ពលរដ្ឋ​អាមេរិក​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ស្បែក​ខ្មៅ​លើក​ដំបូង​បង្អស់

បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក Barack Obama បាន​ប្រកាស​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ម្សិលមិញ។

លោក Barack Obama ដែល​មាន​អាយុ​៤៧​ឆ្នាំ គឺ​ជា​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​លើក​ដំបូង​បង្អស់​ហើយ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នោះ។

លោក Barack Obama ក្រោយ​ការ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ភ្លាមៗ បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រជាជន​អាមេរិក​ដែល​បាន​បោះឆ្នោត​គាំទ្រ​រូប​លោក​និង​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ប្រមាណ​ជាង ២​សែន​នាក់​នៅ​ក្នុង​ក្រុងChicago រដ្ឋ Illinoisកាល​ពី​យប់​មិញ​ថា ការ​ផ្លាស់ប្តូរ​បាន​ឈាន​មក​ដល់​សហរដ្ឋ​អាមេរិក​នោះ​ហើយ។

លោក Barack Obama មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ផ្លូវ​នៅ​ចំពោះ​មុខ​វែង​ឆ្ងាយ​ណាស់។ ផ្លូវ​ដែល​យើង​ត្រូវ​ឡើង ក៏​មាន​ចំណោត​ណាស់​ដែរ។ យើង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ​តែ​រយៈពេល​តែ​មួយ​ឆ្នាំ ឬ​សូម្បី​តែ​មួយ​អាណត្តិ​នោះ​ឡើយ។ ខ្ញុំ​មិន​ដែល​មាន​សង្ឃឹម​ខ្លាំង​ដូច​វេលា​យប់​នោះ​ទេ។ ខ្ញុំ​សូម​សន្យា​នៅ​ចំពោះ​មុខ​អ្នក​ទាំង​អស់​គ្នា​ថា យើង​គង់​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ»។

ជ័យជំនះ​លើ​ការ​បោះឆ្នោត​កាល​ពី​យប់​មិញ បាន​ញ៉ាំង​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​លោក John McCain បាន​សុខចិត្ត​យល់​ព្រម​ទទួល​ចាញ់។

លោក Barrack Obama បាន​ថ្លែង​ថា លោក John McCain បាន​ទូរស័ព្ទ​មក​រូប​លោក ហើយ​សន្យា​ថា នឹង​ជួយ​ចំពោះ​រូប​លោក​ផង​ដែរ ៖ «ខ្ញុំ​ទើប​បាន​ទទួល​ការហៅ​ទូរស័ព្ទ​ពី​សមាជិក​ព្រឹទ្ធ​សភា​លោក John McCain ដែល​បាន​តស៊ូ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​យុទ្ធនាការ​ដ៏​វែង​មក​នេះ​ដើម្បី​ប្រទេស​ជាតិ​ដែល​លោក​បាន​ស្រឡាញ់។ ខ្ញុំ​បាន​ស្វាគមន៍​ចំពោះ​គាត់ និង​ចំពោះ​លោកស្រី​អភិបាល​រដ្ឋ Palin ចំពោះ​អ្វី​ដែល​គេ​សម្រេច​បាន ហើយ​ខ្ញុំ​សង្ឈឹម​ថា នឹង​ធ្វើការ​ជាមួយ​អ្នក​ទាំង​២ ដើម្បី​ការ​សន្យា​របស់​ខ្ញុំ​ថា នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​ល្អ​សា​ឡើង​វិញ»។

សេចក្តី​រាយការណ៍​ពី​ទូរទស្សន៍ ស៊ី.អិន.អិន. (CNN) អាមេរិក បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ប្រធានាធិបតី ប៊ូស្ហ ក៏​បាន​ទូរស័ព្ទ​ទៅ​លោក Barack Obama ដើម្បី​សម្តែង​កិច្ច​ស្វាគមន៍​ផង​ដែរ។ លោក​ប្រធានាធិបតី ប៊ូស្ហ បាន​អញ្ជើញ​លោក អូបាម៉ា ទៅ​ទស្សនកិច្ច​នៅ​សេតវិមាន​ប្រធានាធិបតី​នៅ​គ្រា​ណា​ដែល​មាន​ការ​រៀបចំ​រួច​រាល់៕