារ៉ន ហៅ ធំ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ប្រើ​ល្បិច​នាំ​កូន​ស្រី​របស់​លោក ឈ្មោះ ហ្វា រ៉ហ្វ៊ី អាយុ ១៦​ឆ្នាំ ទៅ​ស៊ី​ផឹក​ជាមួយ​ឈ្មោះ ប៊ុន លី និង​ឈ្មោះ យិន ហ៊ួត នៅ​ក្នុង​ហាង​ជ្រៃកោង ខេត្ត​បាត់ដំបង។ ផឹកស៊ី​រួច ពួកគេ​បាន​នាំ ហ្វា រ៉ហ្វ៊ី ទៅ​ចូល​ខារ៉ាអូខេ​នៅ​ហាង​ប៉ាស៊ីហ្វិក​ណៃ ហើយ​បាន​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​ញៀន​និង​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​រូប​នាង។

លោក ម៉េត ហ្វា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ព្រោះ​ធ្វើ​មក​លើ​កូន​ខ្ញុំ​វា​ហួសហេតុ​ពេក បាន​ជា​ខ្ញុំ​ចេញ​ប្តឹង ឲ្យ​ច្បាប់​រក​យុត្តិធម៌​កុំ​ឲ្យ​ជនល្មើស​ហ្នឹង​ប្រព្រឹត្ត​អំពើ​អ៊ីចឹង​ត​ទៅ​ទៀត»

លោក ធាន ស៊ុនហេង ត្រូវ​ជា​ពូ​ជន​រង​គ្រោះ ហ្វា រ៉ហ្វ៊ី ដែល​បាន​ឃើញ​ក្មួយ​ស្រី នៅ​ក្រោយ​ត្រូវ​គេ​ប្រព្រឹត្ត​អំពើ​អនាចារ​ទៅ​លើ ហើយ​ត្រូវ​បាន​ឈ្មោះ តូច សារ៉ន ហៅ ធំ ដឹក​តាម​ម៉ូតូ​នោះ បាន​រៀបរាប់​ថា ៖ «អា​ធំ​បាន​ជិះ​ម៉ូតូ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​បាន​ឱប ហើយ​នាង​ខ្លួន​ទន់​ទៅ​លើ​ម៉ូតូ​អស់​ហើយ តាម​សម្ដី​អា​ធំ​ថា ស្រវឹង​ប៊ីយ៊ែរ ប៉ុន្តែ​ទៅ​មន្ទីរពេទ្យ​ព្យាបាល ពេទ្យ​ថា ត្រូវ​ថ្នាំ​ពុល ជាតិ​ថ្នាំ​ងងុយ​ដេក​អី​អ៊ីចឹង»

ហ្វា រ៉ហ្វ៊ី អាយុ ១៦​ឆ្នាំ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដឹង​ខ្លួន​ឡើង​វិញ បាន​រៀបរាប់​ពី​សកម្មភាព​បុរស​វ័យ​ចំណាស់​ទាំង​ពីរ​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​រូប​នាង​ក្នុង​ហាង​ខារ៉ាអូខេ ថា ៖ «គេ​យក​ខ្ញុំ​ទៅ លូក​លាន់​លិច​កើត គេ​ច្របាច់ ហើយ​គេ​លូក​ក្នុង​ប្រដាប់​ភេទ»

លោកស្រី សៅ រៀម ម្តាយ ហ្វា រ៉ហ្វ៊ី បាន​រៀបរាប់​ពី​ហេតុការណ៍​ដែល​កូន​របស់​លោកស្រី​បាន​ប្រាប់​ទាំង​ក្តី​អស់​សង្ឃឹម​ថា ៖ «និយាយ​ពី​កូន​ខ្ញុំ និយាយ​ឲ្យ​ចំ​ទៅ វា​អស់​ភាព​បរិសុទ្ធ​ហើយ មិន​ដឹង​ថា វា​ធ្វើ​យ៉ាងម៉េច​ពេល​ដែល​វា​មិន​ដឹង​ខ្លួន​នោះ វា​សន្លប់ ដល់​ពេល​ដឹង​ខ្លួន​មែន​ទេន វា​និយាយ​ថា វា​ដោះ​អាវ​ទ្រនាប់​អី​កូន​ខ្ញុំ ហើយ​កាល​ពី​មក​ដំបូង គឺ​ដោះ​អី​ហ្នឹង ជាំ​ទាំងអស់»

ជា​មួយ​គ្នា​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ប្តឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៨ ត្រូវ​បាន​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​កោះហៅ​សាក​សួរ​និង​សម្រប​សម្រួល​ប្រគល់​ប្រាក់​ចំនួន ២០០០​ដុល្លារ ប៉ុន្តែ​លោកស្រី សៅ រៀម ម្តាយ​ជន​រង​គ្រោះ​បញ្ជាក់​ថា លោកស្រី​ទទួល​បាន​តែ ១៦០០​ដុល្លារ ចំណែក ៤០០​ទៀត ត្រូវ​បាន​នគរបាល​ដក​យក។

អ្នកស្រី សៅ រៀម មាន​ប្រសាសន៍​ថា ៖ «ដក​អស់ ៤០០ ហ្នឹង​ទៅ គេ​ឲ្យ​ខ្ញុំ​ដក​ពាក្យ​បណ្តឹង​ថា ថ្ងៃ​ក្រោយ​គ្មាន​ពាក្យ​ប្តឹង​គេ​ត​ទៅ​ទៀត គេ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចសន្យា​ផ្តិត​មេដៃ ហើយ​របាយការណ៍​សរសេរ​កាល​ពី​ថ្ងៃ​មុន ដែល​ថា រំលោភ ចាប់​ដោះ កូន​ខ្ញុំ​វា​លាត់​ដោះ​កូន​ខ្ញុំ​បៅ​អី​ហ្នឹង គេ​អត់​និយាយ​ទេ គេ​លប់​អស់​ហើយ​គេ​ដាក់​ពាក្យ​សា​ថ្មី»

ទោះ​បី​មាន​ការអះអាង​បញ្ជាក់​យ៉ាង​នេះ​ក៏​ដោយ លោក ប៊ុន វណ្ណារ៉ា អនុប្រធាន​នៃ​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​បដិសេធ​ថា មិន​មាន​ការ​សម្រប​សម្រួល​និង​ការ​យក​លុយ ៤០០​ដុល្លារ​ពី​ជន​រង​គ្រោះ​នោះ​ទេ ៖ «ខាង​យើង​ខ្ញុំ​អត់​បាន​ធ្វើការ​សម្រប​សម្រួល​ទេ ហើយ​ក៏​មិន​បាន​ដក​លុយ​គាត់​ពី​ការ​បង់​អី​ហ្នឹង​ដែរ គឺ​ខាង​យើង​ខ្ញុំ​អត់​បាន​ដឹង​ទេ»

លោក ធាន ស៊ុនហេង ជា​ពូ​របស់ ហ្វា រ៉ហ្វ៊ី បាន​ថ្លែង​អះអាង​ថា ក្រៅ​ពី​ការសម្រប​សម្រួល​គ្នា​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ជន​ល្មើស​ទាំង​បី​នាក់ ក៏​បាន​ពឹង​ពាក់​មន្ត្រី​នៃ​ការិយាល័យ​នោះ​ទូរស័ព្ទ​មក​ចរចា​ជាមួយ​រូប​លោក​ថែម​ទៀត ៖ «ប៉ូលិស​បាន​ទូរស័ព្ទ​ចូល​ខ្ញុំ ហើយ​គេ​គ្រាន់​តែ​ថា ខាង​ជន​ល្មើស ឈ្មោះ ហ៊ួត ឈ្មោះ លី និង ឈ្មោះ ធំ បាន​មក​និយាយ​ជាមួយ​ប៉ូលិស ឲ្យ​បញ្ចប់​​រឿង ហ្នឹង​គេ​សុំ​ជា​សំណង​អី​ណា»

ការិយាល័យ​អង្គការ​លីកាដូ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង បាន​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់ចត់​លើ​ករណី​នេះ ហើយ​បាន​បង្ហាញ​ថា ការសម្រុះ​សម្រួល​ជា​ប្រាក់​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្នុង​ករណី​នេះ មិន​អាច​រំលត់​បណ្តឹង​អាជ្ញា​បាន​ទេ ហើយ​បាន​ធ្វើ​លិខិត​អន្តរាគមន៍​រួមគ្នា​មួយ​បន្ថែម​ទៀត ទៅ​លោក អ៊ុយ សំភារ ព្រះរាជ​អាជ្ញា​ឲ្យ​ចាត់ការ​រឿង​នេះ។

លោក យិន ម៉េងលី មន្ត្រី​អង្គការ​អាដហុក​បាន​ថ្លែង​ថា៖ «យើង​មាន​ចម្ងល់​ថា តើ​របាយការណ៍​នោះ ពាក់ព័ន្ធ​នឹ​ការ​អសមត្ថភាព​របស់​ប៉ូលិស ឬ​ក៏​ការ​មិន​មាន​ចេតនា​ក្នុង​ការ​រៀបចំ​សំណុំ​រឿង ពីព្រោះ​របាយការណ៍​វា​មាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង ទៅ​លើ​អ្វី​ដែល​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ កំពុង​រៀប​រាប់​នៅ​ពេល​បច្ចុប្បន្ន​នេះ ហើយ​ក៏​ផ្ទុយ​គ្នា​នឹង​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ អ៊ីចឹង ខ្ញុំ​សូម​ឲ្យ​មាន​ការ​បង្កើត​នូវ​គណៈកម្មការ​មួយ អង្កេត​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់​លើ​បញ្ហា​នេះ យើង​មិន​អាច​យក​របាយការណ៍​របស់​ប៉ូលិស ដែល​ខ្ញុំ​អាច​និយាយ​ពាក្យ​សាមញ្ញ​ថា ដូច​ជា​ការ​សរសេរ​លេង​របស់​កូន​ក្មេង​នោះ»

លោក អ៊ុយ សំភារ ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ភាគី​ជន​រង​គ្រោះ​និង​លិខិត​អន្តរគមន៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទំាង​ពីរ កាល​ពី​ថ្ងៃ​សុក្រ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចាត់ការ​ទេ រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​ជា​បឋម​ជា​មុន​សិន ៖ «បញ្ចូល​បណ្ដឹង​ថ្មី​នេះ ចូល​ទៅ​ក្នុង​សំណុំ​រឿង​ចាស់ អ៊ីចឹង​ខ្ញុំ​នឹង​ហៅ​គាត់​មក​ឆ្លើយ​បំភ្លឺ តើ​យក​ចម្លើយ​មួយ​ណា​ជា​ចម្លើយ​ពិត​ប្រាកដ និង​ធ្វើការ​សន្និដ្ឋាន»

លោក យ៉ាត គឹមសាន មន្ត្រី​ការពារ​សិទ្ធិ​កុមារ​នៃ​អង្គការ​លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ៖ «ខ្ញុំ​សំណូម​ពរ​ដែរ ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​តែ​យើង​ទាំង​អស់​គ្នា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ប្រសើរ»

លោក សៀង សុតថង អភិបាល​រង​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​មាន​ប្រសាសន៍​ថា ការប្រព្រឹត្ត​របស់​អង្គភាព​នគរបាល គឺ​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក សៀង សុថង បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ព្រោះ​ខ្ញុំ​អត់​គាំទ្រ​សកម្មភាព​របៀប​ហ្នឹង​ទេ ចុះ​បើ​ករណី​អី​ក៏​សម្រួល​ៗ ជន​ល្មើស​វា​នៅ​ពាសពេញ​ដី​ហ្នឹង ប៉ុន្តែ​ខ្ញុំ​ថ្កោល​ទោស​ចំពោះ​អា​ណា​មួយ​ដែល​ធ្វើ​មិន​ល្អ។ ហើយ​ទី​២​ទៀត ច្បាប់​មើល​ឃើញ​ថា ពិសេស ទៅ​ដល់​ដៃ​ព្រះរាជអាជ្ញា​ហើយ បើ​ព្រះរាជ​អាជ្ញា​ធ្វើ​ត្រឹមត្រូវ ចៅក្រម​កាត់​ក្តី​ធ្វើ​ត្រឹមត្រូវ វា​ដោយ​អា​ប៉ូលិស​ហ្នឹង​ដែរ ដោយ​ហើយ​មិន​អ៊ីចឹង រឿង​អី​ថា​មិន​ដោយ»